កីឡាជាតិ
ជាតិ
កម្ពុជា​ប៉ះ​ម្ចាស់ផ្ទះ​ឡាវ​ដែល​ដឹកនាំ​ដោយ​អតីត​គ្រូ​ភ្នំពេញ​ក្រោ​ន​នៅ​ល្ងាច​នេះ
12, Oct 2014 , 10:15 am        
រូបភាព
កម្ពុជា​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ របស់ខ្លួន​នា​វេលា​ម៉ោង៦ និង៣០នាទី ល្ងាច​ថ្ងៃអាទិត្យ ទី១២ ខែតុលា នេះ ដោយ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឡាវ នៅ​កីឡដ្ឋាន New Laos National Stadium ក្នុង​ទីក្រុង​វៀងចន្ទន៍។



បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៩៦ មក ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ញឹកញាប់​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​បាល់​ទ្វីប​ប្រចាំ​តំបន់​អាស៊ាន​នេះ ទាំង​ក្នុង​វគ្គ​ជម្រុះ និង​វគ្គ​ឆ្លង​ពូ​ល​ដោយ​ស្វ័យប្រវត្តិ។

នា​ជំនួប៧លើក​កន្លងមក ឡាវ​ឈ្នះ៣លើក កម្ពុជា​ឈ្នះ២លើក និង​ស្មើគ្នា​ចំនួន២លើក។ កាលពី​ឆ្នាំ២០១០ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បានបញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ម្ចាស់​ផ្ទះមួយ​នេះ ប៉ុន្តែ​ពីរ​ឆ្នាំ​បន្ទាប់មកទៀត ឡាវ បាន​យកឈ្នះ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហុក សុចិ​ត្រា ក្នុង​លទ្ធផល ១-០ ។

សម្រាប់​ការប្រកួត​លើក​នេះ កម្ពុជា​ត្រូវ​ប្រឈម​ជាមួយ​ម្ចាស់ផ្ទះ​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស លោក David Booth ដែល​ធ្លាប់​ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន​របស់​កម្ពុជា​ឲ្យ​ឈ្នះ​ពានរង្វាន់​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១១ និង​រងជើង​ឯក​ពាន​រង្វាន់ AFC President’s Cup នៅ​ឆ្នាំ​ដដែល។

ប្រធាន​ក្រុម​ជម្រើសជាតិ គួច សុគ​ម្ភៈ គឺជា​សមាជិក​នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែល​ធ្លាប់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក David Booth។ លោក David មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​ជាច្រើន​នៅ​ទ្វីបអាស៊ី និង​តំបន់​អាស៊ាន ហើយ​លោក​ក៏​ធ្លាប់​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ មី​យ៉ាន់​ម៉ា ផងដែរ។ ការដឹកនាំ​ក្រុម​ជម្រើសជាតិ​ឡាវ គឺជា​ឱកាស​លើក​ទី​ពីរ​របស់លោក បន្ទាប់ពី​លោក​បាន​បំពេញ​តួនាទី​ដដែល​នេះ​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ២០១០ ។

សម្រាប់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon វិញ ក្រុម​ឡាវ​ក៏​មិនមែនជា​គូប្រជែង​ថ្មី​ឡើយ​សម្រាប់​លោក។ គ្រូបង្វឹក​កូរ៉េខាងត្បូង​រូបនេះ ធ្លាប់​ដឹកនាំ​ក្រុម​ប៉ះ​ឡាវ​ចំនួន៣លើក ដោយ​កាលពី​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១០ ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ ។

នា​ការប្រកួត​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់ ក្នុង​ឆ្នាំ២០១១ លោក Lee បាន​ដឹកនាំ​កម្ពុជា​ប្រកួត​ឈ្នះ ៤-២ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ឡាវ​យកឈ្នះ ៦-២ វិញ​នៅក្នុង​ទីក្រុង​វៀងចន្ទន៍។ ក្រោម​ការដឹកនាំ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​ដដែល​នេះ កម្ពុជា​ធ្លាប់​ជួប​ឡាវ​នៅក្នុង​ការប្រកួត​ព្រឹត្តិការណ៍​យុវជនផ្សេងៗទៀត។

នៅមុន​ជំនួប​ដ៏​សំខាន់​នេះ កម្ពុជា​បាន​ឆ្លងកាត់​ការប្រកួត​មិត្តភាព​ចំនួន​បី​លើក​ដោយ​ចាញ់​ម៉ាឡេស៊ី ៤-១ ចាញ់​ឥណ្ឌូនេស៊ី ១-០ និង​ឈ្នះ​ចិន-តៃប៉ិ ២-០ ៕

ការប្រកួតអាចមានការផ្សាយផ្ទាល់​តាម LAOTV៖ http://malimar.tv/watch.php?vid=023a327af

© រក្សាសិទ្ធិដោយ thmeythmey.com