កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់​​ប៉ះ​​អា​ហ្ស​ង់​​ទីន​​ដើម្បី​​ដណ្តើម​ពាន​ រី​ឯ​​ប្រេ​ស៊ី​ល​​ និង​​ហូ​ឡង់​​បាន​​ត្រឹម​​ប្រជែង​​យក​​លេខ​​បី​
11, Jul 2014 , 8:51 pm        
រូបភាព
ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក(FIFA World Cup) ឆ្នាំ២០១៤នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយដោយ​អាល្លឺម៉ង់ និង​អា​ហ្ស​ង់​ទីន​ត្រូវ​ប្រជែង​គ្នា​យក​ជើងឯក ខណៈ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​និង​ហូ​ឡង់​ប៉ះគ្នា​ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​បី។



ស្តាប់សំឡេង



ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​និង​អា​ហ្ស​ង់​ទីន​មានឱកាស​ជួបគ្នា​ជា​លើក​ទី៧ក្នុង​ព្រឹត្តិការណ៍ World Cup ហើយក៏​ជា​លើក​ទី​បី​ផងដែរ​ដែល​ក្រុម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ឡាទីន ត្រូវ​ប៉ះគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ មុននឹង​ឈានដល់​ដំណាក់កាល​នេះ អាល្លឺម៉ង់ បានទទួល​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​លើ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ក្នុង​លទ្ធផល ៧-១ មុនពេល​ដែល​អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​ហូ​ឡង់​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ការប្រកួត១២០នាទី​ពេញ​ដែល​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី។

នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​កន្លងមក អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​អាល្លឺម៉ង់​ខាងលិច​ក្នុង​លទ្ធផល ៣-២ ក្នុង​ឆ្នាំ១៩៨៦ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ហើយ​បួន​ឆ្នាំ​ក្រោយមក អាល្លឺម៉ង់​ខាងលិច ដណ្តើមបាន​ពាន​វិញ​ជាមួយនឹង​ជ័យជម្នះ ១-០ នៅ​ប្រទេស​អ៊ីតាលី។

សម្រាប់​ព្រឹត្តិការណ៍ World Cup ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ៧លើក​រួចមកហើយ ដែល​ក្នុងនោះ ពួកគេ​បានឈ្នះ​ពាន​ចំនួន​បី​លើក​គឺ​ក្នុង​ឆ្នាំ១៩៥៤ ឆ្នាំ១៩៧៤ និង​ឆ្នាំ១៩៩០ ខណៈ​អា​ហ្ស​ង់​ទីន​បាន​ឈាន​មកដល់​វគ្គ​នេះ​ចំនួន៤លើក ជាមួយនឹង​ការ​ឈ្នះ​ពាន២លើក នា​ឆ្នាំ១៩៧៨ និង​ឆ្នាំ១៩៨៦ ។

ប្រសិនបើ​អាល្លឺម៉ង់​ទទួល​ជ័យជម្នះ​នោះ វា​នឹង​ក្លាយជា​ការទទួលបាន​ពាន World Cup ជា​លើកដំបូង បើ​គិត​ចាប់តាំងពី​ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែ​រ​ឡាំង ដែល​នាំ​ឲ្យ​មានការ​បង្រួបបង្រួម​គ្នា​រវាង​អាល្លឺម៉ង់​ខាងលិច និង​អាល្លឺម៉ង់​ខាងកើត នា​ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ ។

ស្របពេល​ដែល​អា​ហ្ស​ង់​ទីន​ស្វែងរក​ឱកាស​លើក​ពាន​ជា​លើក​ទី​បី​ក្នុងនាម​ជា​ក្រុម​ដ៏​ជោគជ័យ​ទី​ពីរ​ប្រចាំ​តំបន់​អាមេរិក​ឡាទីន បន្ទាប់ពី​ប្រេ​ស៊ី​ល​នោះ អាល្លឺម៉ង់​ចង់​ក្លាយជា​ក្រុម​អឺរ៉ុប​ទីមួយ​ដែល​ឈ្នះ​ពាន​នៅលើ​ទឹកដី​អាមេរិក​ឡាទីន។ អា​ហ្ស​ង់​ទីន​មិនអាច​បំភ្លេចបាន​ឡើយនា​ជំនួប​ជាមួយ​អាល្លឺម៉ង់​ដែល​បាន​ទម្លាក់​ពួកគេ​ចេញពី​វគ្គ១/៤ផ្តាច់ព្រ័ត្រ​នាពីរ​លើកចុងក្រោយ​កន្ល​ង​មកនេះ ពោលគឺ​ក្នុង​ឆ្នាំ២០០៦ និង​ឆ្នាំ២០១០ បើទោះបីជា​ក្រុម​នៅ​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ បាន​យកឈ្នះ ៣-១ ក្នុងការ​ប្រកួត​មិត្តភាព​កាលពី​ខែសីហា ឆ្នាំ២០១២ កន្លងមក​ក៏ដោយ។

