អន្តរជាតិ
មនុស្ស១០០នាក់​ត្រូវ​ប្រហារជីវិត​ព្រោះ​ចង់​ចាក​ចេញពី​ក្រុម​រដ្ឋ​ឥស្លាម
21, Dec 2014 , 6:20 pm        
រូបភាព
កងកម្លាំង​សកម្មប្រយុទ្ធ​បរទេស ១០០នាក់​ត្រូវបាន​កងកម្លាំង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​កាត់ទោស​ប្រហារជីវិត​ដោយសារតែ​ពួកគេ​ចង់​រត់ចោលជួរ។ ការលើកឡើង​ពី​ការសម្លាប់​រង្គាល​នេះ​កងកម្លាំង​ចង់​រត់ចោលជួរ​នេះ កើតឡើង​ស្រប​ពេលដែល​សហរដ្ឋអាមេរិក​លើកឡើង​ពី​ជ័យជំនះ​បរស់​ខ្លួន​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដោយ​សង្គ្រាម​ផ្លូវអាកាស។


របាយការណ៍​មួយ​បាន​បញ្ជាក់ថា កងកម្លាំង​សកម្មប្រយុទ្ធ​បរទេស​ប្រហែល ១០០នាក់​ត្រូវបាន​កងកម្លាំង​រដ្ឋ​ស​ឥស្លាម​សម្លាប់ចោល​ដោយសារ​ពួកគេ​មាន​ចេតនា​រត់ចោលជួរ និង​ទម្លាក់អាវុធ​ឈប់​ប្រយុទ្ធ​ទៀត។ កង​ម្លាំ​ង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បាន​ដែល​រង​ការសម្លាប់​រង្គាល​ដោយសារ​ព្យាយាម​រត់ចេញ​ពី​ក្រុម​នោះ ភាគច្រើន​មើលឃើញថា ពួកគេ​កំពុង​ប្រយុទ្ធ​ដោយ​គ្មាន​ឈប់ឈរ និង​ផ្សងព្រេង​ដើម្បី​ការស្លាប់​តែប៉ុណ្ណោះ។ ពួកគេ​ចង់​ចាក​ចេញពី​ក្រុម​នឹង​ត្រលប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់​អាច​រួច​ពី​ការប្រហារជីវិត​ឡើយ។

បើតាម​អ្នកជំនាញ​បានអោយដឹងថា ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​បា​នងបង្កើត​គោលនយោបាយ​របស់ខ្លួន​ដោយ​បង្កើត​កងកម្លាំង​តម្រួត​ប៉ូលីស​ដើម្បី​ឃ្លាំមើល និង​ដាក់ទណ្ឌកម្ម​កងកម្លាំង​ណាមួយ​ដែល​គ្មាន​ឆន្ទៈ​ចង់​ប្រយុទ្ធ​បន្តទៀត។ មិនមែនជា​រឿង​ចម្លែក​ឡើយ​ដែល​ចាំបា​ច់​ត្រូវមាន​ការតាមដាន​ឃ្លាំមើល​តឹងរឹង​បែបនេះ ព្រោះ​កង​ម្លាំ​ង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ដែល​មកពី​ប្រទេស​ចម្រុះ​បង្ហាញ​ពី​ការព្រួយបារម្ភ​និង​ខកចិត្ត​ខ្លាំង​ដោយសារ​ការ​ផ្សងព្រេង​ប្រយុទ្ធ​មិនមាន​ផ្លែ​ការ​អ្វី ក្រៅពី​លះបង់​ជីវិត​នោះ។

ចាប់តាំងពី​មាន​ចលនា​ក្រុម​រដ្ឋ​ឥស្លាម​នេះ​ផុស​ឡើង គេ​វាយតម្លៃថា ចំនួន​ក្រុម​កងកម្លាំង​បរទេស​ដែល​បាន​ឆ្លងដែន​ទៅ​ស៊ី​រី និង​អ៊ីរ៉ាក់​មាន​សរុប​ប្រហែល ១១ពាន់​នាក់ ដែល​មកពី​ប្រទេស៧៤លើ​ពិភពលោក។ ក្នុងចំណោម​កងកម្លាំង​បរទេស​ជាង ១ម៉ឺន​នាក់ ប្រជាជន​មកពី​បារាំង អាល្លឺម៉ង និង​អង់គ្លេស​មាន​ច្រើន​ជា​គេ​បង្អស់ ហើយ​ប្រទេស​ទាំងបី​នេះ បាន​ប្រើប្រាស់​វិធានការ​តឹងរឹង​ជាច្រើន​ដើម្បី​ការ​ពារ​បញ្ហា​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅពេល​ពួកគេ​ត្រលប់មក​ប្រទេស​ពួកគេ​វិញ។

ដោយឡែក​កាលពីថ្មីៗនេះ ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ថា​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​បានសម្រេច​ជោគជ័យ​ដោយសារ​ការទម្លាក់​គ្រាប់បែក​បានសម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​នាក់ ក្នុងនោះ​មាន​មេដឹកនាំ​ជាន់ខ្ពស់​របស់​ពួកគេ​ផង។ ការសម្លាប់​បាន​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​នេះ អាចធ្វើអោយ​ក្រុម​កាន់តែ​ទន់ខ្សោយ និង​ខ្វះខាត​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ៕


© រក្សាសិទ្ធិដោយ thmeythmey.com