កីឡាជាតិ
ជាតិ
Asian Beach Games៖ក្រោយ​ចំបាប់​ឈ្នះ​​មេដាយ​សំរឹទ្ធ កម្ពុជា​ចាំ​អ៊ុត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់
17, Nov 2014 , 2:30 pm        
រូបភាព
កីឡាការិនី នី សំណាង (មុខគេ) នៅពេលទទួលមេដាយសំរិទ្ធ
កីឡាការិនី នី សំណាង (មុខគេ) នៅពេលទទួលមេដាយសំរិទ្ធ
កីឡាការិនី​ចំបាប់ នី សំណាង ទទួលបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់ (Asian Beach Games) លើក​ទី​បួន​នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ដែលជា​មេដាយ​ទីមួយ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី មួយ​នេះ។



ក្នុងការ​ប្រកួត​ទម្ងន់៦០កី​ឡូ​ក្រាម កីឡាការិនី នី សំណាង ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ២០១៣ បាន​បើកឆាក​ចាញ់​កីឡាការិនី​វៀតណាម Nguyen Thi Nga ក្នុង​លទ្ធផល ២-០ ប៉ុន្តែ​បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូនេស៊ី ២-១ វិញ នា​ការប្រកួត​បន្ទាប់។ សំណាង បានទទួល​ត្រឹម​មេដាយ​សំរឹទ្ធ បន្ទាប់ពី​ចាញ់​កីឡាការិនី​ថៃ Thongkan Kanjana ក្នុង​លទ្ធផល ២-០ ។

ដោយឡែក​ការប្រកួត​ចំបាប់​ផ្នែក​បុរស​ទម្ងន់៧០គីឡូក្រាម​វិញ កីឡាករ កាង ដែន​ពិសិដ្ឋ បាន​រង​បរាជ័យ​ទាំងបី​ប្រកួត​នៅក្នុង​ក្រុម ដោយ​ចាញ់​កីឡាករ​តួ​កមេ​នី​ស្ថាន ATAYEV Seyitnur កីឡាករ​កា​ហ្សា​ក់​ស្ថាន BEKZHANOV Nurlan កា​ហ្សា​ក់​ស្ថាន និង​កីឡាករ​ស៊ី​រី KHAN SHAIKHOUNI Mohamed ក្នុង​លទ្ធផល ២-០ ដូចគ្នា។

ដូចគ្នា​ផងដែរ ក្នុងការ​ប្រកួត​ទម្ងន់៨០គីឡូក្រាម កីឡាករ ជន់ ធូ​ន បាន​ចាញ់​កីឡាករ​កូរ៉េខាងត្បូង LEE Seunga កីឡាករ​វៀតណាម TRAN van Tuan និង​កីឡាករ​អ៊ីរ៉ង់ HOSSEINIJAM Seyedkamran ក្នុង​លទ្ធផល ២-០ ។

ដោយឡែក​លទ្ធផល​នៃ​ការប្រកួត​កីឡា Foot-volley របស់​កីឡាករ គីម ហាប់ និង សឿង ខន្តី វិញ កីឡាករ​អាយុ១៦ឆ្នាំ​ទាំងពីរ​រូបនេះ បាន​ចាញ់​ម៉ាឡេស៊ី ២-០ (១៨-១១, ១៨-១០) ចាញ់​ឡាវ ២-០ (១៨-១៣, ១៨-៧) ចាញ់​អារ៉ាប់​រួម អេ​មី​រ៉េត ២-០ (១៨-១៦, ១៩-១៧) ប៉ុន្តែ​ឈ្នះ​ឥណ្ឌា ២-០  (១៨-៧, ១៨-១០) ។

ទោះបីជា​ក្រុម Foot-volley របស់​កម្ពុជា បាន​ហាលអាវ​ក៏ដោយ ប៉ុន្តែ​កីឡាករ​កម្ពុជា​ទទួលបាន​នូវ​បទពិសោធន៍​យ៉ាង​ល្អ​នា​ការ​បង្ហាញខ្លួន​លើកដំបូង​លើ​ប្រភេទ​កីឡា​ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​មួយ​នេះ។

ចំពោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ដែលមាន​កីឡាករ ស៊ឹម ឃ្លោក និង​លឹម សំអាត បានទទួល​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ​លើ​ក្រុម​កីឡាករ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​លទ្ធផល ២-០ (២១-០, ២១-០ ) ដោយសារតែ​គូប្រជែង​មិន​បង្ហាញ​វត្តមាន។

នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ស្អែក​នេះ ស៊ឹម ឃ្លោក និង​លឹម សំអាត ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កាតា។ កីឡាករ Pereira Jefferson Santos គឺជា​សមាជិក​ម្នាក់​រប​ស់​ក្រុម​កាតា ដែល​បាន​យកឈ្នះ​កម្ពុជា ២-០ ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង។

បន្ទាប់ពី​កាតា កីឡាករ​កម្ពុជា​ត្រូវ​តទល់​ជាមួយ​វៀតណាម និង​លី​បង់ នៅក្នុង​ពូ​ល B ដើម្បី​ស្វែងរក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕




© រក្សាសិទ្ធិដោយ thmeythmey.com