ក្នុងចំណោម​កីឡាករ​ដែលមាន​វត្តមាន​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំ២០១៤នេះ កីឡាករ​មួយចំនួន​នៃ​ក្រុម​ទាំងពីរ​ធ្លាប់បាន​បង្ហាញខ្លួន​រួចទៅហើយ​នា​ជំនួប​ពីរលើក​កន្លងមក គឺ​នៅ​ឆ្នាំ២០០៦ និង២០១០ ។ ខ្សែប្រយុទ្ធ​អាល្លឺម៉ង់ Moroslav Klose ដែល​ទើបបាន​បំបែក​កំណត់ត្រា​ថ្មី​ក្នុងនាម​ជា​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​នៅ World Cup ដែលមាន​រហូតដល់​ទៅ១៦គ្រាប់​នោះ ធ្លាប់បាន​ទម្លាយ​សំណាញ់​ទី​រប​ស់អា​ហ្ស​ង់​ទីន១គ្រាប់​ក្នុង​ឆ្នាំ២០០៦ និង២គ្រាប់​ទៀត​នៅ​ឆ្នាំ២០១០ ។

លោកស្រី​ប្រធានាធិបតី​ប្រេ​ស៊ី​ល Dilma Rouseff បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​ដែល​កំពុងមាន​ឧស្សាហកម្ម​រីកលូតលាស់​ថ្មី ហៅថា​កាត់​ថា BRICS ក្នុងនោះ​មាន​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន​និង​អាហ្វ្រិក​ខាងត្បូង​ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ។ តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល Gisele Bundchen និង​កីឡាករ​អេ​ស្ប៉ា​ញ Carles Puyol នឹង​យកពាន​ទៅ​ដាក់​បង្ហាញ​នៅមុន​ការប្រកួត ខណៈ​លោកស្រី Rouseff នឹង​ទទួល​ភារ​ជា​អ្នក​ប្រគល់​ពាន​ដល់​ក្រុម​ដែល​ទទួលបាន​តំណែង​ជើងឯក។

នៅមុន​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ដែល​ធ្លាប់​ឈ្នះ​ជើងឯក៥សម័យ​កាលនោះ ត្រូវ​តទល់​ជាមួយ​ហូ​ឡង់​ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​បី​នៅក្នុង​ទីក្រុង Brasilia នា​វេលា​ម៉ោង៣យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ (ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា) ខណៈ​ជំនួប​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កីឡដ្ឋាន Maracana ក្នុង​ទីក្រុង Rio de Janeiro នា​វេលា​ម៉ោង២យប់ ថ្ងៃអាទិត្យ ឈានចូល​ថ្ងៃ​ចន្ទ។

ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា «កម្មវិធី​គ្រួសារ​បាល់ទាត់​ពិភពលោក» ដោយ​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​អបអរ​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​អាល្លឺម៉ង់ និង​អា​ហ្ស​ង់​ទីន ផងដែរ។ កម្មវិធី​ដែលមាន​ការប្រគំ​តន្ត្រី និង​ការលេង​ល្បែង​កំសាន្ត​នោះ​ត្រូវ​ចាប់ផ្តើម​ពី​វេលា​ម៉ោង៩យប់ រហូតដល់​ម៉ោង៥ទៀបភ្លឺ​ដោយ​អ្នករៀបចំ​កម្មវិធី​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ដោយ​សេរី​នៅ​សួនច្បារ  តេ​ជោ​មាស តេ​ជោ​យ៉​ត មុខ​វត្ត​ឧណ្ណាលោម៕


© រក្សាសិទ្ធិដោយ thmeythmey.com