អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា៖ការវាយប្រហារ​ក្រុមហ៊ុន​Sonyមិនមែនជា​សង្គ្រាម​អ៊ិន​ធឺ​ណែ​ត
22, Dec 2014 , 8:00 pm        
រូបភាព

កូរ៉េខាងជើង​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​អ្នក​លួច​ទិន្នន័យ​ក្រុមហ៊ុន​ផលិត​វីដេអូ​Sony កាលពីថ្មីៗកន្លងមកនេះ។សមាជិកសភា​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​កូរ៉េខាងជើង​និង​ទាមទារ​អោយ​រដ្ឋាភិបាល​ពិចារណា​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ក្រុង​ព្យុងយ៉ាង។យ៉ាងណាក៏ដោយ​ប្រធានាធិបតី​អាមេរិក​បានប្រកាស​ថាស​កម្ម​ភា​លួច​ទិន្នន័យ​តាម​អ៊ិន​ធឺ​ណែ​ត​មិនមែនជា​សង្គ្រាម​អ៊ី​ន​ធឺ​ណែ​ត​នោះឡើយ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​រង​សម្ពាធ​និង​រង​ការចោទប្រកាន់ថា​ជា​អ្នក​ដែល​វាយប្រហារ​និង​លួច​ទិន្នន័យ​ក្រុមហ៊ុន​វីដេអូ​Sony តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​កាលពីថ្មីៗកន្លងទៅនេះ។យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​បដិសេធ​ការចោទប្រកាន់​និង​ព្រមាន​វាយប្រហារ​បក​វិញ​ផងដែរ​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​រឹងរូស​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន​ដូច្នេះ​នោះ។

ក្រោយ​មានការ​វាយប្រហារ​ក្រុមហ៊ុន​Sonyបានសម្រេច​ដក​វីដេអូ​មួយ​ដែល​និយាយ​ពី​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​ដែលមាន​ចំនងជើង​ថា“ The Interview” និង​មិន​បញ្ចាំង​វីដេអូ​នេះឡើយ​ដើម្បី​ឆ្លើយតប​ការទាមទារ​របស់​ក្រុម​Hackers។ដោយឡែក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់​អូ​បា​ម៉ា​ដែល​កំពុង​ស្ថិតក្នុង​វិសមកាល​នៅ​ហា​វ៉ៃ​បាន​ថ្លែងថា​រដ្ឋាភិបាល​របស់លោក​មិនបាន​ចាត់ទុក​សកម្មភាព​លួច​ទិន្នន័យ​តាម​អ៊ិន​ធឺ​ណែ​ត​ជា​សកម្មភាព​បង្ក​សង្គ្រាម​ឡើយ​ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​នឹង​ឆ្លើយតប​វិញ​អោយ​សមស្រប​ទៅនឹង​ការខាតបង់​របស់​ក្រុមហ៊ុន។

លោក​បាន​សង្កត់ធ្ងន់ថា​សកម្មភាព​របស់​ក្រុម​លួច​ទិន្នន័យ​បានធ្វើអោយ​មាន​ខាតបង់​ធំធេង​មិនអាច​គណនា​បាន​ហើយ​វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ឆ្លើយតប​ទៅវិញ។
កាលពី​ម្សិលមិញ​នេះ​បណ្តា​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​បានប្រកាស​ទាមទារ​អោយ​រដ្ឋាភិបាល​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ពិចារណា​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​និង​ពិនិត្យឡើងវិញ​នូវ​បញ្ជីខ្មៅ​ដែល​កូរ៉េខាងជើង​ធ្លាប់ជា​រដ្ឋ​ភេរវកម្ម​នោះ។

ចំណែក​លោក​អូ​បា​ម៉ា​បើទោះជា​លោក​បានលើកឡើង​ពី​ការឆ្លើយតប​ទៅកាន់​ក្រុម​អ្នក​លួច​ទិន្នន័យ​នោះ​ក៏ដោយ​ក៏​លោក​មិនបាន​បញ្ជាក់​អោយ​ច្បាស់​ឡើយ​ថា​តើ​រដ្ឋាភិបាល​អាមេរិក​នឹងត្រូវ​ឆ្លើយតប​ដោយ​របៀប​ណា​នោះទេ។ប៉ុន្តែ​អ្វីដែល​គេ​រំពឹង​នោះ​គឺ​សហរដ្ឋអាមេរិក​នឹង​ត្រួតពិនិត្យ​បញ្ជី​រដ្ឋ​ដែល​គាំទ្រ​ក្រុម​ភេរវជន​ហើយនឹង​អាចដាក់​ឈ្មោះ​កូរ៉េខាងជើង​ចូល​បញ្ជី​នោះ​ឡើងវិញ។

គួរ​រម្លឹក​ដែរ​ថា​កូរ៉េខាងជើង​ធ្លាប់​ស្ថិតក្នុង​បញ្ជី​រដ្ឋ​ភេរវកម្ម​ប​ន្តែ​នៅ​ឆ្នាំ២០០៨សហរដ្ឋអាមេរិក​បាន​សម្រេច​ដក​កូរ៉េខាងជើង​ចេញពី​បញ្ជី​របស់ខ្លួន​ក្រោយ​មានការ​ចរចា​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ។

ឆ្លើយតប​ការលើកឡើង​របស់លោក​អូ​បា​ម៉ា​រដ្ឋាភិបាល​កូរ៉េខាងជើង​កាលពី​ម្សិលមិញ​បានប្រកាស​វាយបក​វិញ​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​ចោទប្រកាន់​និង​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​កូរ៉េខាងជើង​ទៀត។គណកម្មការ​ការពា​ជាតិ​កូរ៉េខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ព្រមាន​អាមេរិក​ថា​កងទ័ព​និង​ប្រជាជន​កូរ៉េខាងជើង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ប្រឈមមុខ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ហើយ​កូរ៉េខាងជើង​ត្រៀមខ្លួន​ទទួល​រាល់​វិធានការ​អាមេរិក​រួមទាំង​សង្គ្រាម​អ៊ី​ន​ធឺ​ណែ​ត​ផងដែរ។

គួរ​បញ្ជាក់ថា​បញ្ហា​វាយប្រហារ​និង​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​តរបស់​ក្រុមហ៊ុន​វីដេអូ​Sony កើតឡើង​ក្រោយ​ពេលដែល​ក្រុមហ៊ុន​នេះ​បាន​ថតកុន​មួយ​ដែល​និយាយ​ពី​គម្រោង​របស់​ក្រុម​CIAអាមេរិក​ក្នុងការ​ធ្វើឃាត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​គីម​ជុង​អ៊ុន។យ៉ាងណាក៏ដោយ​កូរ៉េខាងជើង​នៅតែ​បដិសេធ​ការចោទប្រកាន់​គ្រប់យ៉ាង​និង​ស្នើសុំ​អោយមាន​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​រួមគ្នា​ទាក់ទិន​បញ្ហា​នេះ​ប៉ុន្តែ​អាមេរិក​ទាត់ចោល៕


© រក្សាសិទ្ធិដោយ thmeythmey.com