ជាតិ
សង្គមជាតិ
កុមារក្រីក្ររស់នៅមាត់លូទឹកស្អុយប្រឈមគ្រោះថ្នាក់រាល់ថ្ងៃ
× ក្នុងខណៈពេលដែលកុមារកូនអ្នកមានទ្រព្យសម្បត្តិជាច្រើននៅក្នុងរាជធានីភ្នំពេញ មានលំនៅដ្ឋានសមរម្យ មានម្ហូបអាហារឆ្ងាញ់ៗ មានបន្ទប់គេងម៉ាស៊ីនត្រជាក់ និងមានអាងហែលទឹក ដែលពោពេញដោយផាសុកភាពផងនោះ មានក្រុមកុមារដែលរស់នៅតាមមាត់លូទឹកស្អុយក្នុងរាជធានីភ្នំពេញមួយចំនួនផ្សេងទៀត គ្មានសំណាងដូចកុមារទាំនោះឡើយ។ ពួកគេរស់នៅដោយផ្សាភ្ជាប់ជីវិតជាមួយបរិយាកាសអាប់អួរនៃលូទឹកស្អុយ និងជ្រើសយកទឹកលូនេះ ជាកន្លែងហែលលេងកំសាន្តរបស់ពួកគេផងដែរ។
កុមារមួយចំនួនដែលរស់នៅក្នុងភូមិនេះ តាមបណ្តោយមាត់លូទឹកស្អុយបឹងត្របែកចុងខាងត្បូង មានឱកាសត្រឹម ជ្រកក្រោមដំបូលខ្ទម ជញ្ជាំងធ្លុះធ្លាយ ឬផ្ទះតូចៗប្រក់ស័ង្កសី ឬតង់ និងគ្មានអាហារបរិភោគគ្រប់គ្រាន់នោះទេ។ បឹងត្របែកចុងខាងត្បូង ដែលមានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្រជាពលរដ្ឋក្រីក្រប្រមាណជាង៥០គ្រួសារកំពុងរស់នៅ។
ទស្សនាវីដេអូ
នៅកណ្តាលរាជធានីភ្នំពេញមែនពិត ប៉ុន្តែមិនមែនជាតំបន់ដែលមានការអភិវឌ្ឍន៍ទំនើប ឬជាតំបន់ដែលមានផាកសុខភាពនោះទេ វាគឺជាកន្លែងដែលពលរដ្ឋត្រូវបង្ខំចិត្តផ្សារភ្ជាប់ជីវិតរាល់ថ្ងៃជាមួយនឹងកាកសំណល់សំរាម និងទឹកលូខាប់ខ្មៅ ដែលមានក្លិនស្អុយ គ្មានអនាម័យ និងគ្មានទឹកស្អាតដើម្បីប្រើប្រាស់។
ប្រជាពលរដ្ឋទាំងនេះ ភាគច្រើន ជាអ្នកចំណាក ស្រុកមកពីតាមបណ្តាខេត្តមួយចំនួន មកតាំងទីលំនៅនៅទីនេះពីដប់ ទៅម្ភៃ ឬសាមសិបឆ្នាំមកហើយ។ ពួកគេប្រកបរបរតូចតាចដើម្បីចិញ្ចឹមគ្រួសារ អ្នកខ្លះលក់លៀសហាល អ្នកខ្លះលក់បាយ កាហ្វេ និងអីវ៉ាន់ចាប់ហួយតិចតួច អ្នកខ្លះរត់ម៉ូតូឌុប និងអ្នកខ្លះទៀតដាំបន្លែបង្ការផ្សេងៗនៅលើទឹកលូនេះតែម្តង។
មានសំណួរជាច្រើនបានចោទសួរថា តើប្រជាពលរដ្ឋទាំងនេះរស់នៅយ៉ាងដូចម្តេចនៅលើទឹកលូស្អុយនេះ? ហើយតើពួកគាត់ត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?
