កីឡាអន្តរជាតិ
អន្តរជាតិ
MH17៖ Newcastle នឹង​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​ពីររូប​ដែល​បាន​ស្លាប់
19, Jul 2014 , 11:26 pm        
រូបភាព
ដោយ: រួបរួម
ក្លិប​កីឡាបាល់ទាត់ Newcastle របស់​អង់គ្លេស​នៅតែមាន​ក្តី​សោកសៅ​ចំពោះ​ការបាត់បង់​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់ខ្លួន​ពីររូប ដែល​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ២៩៨នាក់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ MH17 នៃ​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែរ​ឡាញ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។



លោក John Alder និង Liam Sweeney បាន​ស្ថិតក្នុង​យន្តហោះ MH17 ដើម្បី​ទៅ​មើល​ការប្រកួត​មុន​បើក​រដូវ​កាល​របស់ Newcastle នៅក្នុង​ប្រទេស​នូ​វែ​ល សេ​ឡង់។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក Alder វ័យ៦០ឆ្នាំ​ដែល​តុបតែង​រាងកាយ​ដូច​ជើង​ខ្លាំង​កីឡាកាស «The Undertaker» តែងតែ​មើល​ការប្រកួត​របស់ Newcastle ជា​រៀងរហូត​បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៧៣មក រីឯ Sweeney ធ្លាប់​បម្រើការ​ស្ម័គ្រចិត្ត​លើ​រថយន្ត​សម្រាប់​ក្រុម​អ្នកគាំទ្រ​នៅពេលដែល​ក្រុម​ចេញទៅ​ប្រកួត​នៅក្រៅ​ដី។ អ្នក​ទាំងពីរ​មិន​ត្រឹមតែ​មើល​ការប្រកួត​ក្នុង​ឈុត​ធំ​នោះឡើយ បន្ថែម​ពីលើ​នេះ ពួកគេ​តែងតែ​ទៅ​គាំទ្រ​ក្រុម​បម្រុង និង​ក្រុមយុវជន​របស់​ក្លិប​ផងដែរ។

ក្រៅពី​ចេញ​សេចក្តីថ្លែងការណ៍​រំលែក​ទុក្ខ ក្លិប Newcastle បានរៀបចំ​ឲ្យ​មាន​ពិធី​ដាក់​កម្រងផ្កា​នៅ​ផ្នែក​ខាងក្រៅ​នៃ​កីឡដ្ឋាន St James’s Park នៅក្នុង​ទីក្រុង Newcastle ផងដែរ។ Newcastle នឹងមាន​ការប្រកួត​មិត្តភាព​ចំនួន​ពីរ​នៅក្នុង​ប្រទេស​នូ​វែ​ល សេ​ឡង់ ដោយ​ថ្ងៃទី២២ ខែកក្កដា ត្រូវ​ប៉ះ​ជាមួយ Sydney FC ហើយ៤ថ្ងៃ​ក្រោយមក ត្រូវ​ជួប Wellington Phoenix។

លោក Alan Pardew គ្រូបង្វឹក Newcastle និង​ក្រុម​កីឡាករ​នៅ​ពាក់​ក្រណាត់​ពណ៌​ខ្មៅ​នៅលើ​ដៃ​នា​អំឡុង​នៃ​ការប្រកួត​មិត្តភាព​ទាំងពីរ​នេះ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ទាំងពីរ​រូប​រប​ស់​ខ្លួន។

លោក Pardew បាន​និយាយថា រូបលោក និង​កីឡាករ​ទាំងអស់​មាន​ក្តី​សោកសៅ​យ៉ាង​ក្រៃលែង​ចំពោះ​ដំណឹង​នៃ​ការបាត់បង់​អ្នកគាំទ្រ​ទាំង​ពីររូប។ «យើងទាំងអស់គ្នា​ដឹង​ច្បាស់​ពី​ការគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់ John និង Liam ចំពោះ​ក្រុម និង​ក្លិប​ទាំងមូល» នេះ​ជាការ​កត់សម្គាល់​របស់​អ្នកចាត់ការ​ក្លិប Newcastle៕




© រក្សាសិទ្ធិដោយ thmeythmey.com