ជាតិ
សង្គមជាតិ
កម្ពុជា​ចែករំលែក​បញ្ហា​អនាម័យ​ជនបទ​ដល់​ប្រទេស​មានការ​អភិវឌ្ឍន៍​តិចតួច
18, Dec 2014 , 2:08 pm        
រូបភាព
សៀមរាប៖ កិច្ចប្រជុំ​ថ្នាក់​តំបន់ រវាង​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ការអភិវឌ្ឍ​ន៍​តិចតួច មាន​ប្រទេស​ចំនួន៨ ចូលរួម។ ជា​សមាជិក​មួយរូប ប្រទេស​កម្ពុជា គ្រោង​នឹង​លើក​បញ្ហា​អនាម័យ​នៅតាម​ទីជនបទ ដែល​កម្ពុជា​សម្រេចបាន​នាពេល​កន្លង ដើម្បី​ចែករំលែក​ដល់​ប្រទេស​ចំនួន៧ទៀត ឲ្យ​បានដឹង និង​រៀន​ពីបទ​ពិសោធន៍​មួយចំនួន។



ប្រទេស​មានការ​អភិវឌ្ឍ​ន៍​តិចតួច​ចំនួន៨ បានមក​ជួបប្រជុំ​ពិភាក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ចែករំលែក​បទពិសោធន៍​ជោគជ័យ និង​រក​ទិសដៅ​សហស​វត្សរ៍ សម្រាប់​អភិវឌ្ឍន៍​ប្រទេស នាពេល​អនាគត។ កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី ការសម្របសម្រួល​រវាង​ស្ថាប័ន គោលនយោបាយ​ឆ្លង​វិស័យ ដើម្បី​សម្រេចបាន​ទិសដៅ​អភិវឌ្ឍ​សហស​វត្សរ៍។

លោក លី ផុ​ច ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ Escap បាន​និយាយថា កម្ពុជា​បាន​ត្រៀម​របៀបវារៈ​ចំនួន២ សម្រាប់​ចែករំលែក​ដល់​បណ្តា​ប្រទេស​ដែល​គេ​មើលឃើញថា មានការ​រីកចម្រើន​យឺត​ជាង​កម្ពុជា។ របៀបវារៈ​ទាំងនោះ រួមមាន បញ្ហា​អនាម័យ​នៅតាម​ទីជនបទ និង​មួយទៀត គឺ​ការទំនាក់ទំនង​រវាង​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្តន៍​នាពេល​កន្លងមក។

ក្រៅពី​កម្ពុជា ប្រទេស​ជា​សមាជិក​ផ្សេងទៀត​ក៏​គ្រោង​នឹង​ចែករំលែក របៀប​គ្រប់គ្រង​ក្នុងប្រទេស​ពួកគេ ដល់​ប្រទេស​ជា​សមាជិក​បានដឹង​ផង​ដែរ ដូចជា​ប្រទេស​នេ​បាល់ នឹង​ចែករំលែក​ពី​វិស័យ​សុខា​បាល។ គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ នូវ​របកគំហើញថ្មីៗ និង​រៀបចំ​យុទ្ធសាស្ត្រ វិភាគ ឆ្លង​វិស័យ ដើម្បី​ឲ្យ​គំលាត​ការអភិវឌ្ឍន៍​តិចតួច មានការ​រួម​តូច ឫ​ថយចុះ។

គួររំលឹកថា កិច្ចប្រជុំ​នេះ មាន​រយៈពេល២ថ្ងៃ នៅ​ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា Escap។ តំណាង​ប្រទេស​ដែល​ចូល​រួមមាន ប្រទេស​កម្ពុជា អា​ហ្វ​ហ្គា​នី​ដ្ឋា​ន នេ​បាល់ បង់​ក្លា​ដែ​ស ឡាវ មី​យ៉ាន់​ម៉ា អេស​ទី​ម៉​រ និង​ប៊ូ​ដ្ឋា​ន (Bhutan) ៕




© រក្សាសិទ្ធិដោយ thmeythmey.com