អន្តរជាតិ
មេដឹកនាំ​ចិន​ព្រមាន​ហុងកុង និង​ម៉ា​កាវ​ជុំវិញ​ការតវ៉ា​ទាមទារ​ប្រជាធិបតេយ្យ
21, Dec 2014 , 7:30 pm        
រូបភាព
មេ​ដឹក​កំពូល​ក្រុង​ប៉េកាំង​លោក Xi jinping បាន​ព្រមាន​ដល់​បណ្តា​ដែនដី​ពាក់កណ្តាល​ស្វយ័ត​របស់ខ្លួន ហុងកុង និង​ម៉ា​កាវ ដោយ​លើកឡើងថា​ទឹកដី​ទាំងអស់នេះ​ស្ថិត​ការគ្រប់គ្រង​របស់​ចិន។ មេដឹកនាំ​ខាងលើ​បាន​ថ្លែង​ដូច្នេះ​ស្របពេល​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ឡើងកាន់តំណែង​របស់​ប្រមុខ​នីតិប្រតិបត្តិ​តំបន់​ម៉ា​កាវ។


ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​ព្រមាន​ដល់​បណ្តា​តំបន់​រដ្ឋបាល​ពិសេស​ចិន​ទាំងពីរ ហុងកុង និង​ម៉ា​កាវ ដែល​ទាមទារ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដោយ​លោក​បាន​លើកឡើងថា ត្រូវ​ចាំ​ថា​ទឹកដី​ទាំងអស់​ខាងលើ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​តែមួយ។ លោក ស៊ី ជិន​ពីង បាន​ថ្លែង​ដូច្នេះ​នៅក្នុងពេល​ដែ​លោក​អញ្ជើញ​ចូលរួម​ក្នុង​អបអរសាទរ​ការឡើង​កាន់តំណែង​របស់​ប្រមុខ​នីតិប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ។ប្រមុខ​អង្គការនីតិប្រតិបត្តិ​តំបន់​ម៉ា​កាវ​លោក Fernando Chui បាន​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ ដោយសារ​មេដឹកនាំ​ម្នាក់នេះ​ជាម​នុស្ស​ស្និទ្ធ និង​គាំទ្រ​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ប៉េកាំង។

ចំណែក​ទាក់ទង​នឹង​ពាក្យសម្តី​មេដឹកនាំ​ចិន ការលើកឡើង​នេះ ជាការ​ព្រមាន​ដល់​បណ្តា​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ដែល​នៅ​ស្ថិតនៅ​តំបន់​ហុងកុង និង​ម៉ា​កាវ ដែល​កំពុងស្រែ​កដ​ង្ហើ​យ​រក​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ពេញលេញ​នោះ។ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​គេ​ក៏​ឃើញ​មាន​ប្រជាជន​ម៉ា​កាវ​ជាច្រើន​នាក់​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​តវ៉ា​នៅ​កណ្តាល​ទីក្រុង ស្របពេល​ដែល​លោក ស៊ី ជិន​ពីង ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ទៅកាន់​តំបន់​ខាងលើ ហើយ​ចលនា​បាតុកម្ម​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប៉ូលីស​នៅ​ហុងកុង​បោសសម្អាត​ទីតាំង​បាតុកម្ម​នៅ​តំបន់​ហុងកុង។

ក្មេងប្រុស​ម្នាក់​ជា​សិស្ស​វិទ្យាល័យ​មាន​វ័យ១៥ឆ្នាំ​បាន​លើកឡើងថា គេ​មិនអាច​ដឹង​ច្បាស់​ពី​អនាគត​តំបន់​ម៉ា​កាវ​ឡើយ ដូច្នេះ​គេ​ចាំបាច់​ត្រូវ​ចេញមុខ​ដើម្បី​តវ៉ា ដើម្បី​ប្រជាធិបតេយ្យ​និង​ដើម្បី​អនាគត​ទាំងអស់គ្នា។ ក្មេង​ម្នាក់នេះ​មាន​កាន់​ឆ័​ត្រ​ក្នុង​ដៃ ដែលជា​សញ្ញា​បដិវត្ត​ឆ័​ត្រ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​តំបន់​ហុងកុង​កន្លងមក។ កាលពី​ថ្ងៃ​សុក្រ​នៅពេល​ប្រធានាធិបតី​ចិន អ​ញ្ចើ​ញ​ទៅដល់ សន្តិសុខ​នៅក្នុង​តំបន់​ម៉ា​កាវ​ត្រូវបាន​រឹតបន្តឹង​យ៉ាងខ្លាំង ហើយ​អាជ្ញាធរ​បាន ហាមឃាត់​មិនអោយ​ប្រជាជន​កាន់​ឆ័​ត្រ​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com