កីឡាជាតិ
ជាតិ
កម្ពុជាចាញ់ម្ចាស់ផ្ទះសិង្ហបុរី ៤-២ ដោយគ្រាប់បញ្ចូលទីទាំងអស់កើតឡើងក្នុងតង់ទី១ លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជានាព្រឹត្តិការណ៍ Suzuki Cup កន្លងមក
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យបន្ថែមទៀតក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេស ដោយចាញ់ម្ចាស់ផ្ទះសិង្ហបុរី ៤-២ នៅកីឡដ្ឋាន Yishun Stadium នារាត្រីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ពោលគឺបួនក្រោយពីពួកគេបានចាញ់ហ្វីលីពីន ៣-០ នៅក្នុងទីក្រុងម៉ានីល។
គ្រាប់បាល់ស៊ុតបញ្ចូលទីស៊ីសងគ្នាទាំង៦គ្រាប់ សុទ្ធតែកើតឡើងនៅក្នុងតង់ទីមួយ ដោយ៥គ្រាប់ចុងក្រោយ កើតឡើងក្នុងអំឡុងរយៈពេល១១នាទីប៉ុណ្ណោះ។
ខ្សែប្រយុទ្ធ Khairul Amri បានស៊ុតបាល់បញ្ចូលទីឲ្យសិង្ហបុរីនៅនាទី៩ ។ នៅនាទី ទី២៧ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានតែតបាល់បញ្ចូលទីតាមស្មើវិញ។ ២នាទីក្រោយមក Amri បានបញ្ជូនបាល់ទៅឲ្យ Faris Ramli ដើម្បីនាំមុខកម្ពុជាសាជាថ្មី ប៉ុន្តែ ឃួន ឡាបូរ៉ាវី រកបានគ្រាប់បាល់ទីពីរភ្លាមដើម្បីតាមស្មើក្នុងលទ្ធផល ២-២ ។ តែក្នុងអំឡុង៧នាទី ប៉ុណ្ណោះ សិង្ហបុរី រកបានពីរគ្រាប់វិញ ដែលសម្រេចបានដោយប្រធានក្រុម Shahril Ishak (នាទី ៣៣ ) និងខ្សែការពារ Safuwan Baharudin (នាទី ៣៧ )។
ការរកបានពីរគ្រាប់របស់ បូរ៉ាវី នាំឲ្យមានកំណត់ត្រាស៊ុតបាល់បញ្ចូលទីសរុប៥គ្រាប់ក្នុងការប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលស្មើនឹងកំណត់ត្រារបស់ខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី ប៉ុន្តែចាញ់ប្រធានក្រុម គួច សុគម្ភៈ មួយគ្រាប់។
កីឡាករកម្ពុជា៖ ស៊ូ យ៉ាទី សឿយ វិសាល ហុង ផេង ទូច បញ្ចរ៉ុង ប្រាក់ មុន្នីឧត្តម ឃួន ឡាបូរ៉ាវី គួច សុគម្ភៈ សុះ ស៊ូហាណា ងយ ស្រ៊ីន រស់ សំអឿន ឈិន ឈឿន៕
© រក្សាសិទ្ធិដោយ thmeythmey.com