អន្តរជាតិ
វៀតណាម​ទទួល​នាវាមុជទឹក​ទី​បី​ពី​រុស្ស៊ី​ក្នុង​ខែ​នេះ
21, Dec 2014 , 4:05 pm        
រូបភាព
កាលពី​ប៉ុន្មាន​ខែ​មុននេះ​វៀតណាម​បានទទួល​នាវាមុជទឹក២គ្រឿង​រូ​ច​ទៅ​ហើយពី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ហើយ​កាលពី​សប្តាហ៍​មុននេះ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បង្ហើប​ថា នាវាមុជទឹក​ទី​បី​ទើបតែ​ចេញដំណើរ​ពី​រុស្ស៊ី​ឆ្ពោះ​មក​កំពង់ផែ​វៀតណាម​កាលពីសប្តាហ៍មុន។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នាវាមុជទឹក​មួយគ្រឿងរ​បស់​វៀតណាម​បាន​ទៅដល់​កំពង់ផែ​យោធា​ត្រៀម​រៀបចំ​ពិធី​ខួប​លើក​ទី៧០នៃ​កងទ័ព​ប្រជាជន​វៀតណាម​នៅ​ថ្ងៃស្អែក​នេះ។


វៀតណាម​បានទទួល​នាវាមុជទឹក​មួយគ្រឿង​ថ្មី​ទៀត​ពី​សហព័ន្ធរុស្ស៊ី ក្រោម​កិច្ចព្រមព្រៀង​មានតម្លៃ​ប្រមាណ២ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ភាគី​ទាំង​ពីរបាន​ចុះ​តាំងពី​ឆ្នាំ២០០៩ ។ មន្ត្រី​រដ្ឋាភិបាល​វៀតណាម​បានអោយដឹងថា នាវាមុជទឹក​ទី​បី​ត្រូវបាន​បញ្ជូន​ចេញពី​រុស្ស៊ី​កាលពី​សប្តាហ៍​មុន ក្រោយ​ពេលដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​លិខិតស្នាម​បន្ទាប់បន្សំ​មួយចំនួន​ទាក់ទង​ការមើល​ថែទាំ និង​ជួសជុល​នាវា​នៅ​ទីក្រុង St. Petersburg។

យ៉ាងណា​ក៏​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​គេ​ឃើញ​វត្តមាន​នាវាមុជទឹក​មួយគ្រឿង​នៅក្នុង​កំពង់ផែ​យោធា ដោយ​នាវា​ថ្មី​នេះ​ត្រៀមខ្លួន​សម្រាប់​ចូលរួម​ពិធី​ខួប​លើក​ទី៧០នៃ​ការបង្កើត​កងកម្លាំង​ប្រជាជន​វៀតណាម​នៅ​ថ្ងៃស្អែក។ បើតាម​ការ​អោយដឹងពី​មន្ត្រី​យោធា​វៀតណាម នាវាមុជទឹក​ថ្មី​មាន​ឈ្មោះថា HQ183 Hai Phong បាន​ចាក​ចេញពី​រុស្ស៊ី​នៅ​ថ្ងៃ ១០ ធ្នូ ហើយ​ឆ្ពោះទៅកាន់​កំពង់ផែ​យោធា Cam Ranh នៅ​វៀតណាម​កណ្តាល ដែលជា​ទីកន្លែង​ដែល​នាវាមុជទឹក​ពី​ទៀត HQ182 Hanoi និង HQ183 Ho Chi Minh City កំពុង​សំចត​នៅ។ នាវាចម្បាំង​ថ្មី​ទី​បី​នេះ​ត្រូវបាន​គេ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០១២ ហើយ​គេ​ចំណាយពេល១៧ខែ​សម្រាប់​ការសាងសង់​នេះ ប៉ុន្តែ​នៅ​ខែ​មិនា​នាវា​នេះ​ស្ថិតក្នុង​ការសាកល្បង​ជា​ចុងក្រោយ។

ចំណែក​នាវាមុជទឹក​ទី​បួន ទើបតែ​ដាក់​សាក​ល្ប​អោយ​ប្រតិបត្តិការ​តាម​សមុទ្រ​កាលពី​ខែ​ពាក់កណ្តាល​ខែមិថុនា ហើយ​នាវា​ទី​ប្រាំ​នឹង​ចាប់ផ្តើម​បញ្ចេញ​អោយ​សាកល្បង​នៅ​ខែ​មិនា​ឆ្នាំក្រោយ និង​ទី៦ គេ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែឧសភា​ឆ្នាំ​ក្រោយនេះ។ វៀតណាម​បាន​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា ហើយ​ក្រុង​ហាណូយ​នេះ​បាន​ទិញ​សព្វាវុធ​ជាច្រើន​រួមទាំង​យន្តហោះ​ចម្បាំង និង​នាវាមុជទឹក​ជាច្រើន​គ្រឿង​ពី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ការធ្វើ​ទំនើបកម្ម​យោធា ដោយ​ពង្រីក​ថវិកា​យោធា និង​ទិញ​សព្វាវុធទំនើបៗច្រើនសន្ធឹក​សន្ធាប់​នេះ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ត្រៀមលក្ខណៈ​ទប់ទល់​ជាមួយ​មហា​យក្ស​ចិន​ដែល​កំពុង​កោងកាច​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ខ្លួន។

បើទោះជា​វៀតណាម​មាន​នាវាចម្បាំង ឬ​នាវាមុជទឹក​តិច​ណាស់​បើ​ប្រៀប​នឹង​ចិន វា​ក៏​អាចមាន​លទ្ធភាព​ធ្វើអោយ​ចិន​ញរញើត និង​មិនអាច​បន្តធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដូច​មុន​ឡើយ។ គួរ​បញ្ជាក់ថា នាវាមុជទឹក​ដែល​វៀតណាម​ទិញ​ពី​រុស្ស៊ី​នេះ​មាន​ទម្ងន់ ២៣០០តោន ដឹក​មនុស្ស​បាន​ជិត៦០នាក់ មុជ​ទឹកបាន​ជម្រៅ ៣០០ម៉ែត្រ ព្រមទាំង​ធ្វើដំណើរ​បាន​ចម្ងាយ ៦ពាន់​ទៅ ៧៥០០ម៉ា​ល៍ ក្នុង​រយៈពេល៤៥ថ្ងៃ​ឥត​ឈប់។ ក្រៅពីនេះ​នាវា​នេះ​មាន​បំពាក់​សព្វាវុធទំនើបៗជាច្រើន​មាន​ទាំង​កាំជ្រួច​មី​ស៊ី​លបាញ់​យន្តហោះ​រយៈ​ម្ងា​យ​ឆ្ងាយ កាំជ្រួច​ការពារ​អាកាស និង​បាញ់​យន្តហោះ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com