ជាតិ
សង្គមជាតិ
កូនលោក ចាន់ សុ​វ៉េ​ត​អាច​ប្រឈម​នឹង​បោះបង់​ការសិក្សា​បើ​គ្មាន​ជំនួយ
11, Dec 2014 , 4:51 pm        
រូបភាព
ដោយ:

ខណៈដែល​សាកសព​លោក ចាន់ សុ​វ៉េ​ត កំពុង​តម្កល់ទុក​ធ្វើបុណ្យ​នៅក្នុង​វត្ត​និគ្រោធ​វន្ត ខណ្ឌមានជ័យ ភរិយា​របស់លោក ចាន់ សុ​វ៉េ​ត បានបង្ហាញ​ពី​ក្តីកង្វល់​ស្ថានភាព​គ្រួសារ​ខ្លួន​នៅពេលដែល​មិនមាន​មេ​គ្រួសារ។ លោកស្រី ប៊ី សុភាព អាយុ ៤៥ ភរិយា​លោក ចាន់ សុ​វ៉េ​ត បាន​ត្អូញត្អែរថា កូន ៣ នាក់​របស់គាត់ អាច​ប្រឈម​នឹង​បោះបង់​ការសិក្សា ប្រសិនបើ​គ្មាន​ជំនួយ​ពី​សប្បុរជន​នោះទេ ពីព្រោះថា កន្លងមក​គ្រួសារ​របស់លោក​ស្រី ពឹងផ្អែក​តែ​ទៅលើ​ចំណូល​របស់​ប្តី​ខ្លួន​តែប៉ុណ្ណោះ។


សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ!



ស្រព​ពេលដែល​ចិត្ត​មួយចំណែក កំពុង​សោកសង្រេង​ប៉ុន​ភ្នំ​នៅពេលដែល​ប្តី​របស់ខ្លួន​លាចាក​លោក​ចោល​នោះ លោកស្រី ប៊ី សុភាព ភរិយា​របស់លោក ចាន់ សុ​វ៉េ​ត ក៏​កំពុង​រួតរឹត​ដោយ​ក្តីកង្វល់​បន្ថែមទៀត​ចំពោះ​អនាគតកូនៗទាំង ៣ របស់ខ្លួន​ដែរ ។ កូន​ទាំង ៣ របស់​សកម្មជន​សិទ្ធិមនុស្ស​ដែល​បាន​មរណកាល​ទៅនោះ កំពុងតែ​ស្ថិតនៅក្នុង​វ័យ​សិក្សា​នៅឡើយ។ លោកស្រី សុភាព ត្អួ​ញ​ត្អែ​រថា កូន​របស់ខ្លួន​អាច​ប្រឈម​នឹង​បោះ​ការសិក្សា ប្រសិនបើ​គ្មាន​អ្នក​ឧបត្ថម្ភ នៅពេលដែល​អត់​ពី​ប្តី​របស់ខ្លួន​ទៅ។

ស្ត្រី​អាយុ ៤៥ ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា នាពេល​កន្លងមក​រាល់​ការចំណាយ​ក្នុង​គ្រួសារ​ទាំងអស់ គឺ​ពឹង​ផ្អែកទៅលើ​ប្រាក់ខែ​របស់​ប្តី​ខ្លួន​ទាំងស្រុង ហើយ​លោកស្រី គ្មាន​ការងារ​ធ្វើ ក្រៅពី​នៅផ្ទះ​មើល​ថែកូន​តែប៉ុណ្ណោះ។ ភរិយា​របស់លោក ចាន់ សុ​វ៉េ​ត រូបនេះ បាន​អំពាវនាវ​ឲ្យ​សប្បុរសជន និង​អង្គការក្រៅរដ្ឋាភិបាល​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ខ្លួន ជាពិសេស​គឺ​ជួយ​ឲ្យកូនៗទាំង ៣ របស់លោក​ស្រី បាន​បន្ត​ការសិក្សា​ទៅមុខទៀត ដើម្បី​ឲ្យ​សាក​សម​នឹង​ការលះបង់​របស់​ប្តី​ខ្លួន ក្នុង​បុព្វហេតុ​សិទ្ធិមនុស្ស និង​ជាតិ​មាតុភូមិ។

ទាក់ទង​នឹង​បញ្ហា​នេះ នៅក្នុង​ពិធី​បុណ្យសព​លោក ចាន់ សុ​វ៉េ​ត នោះដែរ លោក ធន់ សា​រ៉ា​យ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស អាដហុក បាន​អះអាងថា អង្គការ​របស់លោក នឹង​ជួយ​ជ្រោមជ្រែង​ក្រុមគ្រួសារ ជាពិសេស​កូន​ទាំង ៣ របស់លោក ចាន់ សុ​វ៉េ​ត ឲ្យ​អស់ពី​លទ្ធភាព។ លោក​ថា សម្រាប់​ពិធី​បុណ្យសព​លោក ចាន់ សុ​វ៉េ​ត នៅពេលនេះ គឺ​សមាគម​លោក ជា​អ្នករៀបចំ មិន​ឲ្យ​ក្រុមគ្រួសារ​សព​លោក ចាន់ សុ​វ៉េ​ត លំបាក​នោះឡើយ។

សម្រាប់​លោក ធន់ សា​រ៉ា​យ ការបាត់បង់​លោក ចាន់ សុ​វ៉េ​ត គឺជា​ការសោកស្តាយ​គ្មានអ្វី​អាច​ប្រៀបបាន​ចំពោះ​ប្រទេសជាតិ ជាពិសេស​សម្រាប់​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ។ លោក​ថា សមាគម​របស់លោក ពិបាក​នឹង​រកម​នុស្ស​ឲ្យ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​លោក ចាន់ សុ​វ៉េ​ត មក​ធ្វើ​ការជំនួស​តួនាទី​ជា​អនុប្រធាន​ស៊ើបអង្កេត​ផ្នែក​សិទ្ធិមនុស្ស​របស់​សកម្ម​ជន​ដ៏​ល្បីល្បាញ​រូបនេះ​ណាស់។

សូមបញ្ជាក់ថា នៅក្នុង​ពិធី​បុណ្យសព​លោក ចាន់ សុ​វ៉េ​ត ដែល​ប្រារព្ធ​ធ្វើ​នៅ​វត្ត​និគ្រោធ​វន្ត ហៅ​គល់​ទទឹង ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌមានជ័យ​នៅថ្ងៃនេះ មានការ​ចូលរួម​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត ស្ទើរ​គ្រប់​ស្ថាប័ន ។ ប្រធាន អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម  សុខា ក៏​ចូលរួម​គោរព​វិញ្ញាណ​ខន្ធ​លោក ចាន់ សុ​វ៉េ​ត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ។ ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធតែ​ចាត់ទុក​លោក ចាន់ សុ​វ៉េ​ត គឺជា​វីរៈជន​ការពារ​សិទ្ធិមនុស្ស ដែល​គួរ​រៀនសូត្រ​តាម៕


© រក្សាសិទ្ធិដោយ thmeythmey.com