កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ៖ កម្ពុជា​ប៉ះ​ម្ចាស់ផ្ទះ​សិង្ហ​បុរី​នា​វេលា​ម៉ោង៧យប់​នេះ
17, Nov 2014 , 3:46 pm        
រូបភាព
លោក Lee Tae Hoon និងកីឡាករ ឃួន ឡាបូរ៉ាវី នា​អំឡុងសន្និសីទសារព័ត៌មាន
លោក Lee Tae Hoon និងកីឡាករ ឃួន ឡាបូរ៉ាវី នា​អំឡុងសន្និសីទសារព័ត៌មាន
ដោយ: រួបរួម
បន្ទាប់ពី​រង​បរាជ័យ ៣-០ នៅក្នុង​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​សុក្រ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​បន្ថែម​ជាមួយ​ជាមួយ​សិង្ហ​បុរី នា​វេលា​ម៉ោង៧យប់​នេះ នៅ​កីឡដ្ឋាន Yishun Stadium។



សម្រាប់​កម្ពុជា នេះ​គ្រាន់តែ​ជាការ​ប្រកួត​មិត្តភាព​ដើម្បី​ស្វែងរក​កំណត់ត្រា​ឲ្យ​បានល្អ​នៅ​ក្របខណ្ឌ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ប៉ុណ្ណោះ ខណៈ​សិង្ហ​បុរី​ប្រើប្រាស់​ជំនួប​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup បន្ទាប់ពី​ពួកគេ​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម​ឡាវ កាលពី​ចុង​សប្តាហ៍​កន្លងមក។

លោក Bernd Stange គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ រំពឹងថា សិង្ហ​បុរី ក្រោម​ការដឹកនាំ​របស់​លោក នឹង​ដណ្តើម​ជ័យជម្នះ​លើ​កម្ពុជា​ដើម្បី​រក្សា​ទំនុកចិត្ត​ដ៏​ខ្ពស់​របស់​ពួកគេ ជាពិសេស​ផ្តល់​ការរីករាយ​ដល់​ក្រុម​អ្នកគាំទ្រ​នៅលើ​ទឹកដី​របស់ខ្លួន។

ដោយឡែក គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង លោក Lee Tae Hoon ជឿជាក់ថា កីឡាករ​កម្ពុជា​របស់​លោក​នឹង​ព្យាយាម​ខ្ពស់​ដើម្បី​បង្ហាញ​ភាព​រីកចម្រើន​របស់ខ្លួន។ លោក​លើកឡើងថា៖ «ខ្ញុំ​គិតថា សិង្ហ​បុរី​គឺជា​ក្រុម​ល្អ​មួយ ពួកគេ​មាន​ចលនា​ល្អ និង​ខ្ញុំ​សង្ឃឹមថា យើង​នឹង​កាន់​តែមាន​ទំនុកចិត្ត​ខ្ពស់​បន្ទាប់ពី​ការប្រកួត​នៅថ្ងៃនេះ»។

នា​ជំនួប​ចុងក្រោយ សិង្ហ​បុរី បាន​យកឈ្នះ​កម្ពុជា ១-០ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ៕




© រក្សាសិទ្ធិដោយ thmeythmey.com