ជាតិ
សង្គមជាតិ
សង្កេតការណ៍​​ចង់​អោយ​​ក្រសួង​​អប់រំ​ និង​​ACU បន្ត​​ពង្រឹង​​វិន័យ​​ពេល​​ប្រឡង​​បាក់​ឌុប​
11, Dec 2014 , 11:35 am        
រូបភាព
ដោយ:
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានរៀបចំ​ពិធី​បូកសរុប និង​ផ្តល់​បណ្ណ​សរសើរ​ដល់​អ្ន​ក​សង្កេតការណ៍​ស្ម័គ្រចិត្ត​ប្រលង​បាក់​ឌុប​លើក​ទី២ និង​អបអរសាទរ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ៩ធ្នូ ឆ្នាំ២០១៤ក្រោម​ប្រធានបទ៖«តូ​នាទី​ដ៏​វិសេសវិសាល​នៃ​អ្នកសារព័ត៌មាន​ក្នុងការ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ» ។ កម្មវិធី​នេះ​បានរៀបចំ​នៅ វិទ្យាស្ថាន បច្ចេកវិទ្យា​កម្ពុជា រាជធានី​ភ្នំពេញ។


កម្មវិធី​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ  លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក​ស៊ាន បូរ៉ា​ត អនុប្រធាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ។

នៅក្នុង​ពិធី​នោះ មានការ​បូកសរុប​លទ្ធផល​នៃ​ការងារ​ប្រឆាំង​អំពើពុករលួយ ពី​ធី​ប្រគល់​លិខិត​សរសើរ និង​លិខិត​ថ្លែងអំណរគុណ​ដល់​តំណាង​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ចំនូ​ន២៨រូប របាំ​ប្រពៃណី ការសម្តែង​រឿង​អប់រំ​ខ្លី ការប្រគំ​តន្ត្រី ជាដើម។

លើសពីនេះទៅទៀត​នោះ​ក៏មាន​ចំណាប់អារម្មណ៍​ពី​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ប្រលង​បាក់​ឌុប​លើក​ទី២ផងដែរ។ លោក ភិន យុទ្ធ អាយុ ២៣ឆ្នាំ ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ភ្នំពេញ ផ្នែក​ទស្សន:វិទ្យា បាន​មានប្រសាសន៍ថា លោក​បាន​ធ្វើជា​អ្នកសង្កេតការ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត កំពង់ចាម។ លោក​មានការ​ពេញចិត្ត​ចំពោះ​ការងារ​នេះ​ណាស់។ លោក​សង្កេតឃើញថា ការប្រលង​ក្នុងឆ្នាំនេះ​ពិតជា​មាន​ភាព​តឹងរ៉ឹង​ខ្លាំងណាស់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​នៅមាន​សិស្ស​មួយចំនួន​នៅ​លួច​មើល​ឯកសារ។ លោក​សង្ឃឹមថា ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតែ​បន្ត​ការ​រឹតបន្តឹង​នេះ​បន្ថែមទៀត​ដើម្បី​គុណភាព​នៃ​ការអប់រំ​របស់​សិស្សានុសិស្ស​ទាំងអស់៕


© រក្សាសិទ្ធិដោយ thmeythmey.com