ជាតិ
សង្គមជាតិ
កម្មវិធីសប្បុរសធម៌សណ្ឋាគារវិចតូរីយ៉ា រកថវិកាជាង១ម៉ឺនដុល្លារជួយពេទ្យកុមារអង្គរ
×
សៀមរាប៖ រាត្រីសប្បុរសធម៌ ដែលរៀបចំឡើងដោយសណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត និងស្ប៉ា (Victoria) មានសប្បុរសជនជាងមួយរយនាក់ចូលរួម។ កម្មវិធីរាត្រីស្រមោលស ដែលធ្វើឡើងក្នុងគោលបំណងរកថវិកាជួយដល់កុមារក្រីក្រនេះដែរ ទទួលបានការចាប់អារម្មណ៍ និងចូលរួមពីសប្បុរសជន ដែលសរុបជាទឹកប្រាក់មានចំនួនជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
រាត្រីសប្បុរសធម៌ ក្រោមប្រធានបទ «កុមាររបស់យើង អនាគតរបស់យើង (Our Children, Our Future)» របស់សណ្ឋាគារ វិចតូរីយ៉ា អង្គរ បានដំណើរការដោយរលូន និងមានការកោតសរសើរជាច្រើន ពីសំណាក់ភ្ញៀវចូលរួម។ អ្នកចូលរួម ដែលមួយចំនួនធំ ជាសប្បុរសជនខ្មែរ និងមានទាំងក្មេងទាំងចាស់ បានរីករាយចំពោះ ការសម្តែងរបាំថ្មី បែបប្រពៃណីខ្មែរ លាយអឺរ៉ុបផងនោះ។
អ្នករៀបចំកម្មវិធី លោក ចាន់ សុភា អនុប្រធានក្រុមហ៊ុន និងសណ្ឋាគារ វិចតូរីយ៉ា បាននិយាយថា កម្មវិធីសប្បុរធម៌ដែលរៀបចំសម្រាប់រកថវិកាជួយមន្ទីរពេទ្យកុមារអង្គរនៅរាត្រីថ្ងៃទី១៣ ធ្នូ កន្លងទៅថ្មីៗនេះ រកថវិកាចំនួន១,២២៦៥ ដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា ថវិកាទាំងនោះ រាប់ទាំងអ្នកដែលចុះឈ្មោះចូលរួម១២៥នាក់ដោយបង់ថ្លៃក្នុងម្នាក់៨៥ដុល្លារ និងក្រៅពីនេះ មានការដេញថ្លៃលក់រូបថតស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងមួយចំនួន មានការឧបត្ថម្ភពីសាលាខេត្តសៀមរាប។
ការរៀបចំកម្មវិធីនេះ ពុំមានគោលបំណងរកប្រាក់ចំណេញអ្វីនោះទេ ជារួមថវិកាដែលបានពីកម្មវិធីអាហារពេលល្ងាច គឺជាទឹកចិត្តរបស់សប្បុរសជន ដែលបានបរិច្ចាគទាំងស្រុងទៅដល់កុមារ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារអង្គរ។ នេះជាការបញ្ជាក់របស់ លោក ចាន់ សុភា។
លោក ងួន ចាន់សុភក្ត្រា អនុប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងកោតសរសើរចំពោះអ្នកចូលរួម និងជាពិសេសសណ្ឋាគារ វិចតូរីយ៉ា ដែលប្រឹងប្រែងស្វះស្វែងរកថវិកា ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យរបស់លោក។ លោក ចាន់សុភក្ត្រា បានបន្ថែមថា ក្នុងមួយថ្ងៃ មានកុមារ ដែលមកព្យាបាលក្នុងមន្ទីរពេទ្យកុមារអង្គរចំនួន៥០០នាក់ ហើយចាប់ពីកសាងក្នុងឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ននេះ មានកុមារសរុបប្រមាណ១លាន ៥សែននាក់ហើយ ដែលបានមកព្យាបាលក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ។ លោករំពឹងថា ស្ថាប័នឯកជន ជាច្រើនទៀត នឹងបន្តរាល់សកម្មភាពរបស់ខ្លួន ដើម្បីរកថវិកាក្នុងទឹកចិត្តសប្បុរសធម៌ ជួយកុមារក្រីក្រ ដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាល ជាពិសេសកុមារក្រីក្រក្នុងប្រទេសកម្ពុជា។
គួររំលឹកថា មន្ទីរពេទ្យកុមារអង្គរ បង្កើតឡើងដោយអ្នកថតរូបជនជាតិអាមេរិកកាំង ដើមកំណើតជប៉ុនម្នាក់ គឺលោក KenroLzuដែលជាអ្នកថតរូបអាជីពម្នាក់។ អំឡុងខែវិច្ឆិកា ឆ្នាំ២០១៤នេះ មន្ទីរកុមារមួយទៀត ត្រូវបានបង្កើតនៅក្នុងប្រទេសឡាវ ក្នុងគោលបំណងដូចគ្នានឹងមន្ទីរពេទ្យខេត្តសៀមរាប គឺដើម្បីសង្គ្រោះជីវិតកុមារក្រីក្រ ដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាលជំងឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com