ជាតិ
សង្គមជាតិ
ILO និង GMAC និង​ចុះ​កិច្ចព្រមព្រៀង ក្នុងការ​លុបបំបាត់​ព​លកម្ម​កុមារ​នៅ​កម្ពុជា
18, Dec 2014 , 8:05 am        
រូបភាព
គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង ក្នុង​គោលបំណង​លុបបំបាត់​ពលកម្ម​កុមារ នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃទី១៨ធ្នូ វេលា​ម៉ោង៣រសៀល នៅ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៦ធ្នូ របស់​សមាគម​កាត់ដេ​រ​នៅ​កម្ពុជា ។


កិច្ចព្រមព្រៀង​នេះ គឺ​ផ្ដោតលើ​កិច្ចសហការ​រវាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ក្នុង​ដំណើរការ​ស៊ើបអង្កេត និង​ការដោះស្រាយ​ពលកម្ម​កុមារ​ដែល​បាន​រកឃើញ។ នៅក្នុង​សេចក្ដីប្រកាស​ដដែល​បាន​បន្ថែមថា នៅពេល​កម្មករ​អាយុ​ក្រោម១៥ឆ្នាំ ត្រូវបាន​រកឃើញ ពួកគេ​នឹងត្រូវ​បានផ្ដល់​ស្ថាប័ន​បង្រៀន វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ត្រូវបាន​ផ្ដល់ប្រាក់​ឈ្នួល​ប្រចាំខែ ជា​មធ្យម​ដែល​រោងចក្រ​ផ្ដល់ រហូតដល់​ពួកគេ​មាន​អាយុ១៥ឆ្នាំ។ ការលុបបំបាត់​ពលក​ម្ម​កុមារ​ប្រកបដោយ​សុវត្ថិភាព គឺជា​គោលដៅ​មួយ​របស់​ដៃគូរ​ភាគី របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែលមាន​ដូចជា​រាជរដ្ឋាភិបាល សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​សហជីព។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ការស៊ើបអង្កេត​អាយុ និង​ដំណោះស្រាយផ្សេងៗនៃ​ការចំណាយ ពី​រោងចក្រ​ដែលជា​សមាជិក។

កន្លងមក​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង ធ្លាប់បាន​បញ្ជាក់ថា រដ្ឋាភិបាល​និង​ប្ដេជ្ញា​ប្រឆាំង​ទៅនឹង​ពលកម្ម​កុមារ និង​គោលដៅ​កាត់បន្ថយ​រូបភាព​ពលកម្ម​កុមារ ក្នុង​វិស័យ​ទាំងអស់​ទូទាំងប្រទេស​ពី១៦,៥ភាគរយ នៅ​ឆ្នាំ១៩៩៩ មក​ត្រឹម ៨ភាគរយ​នៅ​ឆ្នាំ២០១៤ និង​លុបបំបាត់​ទាំងស្រុង នៃ​ទម្រង់​ពលកម្ម​កុមារ​ដ៏​ធ្ងន់ធ្ងរ​បំផុត ត្រឹម​ឆ្នាំ២០១៦៕



© រក្សាសិទ្ធិដោយ thmeythmey.com