កីឡាអន្តរជាតិ
អន្តរជាតិ
Schalke តែង​តាំង​អតីត​គ្រូ​បង្វឹក Chelsea លោក Di Matteo ជា​អ្នក​ចាត់​ការ​ទូទៅ
08, Oct 2014 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Chelsea និង West Bromwich Albion លោក Roberto Di Matteo ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉ង់ Schalke​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​វ័យ​៤៤​ឆ្នាំ​រូប​នេះ នឹង​ចូល​ជំនួស​តំណែង​របស់​លោក Jens Keller ក្រោយ​ពី​ចាប់​ផ្តើម​រដូវកាល​យ៉ាង​ខក​ចិត្ត​របស់​​ក្លិប Schalke របស់​​ក្រប​ខ័ណ្ឌ Bundesliga​​។



Schalke កំ​ពុង​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​​១១​នៅលើ​តា​រាង​លីក​ដោយ​មាន​៨ពិន្ទុ​ពី​៧​ប្រកួត ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះត្រឹម​តែ​ពីរ​លើក​គត់​។ ពួក​គេ​​កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ប្រកួត​តាម​ពូលនៃ​ក្រប​ខ័ណ្ឌ Champions League ក្រោយ​ពី​ទទួល​បាន​លទ្ធ​ផល​ស្មើ​ចំនួន​ពីរ​លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ទទួល​​លទ្ធ​ផល​ស្មើ ១-១ ជាមួយ​នឹងក្រុម Chelsea នៅលើ​ទឹក​ដី Stamford Bridge ផង​ដែរ​។

លោក Di Matteo នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ដើម្បី​ជួប​ជា​មួយនឹង​អតីត​ក្លិប​របស់​លោក នៅពេល​ដែល​ក្រុម​ទាំង​ពីរ​ជួប​​ប្រកួត​គ្នា​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៅ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​នា​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​។ លោក Keller បាន​ចូល​កាន់​តំណែង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ Schalke ចាប់​តាំង​ពី​​ខែ​ធ្នូ ឆ្នាំ​២០០២​មក​ម្ល៉េះ ហើយ​ក្រោយ​ពី​ត្រូវ​បាន​​ទម្លាក់​ចេញ​ពីការ​ប្រកួត​ដណ្តើម​ពាន German Cup ដោយ​ក្រុម SG Dynamo Dresden ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ទី​៣​កាល​ពី​ដើម​រដូវ​កាល​នេះ ការ​ប្រកួត​ចុងក្រោយ​របស់​លោក​បាន​បញ្ចប់​ដោយការ​ទទួល​បរា​ជ័យ ២-១ ក្រោម​ស្នា​ដៃ​ក្រុម Hoffenheim កាល​ពី​ថ្ងៃ​សៅរ៍​។

លោក Horst Heldt ប្រធាន​ផ្នែក​កីឡា បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅលើ​គេហ​ទំព័រ​របស់​​ក្លិប​នេះ​ថា៖ «ទម្រង់លេង​របស់​ក្រុម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នា​ពេល​ថ្មី​ៗ​​​នេះ មាន​ភាព​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​។ បើ​ទោះ​បី​​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​​ផ្សេង​ៗ ដូច​ជា​ការ​ទទួល​បាន​៧​ពិន្ទុ​ពី​កម្ម​វិធី​ប្រកួត​លីក​ដ៏​មមា​ញឹក និង​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​​ស្ថិត​ក្នុង​តំបន់​តែ​មួយ​ក៏​ដោយ ប៉ុន្តែ វាមិន​បាន​បង្ហាញ​ពី​ប្រសិទ្ធិ​ភាព​ឡើយ​»​។

លោក Heldt បាន​បន្ថែម​ទៀត​ថា៖ «តាម​រយៈ​ការ​ផ្លាស់​ប្តូរ​អ្នក​ចាត់​ការ​ទូទៅ យើង​ចង់​បង្កើតឲ្យមាន​​កម្លាំង​ថ្មី​។ យើង​ពិត​​ជា​ជឿ​ជាក់​ថា លោក Roberto di Matteo នឹង​ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​ស្ថេរ​ភាព និង​សម្រេច​គោល​បំ​ណង​របស់​យើង​ក្នុង Bundesliga និង Champions League​»​៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com