អន្តរជាតិ
ចិន​ខឹង​​សម្បារ​ក្រោយ​អាមេរិក​លក់​នាវាចម្បាំង​អោយ​តៃវ៉ាន់
20, Dec 2014 , 4:45 pm        
រូបភាព
សភា​អាមេរិក​ស​ម្រេ​អនុម័ត​ច្បាប់​ថ្មី​មួយទៀត​អនុញ្ញាតអោយ​ប្រ​ធានា​ធិ​តី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាច​ផ្ទេរ​នាវាចម្បាំង​បំពាក់​កាំជ្រួច​មី​ស៊ី​ល៤គ្រឿង​ទៅអោយ​រដ្ឋាភិបាល​តៃវ៉ាន់។ចំណែក​រដ្ឋាភិបាល​ចិន​ឯណោះ​វិញ​បង្ហាញ​ការខឹង​សម្បារ​ដោយ​ស្នើអោយ​ក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​ការលើក​សព្វាវុធ​ដល់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​កទៀត។


លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ៖



សភា​អាមេរិក​បានអនុម័ត​ច្បាប់​ថ្មី​មួយ ដោយ​បើកផ្លូវ​អោយ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អាច​បញ្ជូន​នាវាចម្បាំង​បំពាក់​កាំជ្រួច​មី​ស៊ី​ល ៤គ្រឿង​ទៅអោយ​រដ្ឋាភិបាល​តៃវ៉ាន់។ លោក អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​អនុម័ត​ដោយ​សភា​នេះ​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​មកម្ល៉េះ ប៉ុន្តែ​ចិន​ដែល​មិនដែល​ចាត់ទុក​តៃវ៉ាន់​ជា​រដ្ឋ​នោះបាន​បង្ហាញ​ការខកចិត្ត​និង​ខឹងសម្បារ​ក្រុង​វ៉ាស៊ីនតោន​ជាខ្លាំង។ ក្រុង​ប៉េកាំង​បានប្រកាស​តវ៉ា​ចំពោះ​ការយល់ព្រម​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅអោយ​តៃវ៉ាន់ ហើយ​ស្នើ​សុំអោយ​រដ្ឋាភិបាល​អាមេរិក​បញ្ឈប់​ការបន្ត​លក់​សព្វាវុធ​ទៅអោយ​តៃវ៉ាន់ ដោយ​លើក​ហេតុផល​ថា ទឹកដី​តៃវ៉ាន់​ជា​កោះ​របស់ខ្លួន​តែប៉ុណ្ណោះ។

តាមពិតទៅ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សម្រេច​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ច្បាប់​ថ្មី​នេះ​ក៏​កំណត់​ពី​ការបើកផ្លូវ​ដល់​រដ្ឋាភិបាល​អាមេរិក​បញ្ជូន​សព្វាវុធ (នាវា​បួន​គ្រឿង) ទៅអោយ​តៃវ៉ាន់ ដោយ​ការបញ្ជូន​សព្វាវុធ​នេះ​ជា​កាតព្វកិច្ច​ផ្លូវច្បាប់​របស់​សហរដ្ឋអាមេរិក។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិតជា​មិន​ពេញចិត្ត​ឡើយ​ចំពោះ​ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន ជាពិសេស​ច្បាប់​ថ្មី​ដែល​អនុម័ត​ដោយ​សភា​នោះ។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ចិន​នៅតែ​ប្រឆាំង​រាល់​ការផ្គត់ផ្គង់​អាវុធ​ទៅដល់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក ហើយ​ចិន​ត្រូវតែ​បង្ហាញ​ការតវ៉ា​តាម​ផ្នែក​ការទូត​ដើម្បី​ជំរុញ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពិចារណា​លើ​សកម្មភាព​របស់ខ្លួន។

