សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃ​ចាត់​វិធាន​បញ្ឈប់​សកម្មភាព​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ប្រ៊ុយណេ
22, Dec 2014 , 4:49 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ថៃ​បាន​ផ្តើម​រឹតបន្តឹង​ច្បាប់​ដោយ​ចាត់វិធានការ​ពារ​និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​ប្រ៊ុយណេ។ចំណាត់ការ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ថៃ​និង​ប្រ៊ុយណេ​ក្រោយពី​មានការ​កើនឡើង​នូវ​ការនាំ​ខ្លួន​ប្រជាជន​ថៃ​ខុសច្បាប់​ទៅកាន់​ប្រទេស​ប្រ៊ុយណេ។



ក្នុង​រយៈពេលថ្មីៗនេះ​រដ្ឋាភិបាល​ថៃ​បានចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​និង​ទប់ស្កាត់​នូវ​បទល្មើស​នៃ​ការនាំ​ប្រជាជន​ថៃ​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​ប្រ៊ុយណេ។ចំណាត់ការ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​កិច្ចសហប្រតិបត្តិការ រវាង ថៃ និង​ប្រ៊ុយណេ ក្រោយពី​មានការ​កើនឡើង​នូវ​ការនាំ​ខ្លួន​ប្រជាជន​ថៃ​ខុសច្បាប់ ទៅកាន់​ប្រទេស​ប្រ៊ុយណេ​ហើយ​មានការ​រំលោភបំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​លើ​ជន​ទាំងនោះ។

នៅក្នុង​កិច្ចសម្ភាសន៍​រវាង​សារពត៌មាន The Brunei Times ឯកអគ្គរាជទូត​ថៃ​លោក​Apichart Phetcharatanaបាន​សម្តែង​ពី​ការព្រួយបារម្ភ​នៃ​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​ថៃ​ដែល​ត្រូវ​ជួញដូរ​ដោយ​ខុសច្បាប់​ទៅ​ប្រ៊ុយណេ​ជាពិសេស​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ។ហើយ​ដើម្បី​ឆ្លើយ​និង​ការកើនឡើង​នេះ​រដ្ឋាភិបាល​ថៃ​និង​ប្រ៊ុយណេ​បាន​សហការគ្នា​ដោយ​បង្កើត​នូវ​អនុស្សារណៈ​យោគយល់​គ្នា​លើ​ការ​ការជួញដូរ​មនុស្ស​ដែល​បានសម្រេច​ប្រមាណ​ជា៨០ភាគរយ​ហើយ​នោះ។

ការបង្កើត​អនុស្សារណៈ​យោគយល់​គ្នា​នេះ​គឺ​ក្នុង​គោលបំណង​ជំរុញអោយមាន​ការសហកា​រ​គ្នា​ក្នុងការ​ផ្តល់ព័ត៌មាន​ទាក់ទង​និង​ការអនុវត្តន៍​ច្បាប់​គ្រប់គ្រង​នៃ​បញ្ហា​ជួញដូរ​មនុស្ស​រវាង​ប្រទេស​ទាំងពីរ​ដែល​ការផ្សព្វផ្សាយ​នេះ​កាលណា​វា​មាន​លក្ខណៈ​កាន់​ទូលំទូលាយ​នៃ​ច្បាប់​នោះ​ប្រជាជន​នឹង​លែង​ហ៊ាន​ប្រព្រឹត្ត​នូវ​សកម្មភាព​នេះ។

លោក​អគ្គរាជទូត​ក៏បាន​បន្ថែមទៀតថា​ប្រជាជន​ថៃ​ដែល​ត្រូវបាន​ជួញដូរ​ទៅក្នុង​ប្រទេស​ប្រ៊ុយណេ​ភាគច្រើន​ជា​ស្ត្រី​ហើយ​ត្រូវបាន​គេ​យកទៅ​ជួញដូរ​ផ្លូវភេទ​និង​ជា​កម្មករ។លើសពីនេះទៅទៀត​ដោយសារ​ពួកគេ​ជា​ប្រជាជន​ដែល​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់​ពួកគេ​ត្រូវបាន​បំពាន​ដោយ​និយោជក​ឬ​ថៅកែ​ដែល​តែងតែ​មិន​ផ្តល់នូវ​ប្រាក់​ឈ្នួល​តាម​ការ​ការព្រមព្រៀង​ដែល​បានធ្វើ។ក្នុងនោះ​បើ​យោងតាម​ទិន្នន័យ​របស់​បូលីស​ថៃ​មាន​ករណី​នៃ​ការ​ជួញ​មនុស្ស​សរុប១៨៣ករណី​តែ​មិនទាន់មាន​ការកាត់ទោស​ឬ​ចំណាត់ការ​ដោះស្រាយ​ឡើយ។

គួរបញ្ជាក់​ផងដែរ​បញ្ហា​នៃ​ការជួញដូរ​មនុស្ស​គឺ​មិនមែន​កើតឡើង​តែ​នៅក្នុង​ប្រទេស​ថៃ​និង​ប្រ៊ុយណេ​នោះទេ​តែ​បញ្ហា​នេះ​កំពុងតែ​មានការ​កើនឡើង​នៅក្នុង​បណ្តា​ប្រទេស​មួយចំនួនទៀត​នៅក្នុង​អាស៊ីអាគ្នេយ៍​ដូចជា​មី​យ៉ាន់​ម៉ា​ម៉ាឡេស៊ី​និង​កម្ពុជា​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com