ជាតិ
សេដ្ឋកិច្ច
បញ្ហា​ប្រឈម​ក្នុងការ​នាំចេញ​អង្ករ ត្រូវបាន​ភាគី​ពាក់ព័ន្ធ​លើក​យកមក​ពិភាក្សា
11, Dec 2014 , 8:00 pm        
រូបភាព
ដោយ:
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម បាន​ជួបប្រជុំគ្នា កាលពីដើម​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​អំពី​ការរីកចម្រើន និង​បញ្ហា​ប្រឈម​នានា​ក​ក្នុងពេល​បច្ចុប្បន្ននេះ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ស្រូវ-អង្ករ​របស់​កម្ពុជា។
នៅក្នុង​កិច្ចពិភាក្សា​នោះ លោក សុខ ពុទ្ធិ​វុ​ធ​ប្រធាន​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​របាយការណ៍​ស្តីអំពី ការរីកចម្រើន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​បញ្ហា​ជាច្រើន​ប្រឈម។បញ្ហា​ប្រឈម​ទាំងនោះ​រួមមាន កង្វះ​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ការទិញ​ស្រូវ សម្រាប់​ស្តុក​ក្នុង​រដូវ​ច្រូតកាត់​ការចំណាយ​ខ្ពស់​លើ​ការដឹកជញ្ជូន និង​ភស្តុភារ​ពាណិជ្ជកម្ម ការគ្រប់គ្រង​ថ្លៃ​របស់ COFCO ជាមួយ​អ្នក​នាំចេញ​កម្ពុជា គ្មាន​មធ្យោបាយ​រក្សាទុក និង​លើកដាក់​ក្នុង​នាវា​ឃ្លាំង​ស្តុក​លើកដាក់​ទំនិញ​នៅ​កំពង់ផែ និង​ការធ្លាក់​ថ្លៃ​អង្ករ​ផ្កាម្លិះ​ទូទាំង​ពិភពលោក​ជាដើម។



ជាការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានកត់សម្គាល់​អំពី​បញ្ហា​ប្រឈម​សំខាន់​នានា​ដែល​សហព័ន្ធ​បានលើកឡើង​ទាង​នោះ ហើយ​លោក​បាន​យល់ព្រម​ពិភាក្សា​បន្ថែម​លើ​បញ្ហា​ទាំងឡាយ ជាមួយ​ក្រសួង​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍។ ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បរិយាយ​លម្អិត​អំពី​រចនាសម្ព័ន្ធ​អង្គការលេខ តួនាទី និង​ភារកិច្ច របស់​សមាជិក​ខ្លួន​សេចក្តី​ថ្លែង​អំពី​បេសកកម្ម និង​ផែនការ​សកម្មភាព ឆ្ពោះទៅមុខ​បន្ត។

លោក ស៊ុន ចាន់ថុល ក៏បាន​យល់ព្រម​ពិនិត្យមើល​ទីផ្សារថ្មីៗ និង​ចរចា​បន្ថែម​ជាមួយ រដ្ឋាភិបាល​ចិន​សម្រាប់​ប្រព័ន្ធ​មិន​កម្រិត​កូតា ជាមួយ COFCO ចិន ដើម្បី​នាំ​អង្ករ​កម្ពុជា​ចូល​បន្ថែមទៀត រួមទាំង​អង្ករ​បាក់ និង​អង្ករសម្រូប​ផងដែរ។ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ឋិត​ក្នុង​ដំណើរ​ការទទួល​ប្រាក់កម្ចី​ពី​ប្រទេស​ចិន ដើម្បី​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ចំនួន៤០ដើម្បី​ឲ្យ​កសិករ​អាចដាក់​ស្រូវ ជា​ទ្រព្យ​បញ្ចាំ​ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ពី​ធានា​គារ​បាន។

ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ថ្លៃ គុណភាព និង​ម៉ាក​យីហោ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រព្រឹត្ត​ចំពោះ​សមាជិក​សហព័ន្ធ ប្រកបដោយ​សមធម៌​និង​ភាពត្រឹមត្រូវ ជាមួយនឹង​ក្រមសីលធម៌ ដែល​បាន​ចុះហត្ថលេខា (COC) ដើម្បី​ធានាបាន​ថា កសិករ រោង​មា​ស៊ីន​កិនស្រូវ និង​អ្នក​នាំ​អង្ករ​ចេញ​ដែលជា​សមាជិក​នៅក្នុង​សហព័ន្ធ អាច​ទទួលបាន​អត្ថប្រយោជន៍ ស្មើភាព​គ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com