កីឡាជាតិ
ជាតិ
បរទេស​លើក​ពាន​វាយ​កូន​បាល់ GLF Cham Prasidh Open នៅ​កម្ពុជា​ទាំងអស់
01, Dec 2014 , 9:21 am        
រូបភាព
ដោយ:
កីឡាករ​ជើង​ខ្លាំង​មកពី​បរទេស ដណ្ដើមបាន​ជើងឯក​ទាំងពី​វិញ្ញាសា មាន វាយ​ឯកត្តជន និង វាយ​គូ ក្នុងការ​ប្រកួត​កីឡា​វាយ​កូន​បាល់​វគ្គ​ទី២ ដែលមាន​ឈ្មោះថា 5th GLF Cham Prasidh Open នៃ​ព្រឹត្តិការណ៍ ITF Men’Futures លើក​ទី៣ ឆ្នាំ២០១៤ ស្របពេល​កីឡាករ​ខ្មែរ​ជ្រុះ​ចេញ​អស់។



ពានរង្វាន់​នេះ​បានបញ្ចប់​ទៅ​នៅ​កាលពី​ថ្ងៃត្រង់​ទី២៩ ខែវិច្ឆិកា ម្សិលមិញ នៅ​ទីលាន​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​កីឡា​វាយ​កូន​បាល់​កម្ពុជា ខណៈ​វិញ្ញាសា​វាយ​ជា​ឯកត្តជន​នោះ មាន​កីឡាករ​ចូលរួម​ចំនួន៣២នាក់ ក្នុងនោះ​មាន​កីឡាករ​កម្ពុជា ២ រូប-ក្រៅពីនោះ មាន​ជប៉ុន-កូរ៉េ-តៃប៉ិ-បារាំង -រុស្ស៊ី-ចិន-អាមេរិក -ឥណ្ឌូណេស៊ី- អាល្លឺម៉ង់-ឥណ្ឌា និង​កា​ហ្សា​ក់​ស្ថាន។

សម្រាប់​កីឡាករ​កម្ពុជា ម៉ម ផល្គុណ ប្រកួត​ចាញ់​កីឡាករ​មកពី​ជប៉ុន​NIKI Takuto ដែលមាន​World Ramgking ៣២១ នៅ​ជុំ​ទី ១ ក្នុង​លទ្ធផល ២សិត ទល់ ០ (៦ – ១, ៦ – ០)។ ចំណែក ប៊ុន កេ​ន្នី​ក៏​អស់​ឱកាស​នៅ​ជុំ​ទី ១ ដែរ គឺ​ចាញ់​កីឡា ករ​មកពី​កា​ហ្សា​ក់​ស្ថាន KHABIBULIN Timur ដែលមាន World Ranking ៩០៣ ក្នុង​លទ្ធផល ២ សិត​ទល់ ១ (៣-៦,៦-៣,៣-៣) ។

ជា​លទ្ធផល​ជើង​ខ្លាំង​លើ​វិញ្ញាសា​ឯកត្តជន​ក្នុង GLF Cham Prasidh Open នេះ បាន​ទៅលើ​កីឡាករ​មកពី​កូរ៉េ LEE Duck Hee ក្រោយ​យកឈ្នះ​កីឡាករ​អ៊ីស្រាអែល BAR Dekel ក្នុង​លទ្ធផល (៧-៦,៦-៤) ។

ចំណែក​វិញ្ញាសា​វាយ​គូ​វិញ ជើងឯក​បាន​ទៅ​កីឡាករ​មកពី​ប្រទេស​អាល្លឺម៉ង់​គឺ Kern Robin និង Wanger Sebastianបាន​យកឈ្នះ​កីឡាករ​មកពី​ប្រទេស​ចិន GaoXin និង Ouyang Bowen នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២ សិត ទល់ ១ (៦ – ៣, ៣ – ៦ និង ៥ – ១០) ។

វិញ្ញាសា​មាន​គ្នា ២ នាក់​នេះ មាន​កីឡាករ​ចូលរួម​ប្រកួត​ចំនួន៣២នាក់ មកពី១០ប្រទេស​ដែល​រួមមាន​ទាំង​កីឡាករ​កម្ពុជា​ម្នាក់​ផងដែរ។ កីឡាករ​កម្ពុជា​ម្នាក់ ដែល​ចូល​លេង​ក្នុង​ភាពអនុគ្រោះ(WC)នោះ គឺ​ម៉ម វិទូ បាន​ជ្រុះ​ធ្លាក់​តាំងពី​ជុំ​ដំបូង​ម្ល៉េះ។ វិទូ បាន​ចាប់​ដៃគូ​ជាមួយ​កីឡាក​ជប៉ុន​ITO Yuichi ហើយ​បាន​ប្រកួត​ចាញ់​កីឡាករ​ចិន​តៃប៉ិ​HUANG Liang និង​កីឡាករ​ជប៉ុន​MaTSUIToshihideក្នុង​វគ្គ Tired ៨ទល់១០នោះ។

គួរ​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​ទី២ GLF Cham Prasidh Open នេះ​ទៅ ITF Men’Futures នឹង​បន្ត​ការប្រកួត​ព្រឹត្តិការណ៍​ទី៣ ដែលមាន​ឈ្មោះថា GLF ទេព ឃុន​ណា Open ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤  ៕

រូបថត៖សហព័ន្ធ


© រក្សាសិទ្ធិដោយ thmeythmey.com