យ៉ាងណាក៏ដោយ​ក្រៅពី​បង្ហាញ​ការប្រឆាំង​អ្នកនាំពាក្យ​ចិន​ខាងលើ បាន​ព្រមាន​ថា បញ្ហា​តៃវ៉ាន់​ជា​រឿង​ដែលរ​ស៊ើប​បំផុត និង​អាចធ្វើអោយ​ប៉ះពាល់​ដល់​ចំពោះ​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​សហរដ្ឋអាមេរិក។ ដោយឡែក​រដ្ឋាភិបាល​តៃវ៉ាន់​បានប្រកាស​ស្វាគមន៍​ការអនុម័ត​ច្បាប់​លក់​អាវុធ​អោយ​ខ្លួន​ដោយ​សភា​អាមេរិក និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ រដ្ឋាភិបាល​នេះ​ក៏​ប្រកាសថា ខ្លួន​នឹង​កំណត់​ទំហំ​ថវិកា​សម្រាប់​ទិញ​សព្វាវុធ​ថ្មី​នេះ​នៅ​ឆ្នាំក្រោយ។ ការទទួលបាន​សព្វាវុធ​ថ្ម​នេះ នឹង​ជួយ​អោយ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក អាចមាន​លទ្ធភាព​ការពារ​ខ្លួន ទប់​ទលនឹង​ការវាយប្រហារ​របស់​ក្រុង​ប៉េកាំង​ដែលជា​សត្រូវ​ជិតខាង​ខ្លួន។

សហរដ្ឋអាមេរិក ទទួលស្គាល់​ប្រទេស​ចិន​តែមួយ ប៉ុន្តែ​ប្រទេស​នេះ​ក៏មាន​កាតព្វកិច្ច​មួយ​ក្នុងការ​ផ្គត់ផ្គង់​សព្វាវុធ​សម្រាប់​ពង្រឹង​វិស័យ​ការពារជាតិ​ដល់​រដ្ឋាភិបាល​តៃវ៉ាន់។ យ៉ាងណាក៏ដោយ ក្រុង​ប៉េកាំង​មិនបាន​ខ្វល់ខ្វាយ​ថា​វា​ជា​កាតព្វកិច្ច​ផ្លូវច្បាប់​ឬ​យ៉ាងណាទេ ដោយ​ចិន​ប្រឆាំង​រាល់​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​កោះ​តៃវ៉ាន់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​ហើយ​ថា ខ្លួន​ចាត់ទុក​តៃវ៉ាន់​ត្រឹមតែ​ជា​ដែន​កោះ​មួយ​របស់ខ្លួន​ប៉ុណ្ណោះ​ដែល​ទាមទារ​ផ្តាច់ខ្លួន​ប៉ុណ្ណោះ ហើយ​ក្រុង​ប៉េកាំង​នឹង​ប្រើប្រាស់​កម្លាំង​ដើម្បី​យក​ទឹកដី​មកវិញ​ប្រសិនបើ​ចាំបាច់។

គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​អាមេរិក និង​ចិន​ប្រឈមមុខ​បញ្ហា​អស់​ពេល​យូរ​មកហើយ​ដោយសារ​ប​ញ្ហា​កោះ​តៃវ៉ាន់ ដែល​កោះ​នេះ​បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ក្រោយពេល​កងកម្លាំង​ជាតិនិយម​ចាញ់​សង្គ្រាម​កងទ័ព​កុម្មុយនីស្ត​នៅ​ឆ្នាំ ១៩៤៩ ។ ចំណែក​ទំនាក់ទំនង​ចិន​និង​តៃវ៉ាន់​ដែល​ធ្លាប់​តានតឹង​បាន​ត្រលប់​មករក​ភាពល្អប្រសើរ​ក្រោយពេល​ប្រធានាធិបតី​តៃវ៉ាន់ Ma Ying Jeou ឡើងកាន់តំណែង​ឆ្នាំ ២០០៨ ៕


© រក្សាសិទ្ធិដោយ thmeythmey.com