ជាអ្នកមករស់នៅភូមិនេះមុនគេ ពោលគឺតាំងពីអំឡុងទសវត្ស៨០មក អ្នកស្រី ហ៊ួ សៀកលន អាយុ៥៥ឆ្នាំ មានប្រសាសន៍ថា៖«បើនិយាយពីរឿងលំបាក គឺពិបាកមែនទែន។ បើខែភ្លៀងវិញ កូននៅលើផ្ទះ ហើយត្រូវជីកអណ្តូង ដើម្បីបានទឹកសម្រាប់ប្រើប្រាស់ ក្រោយមកទើបតទឹកពីផ្ទះអ្នកជិតខាងមកប្រើវិញ»។
ពេលភ្លៀងលិចម្តងៗ ត្រូវនាំចៅនៅលើផ្ទះដោយដាក់គ្រែ ឬកៅអីឲ្យផុតទឹក ព្រោះទឹកលិចត្រឹមកជើង ហើយបើនៅខាងក្រៅផ្ទះវិញ លិចត្រឹមទ្រូងឯណោះ។ នេះជាការបញ្ជាក់របស់ពលរដ្ឋមកពីខេត្តស្វាយរៀង។ ទើបតែមករស់នៅជាមួយបានប្រមាណ៣ខែ អ្នកស្រី បន្តថា៖«២ទៅ៣ថ្ងៃទើបទឹកស្រកអស់ ហើយដល់ពេលហូបបាយ រូបគាត់ត្រូវដើរកាត់ទឹក ដើម្បីទៅទិញម្ហូបឲ្យចៅ»។
ដោយស្រូបយកបរិយាអាប់អ៊ួរាល់ថ្ងៃ អ្នកភូមិនៅទីនេះជាពិសេសកុមារ តែងឈឺជាប្រចាំ ជាងនេះទៅទៀតពួកគេ ត្រូវប្រឈមនឹងបញ្ហាជាច្រើននៅពេលមានភ្លៀង។ ពេលភ្លៀងធ្លាក់ម្តងៗទឹកលូខាប់ខ្មៅជន់ហូរលិចផ្ទះពួកគេគ្មាន កន្លែងសម្រាកនោះទេ ហើយអាជីវកម្មទាំងឡាយក៏ត្រូវផ្អាកបណ្តោះអាសន្នផងដែរ។ កុមារត្រូវប្រឈមនឹងគ្រោះលង់ទឹក ព្រោះរាល់ពេលភ្លៀងទឹកលិច ពួកគេតែងនាំគ្នាហែលលេងក្នុងទឹកលូនេះ។
កំពុងអង្គុយនៅមុខផ្ទះឈើតូចមួយ ដែលសសរទាំងអស់លយចូលទៅក្នុងលូទឹកស្អុយ អ្នកស្រី ថៃ យ៉ន អាយុ៦០ឆ្នាំ មករស់នៅមាត់លូនេះជាងដប់ពីរឆ្នាំមកហើយ បានរៀបរាប់ថា៖«វេទនាបំផុត ពេលខ្លះទឹកលិចត្រឹមទ្រូង ពេលខ្លះត្រឹមករក៏មាន។ ពេលទឹកលិចម្តងៗគ្មានកន្លែងដេកទេ នាំកូននាំចៅ ទៅក្រាលថង់កៅស៊ូដេកគរគ្នាតាមចិញ្ចើមថ្នល់។ ខ្ញុំឧស្សាឈឺណាស់ ឈឺក្បាល វិលមុខ ផ្តាសាយ ព្រោះទ្រាំនឹងក្លិនស្អុយមិនបាន។ ជាពិសេសចៅខ្ញុំតែម្តង ពួកវាឈឺក្តៅ រាកបន្តគ្នា»។
«ពេលទឹកលិចមក គ្មានអ្នកណាម្នាក់លក់អីកើតទេ ខ្ញុំក៏គ្មានលក់អីកើតដែរ ទឹកលិចតែទាំងអស់នឹង...។ នេះជាការលើក ឡើងរបស់លោក ញ៉ែម សៅ ដែលរស់នៅតាមបណ្តោយលូទឹកស្អុយនេះ ជាងប្រាំមួយឆ្នាំមកហើយ។ជាអ្នកលក់ដូរគ្រឿងទេស នៅមាត់លូនេះ លោក ញ៉ែម សៅ បន្តថា៖«ពេលខ្លះភ្លៀងរហូតពេកទៅរកតែលុយទិញបាយអោយកូនមិនបានផង។ និយាយពីលាមកវិញ អណ្តែតពេញនឹងតែម្តង»។
និយាយពីការរស់នៅរបស់ក្មេងៗនៅតាមបណ្តោយលូនេះវិញ កុមារី ស្រីណា អាយុដប់ឆ្នាំ ដែលមករស់នៅជាប់មាត់លូទឹកស្អុយនេះតាំងពីនាងមានអាយុប្រាំឆ្នាំនោះ ក៏បានអោយដឹងផងដែរថា៖«នៅទីនេះលំបាកណាស់ សំរាមហូរចាក់គរក្រោមផ្ទះឡើងស្អុយ»។ ពេលភ្លៀងលិចម្តងៗ ស្រីណា ត្រូវឆ្លងទឹកមករកកន្លែងទួលនៅក្នុងភូមិ ព្រោះផ្ទះរបស់របស់នាងទឹកលិចចូលពេញ។ ស្រីណា បានបន្ថែមថា៖« ពេលភ្លៀងលិចសត្វក្អែប ដង្កូវអី វាចូលផ្ទះតែម្តង គួរអោយខ្ពើមណាស់។ ហើយខ្ញុំក៏ឧស្សាឈឺ រាក ផ្តាសាយ តឹងច្រមុះផងដែរព្រោះក្លិនស្អុយពេក»។
ដោយឡែកកុមារីស្រីនាតវិញ បាននិយាយថា រូបគេមិនចង់រស់នៅទីនេះទេ នៅពេលដែលទឹកលិច។ «ខ្ញុំ ឧស្សាហ៍ឈឺណាស់ ដូចជា រាករួស ផ្តាសាយ និងឈឺក្បាលជាដើម»។
ប្រជាពលរដ្ឋនៅតំបន់មាត់លូទឹកស្អុយចុងខាងត្បូង ជាពិសេសកុមាររស់នៅប្រឈមខ្លាំងនឹងបញ្ហាគ្រោះថ្នាក់សុខភាពរៀងរាល់ថ្ងៃ។ ពួកគេរំពឹងថា អាជ្ញាធរ ឬស្ថាប័នដែលពាក់ព័ន្ធនឹងជួយយកចិត្តទុកដាក់សំអាត ដើម្បីអោយបរិយាកាសនៅទីនេះបានល្អប្រសើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com