កីឡាជាតិ
ជាតិ
ជ័យ​លាភី​មេដាយ​សំរឹទ្ធ Asian Beach Games បាន​ប្រាក់​រង្វាន់​សរុប​១២០០០​ដុល្លារ​
01, Dec 2014 , 12:58 pm        
រូបភាព
នី សំណាង ទទួល​ប្រាក់​រង្វាន់ពី​លោក ថោង ខុន។ រូបថត NOCC
នី សំណាង ទទួល​ប្រាក់​រង្វាន់ពី​លោក ថោង ខុន។ រូបថត NOCC
កីឡាការិនី នី សំណាង និង​លោក ធិ​ន វិចិត្រ ដែលជា​គ្រូបង្វឹក បានទទួល​ប្រាក់រង្វាន់​ពី​រដ្ឋាភិបាល នា​ពិធី​មួយ​ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ពោលគឺ​រយៈពេល​ត្រឹមតែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​កីឡាការិនី​ចំបាប់​រូបនេះ ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​ទ្វីបអាស៊ី​លើក​ទី៤ នៅក្នុង​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ។ សំណាង​ទទួល​បានប្រាក់​បន្ថែមពី​ដៃគូឧបត្ថម្ភ​នានា​ផង​ដែរ។



កីឡា​លើ​ឆ្នេរ​ខ្សាច់​ទ្វីបអាស៊ី ស្ថិតនៅក្រោម​ការរៀបចំ​របស់​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ហើយ​ជ័យលាភី​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ ត្រូវ​ទទួលបាន​ប្រាក់រង្វាន់ ដោយយោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខា​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំពោះ​ជ័យលាភី​មេដាយ​សំរឹទ្ធ នី សំណាង ត្រូវ​ទទួលបាន​ប្រាក់រង្វាន់​ចំនួន២៤លាន​រៀល (៦០០០ដុល្លារ​អាមេរិក) រីឯ​លោក ធិ​ន វិចិត្រ ដែលជា​គ្រូបង្វឹក ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​ចំនួន​ដូចគ្នា។

កីឡាការិនី នី សំណាង និង​លោក ធិ​ន វិចិត្រ ទទួលបាន​ប្រាក់រង្វាន់​ដោយផ្ទាល់​ដៃ​ពី​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលមាន​ការចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។ បន្ថែម​ពីលើ​ប្រាក់រង្វាន់​របស់​រដ្ឋាភិបាល កីឡាការិនី នី សំណាង ដែលជា​ជ័យលាភី​មេដាយ​ទីមួយ​របស់​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​លើ​ឆ្នេរ​ខ្សាច់​អាស៊ី ទទួលបាន​ប្រាក់រង្វាន់​ផ្សេងទៀត ដូចជា ៣០០០ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន Cambrew និង៣០០០ដុល្លារ​អាមេរិក​ពី​សណ្ឋាគារ NagaWorld។ សរុប ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី នាំ​ឲ្យ សំណាង ទទួលបាន​ប្រាក់រង្វាន់ ១២០០០ដុល្លារ​អាមេរិក។

បើតាម​ប្រសាសន៍​របស់លោក ថោង ខុន ដែល​ដកស្រង់​ដោយ​គេហទំព័រ​ផ្លូវការ NOCC ក្រោយ​ការចូលរួម​អស់​រយៈពេល៧ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍ Asian Beach Games កម្ពុជា​ទើប​ដណ្តើមបាន​មេដាយសំរិទ្ធ​លើកដំបូង និង​ចាត់ទុកជា​ប្រវត្តិសាស្ត្រ ដូច​ក្នុង​កីឡា​អាស៊ី “Asian Games” ដែល​លោក​យូ ជិន​ហុង ដណ្តើម បាន​មេដាយសំរិទ្ធ​លើកដំបូង​នៅ​ឆ្នាំ១៩៦២ ក្នុង​ប្រភេទ​កីឡាប្រដាល់​សកល​ជា​ប្រវត្តិសាស្ត្រ​ផងដែរ។
 
លោក​បានបញ្ជាក់​អោយដឹងទៀតថា កីឡា​អាស៊ី​តំបន់ឆ្នេរ “Asian Beach Games”គឺជា​គោលនយោបាយ​ចលនា​អូឡាំពិក​អាស៊ី របស់​ក្រុមប្រឹក្សា អូឡាំពិក​អាស៊ី (OCA) ដើម្បី​ផ្តល់ឱកាស​ឲ្យ​យុវជន កីឡាករ កីឡាការិនី ដែល​ហ្វឹកហាត់​កីឡា​លើ​ឆ្នេរ​ខ្សាច់ កីឡា​មិន មែន អូឡាំពិក ភាគច្រើន​បាន​ជួបជុំគ្នា​ប្រកួតប្រជែង​កីឡា​ថ្នាក់​ទ្វីប​ដូច​កីឡា “Asian Games” ដែរ។

នា​ព្រឹត្តិការណ៍ Asian Beach Games លើក​ទី៤នៅក្នុង​ខេត្ត​ភូ​កេ​ត ប្រទេស កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា កន្លងមក កម្ពុជា​បាន​បញ្ជូន​កីឡា​បី​ប្រភេទ​ឲ្យ​ទៅ​ចូលរួម ដែល​ក្នុងនោះ​មាន​ចំបាប់​លើ​ឆ្នេរ​ខ្សាច់ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ និង​កីឡា Footvolley។ នី សំណាង គឺជា​អត្ត​ព​លិ​ក​តែ​ម្នាក់​គិត​ដែល​ទទួលបាន​មេដាយ ដោយ​ក្នុង​ការប្រកួត​ចំបាប់​នារី​ទម្ងន់៦០គីឡូក្រាម នី សំណាង បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌូនេស៊ី Rahayu Sri ២-១ ប៉ុន្តែ​បាន​ចាញ់​កីឡាការិនី​វៀតណាម Nguyen Thi Nga ២-០ និង​ចាញ់​កីឡាការិនី​ថៃ Thongkan Kanjana ២-០ ៕



© រក្សាសិទ្ធិដោយ thmeythmey.com