កីឡាជាតិ
ជាតិ
ជម្រុះ AFC U-23 ៖ កម្ពុជា​ស្ថិតក្នុង​ពូ​ល G ជាមួយ​កូរ៉េខាងជើង ថៃ និង​ហ្វីលីពីន
04, Dec 2014 , 12:20 pm        
រូបភាព
យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល G សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC U-23 ឆ្នាំ២០១៦ ។



ការប្រកួត​ជម្រុះ AFC U-23 មានការ​ចូលរួម​ពី​ក្រុម​ចំនួន៤៣ ដោយ​បែង​ចែកជា១០ពូ​ល។ ក្រុម​ដែល​នាំមុខគេ​នៃ​ពូ​លនីមួយៗ និង​ក្រុម​ចំណាត់ថ្នាក់​លេខ២ចំនួន៥ទៀត​ដែលមាន​ពិន្ទុ​លើសគេ រួមទាំង​ម្ចាស់ផ្ទះ​កាតា នឹងត្រូវ​ឈានទៅ​ជុំ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ប្រទេស​កាតា ពីថ្ងៃ​ទី១២ ដល់​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ។ ក្រុម​កំពូល​ចំនួន​បី​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ២០១៦នៅ​ប្រទេស​ប្រេ​ស៊ី​ល។

ការប្រកួត​ជម្រុះ​នឹង​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី២៣ ដល់​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០១៥ ដែល​រហូតមក​ដល់ពេលនេះ ពូ​ល​ចំនួន៧បានកំណត់​ប្រទេស​ជា​ម្ចាស់ផ្ទះ​រួចរាល់​ហើយ។ ប៉ា​គី​ស្ថាន​ជា​ម្ចាស់ផ្ទះ​ក្នុង​ពូ​ល B អ៊ីរ៉ង់​ម្ចាស់ផ្ទះ​ពូ​ល C បង់​ក្លា​ដែ​ស​ម្ចាស់ផ្ទះ​ពូ​ល E តៃវ៉ាន់​ម្ចាស់ផ្ទះ​ពូ​ល F ឥណ្ឌូនេស៊ី​ម្ចាស់ផ្ទះ​ពូ​ល H ម៉ាឡេស៊ី​ម្ចាស់ផ្ទះ​ពូ​ល I និង​ចិន ម្ចាស់ផ្ទះ​ពូ​ល J ខណៈ​ពូ​ល A, D និង G មិនទាន់​កំណត់​ម្ចាស់ផ្ទះ​ឡើយ​នៅថ្ងៃនេះ។

អ៊ីរ៉ាក់គឺជាក្រុមម្ចាស់​ការពារ​តំណែងជើង​ឯកនៃព្រឹត្តិការណ៍នេះ​ដែល​ត្រូវ​បាន​រៀបចំជាលើក​ដំបូងកាលពី​ឆ្នាំ​២០១៣ ។ អារ៉ាប៊ីសាអួឌីតជាប់​ចំណាត់​ថ្នាក់​លេខពីរ ខណៈហ្សកដង់លេខបី និងកូរ៉េខាង​ត្បូង​លេខ​៤៕

© រក្សាសិទ្ធិដោយ thmeythmey.com