ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​អ្វី​ទៅជា​ការគ្រប់គ្រង​បារាយណ៍​ខាងលិច​របស់​សហគម​ន៍?
25, Dec 2014 , 4:29 pm        
រូបភាព
សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​គ្រប់គ្រង​ទឹក​បារាយណ៍​ខាងលិច ដែល​ស្ថិតក្នុង​តំបន់​អាជ្ញាធរ​អប្សរា។ កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ ស.ជ.ណ ផ្ទេរ​ភារកិច្ច​គ្រប់គ្រង​បារាយណ៍​ខាងលិច​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម មក​ឲ្យ​អាជ្ញាធរ​អប្សរា ជា​អ្នកគ្រប់គ្រង​ជំនួស។ លោក ហួត ហាយ ត្រូវបាន​បោះឆ្នោត ឲ្យ​ក្លាយជា​ប្រធាន​សហគមន៍​ថ្មី​ជំនួស​លោក ក្រួច​អេង ដែលមាន​វ័យ​ជរា។ ចង់ដឹងថា តើ​ការគ្រប់គ្រង​ទឹក​ក្នុង​បារាយណ៍​ខាងលិច មាន​សារប្រយោជន៍​អ្វីខ្លះ និង​ថា ការងារ​នេះ បានចាប់ផ្តើម​តាំងពី​ពេលណា​មក សូម​អាន​បទសម្ភាសន៍​ខ្លី​រវាង​អ្នកសារព័ត៌មាន​ថ្មី និង​លោក ក្រូច អេង ដែល​បាន​ក្លាយជា​ទីប្រឹក្សា​នៃ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​បារាយណ៍​ខាងលិច ដូចតទៅ។



អ៊ី​សា រ៉​ហា​នី៖ ប្រធាន​ថ្មី​ត្រូវបាន​ជ្រើសរើស​ហើយ តើ​លោក​គិតថា អ្នកថ្មី នឹង​អាច​គ្រប់គ្រង​ការងារ​បានល្អ​ដូច​លោក ដែរ​ឫ​ទេ?

ក្រួច អេង៖ គាត់​ធ្លាប់ជា​សមាជិក​ខាង​សហគមន៍​ដែរ ហើយ​ការងារ​គាត់​ល្អ។ ដោយសារ​ជរាភាព​ផង កន្លងមក​ខ្ញុំ​បានដាក់​ពាក្យ​ឈប់​ប៉ុន្មាន​ដង​ដែរ។ ខ្ញុំ​គិតថា គាត់(ប្រធាន​ថ្មី) នឹង​ជួយ​ធ្វើ​ការងារ​ជំនួស​ខ្ញុំ ឲ្យ​បានល្អ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ក្នុងភូមិ ឃុំ​យើង រឿង​ប្រើប្រាស់​ទឹក​បារាយណ៍​នេះ។

អ៊ី​សា រ៉​ហា​នី៖ លោក​អាច​ពន្យល់​បានទេ តើ​ការគ្រប់គ្រង​ទឹក​បារាយណ៍​មានន័យ​យ៉ាងដូចម្តេច ហើយ​ត្រូវ​បែងចែក​គ្នា​ដោយ​របៀប​ណា​ដែរ?

ក្រួច អេង៖ ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក​បារាយណ៍ គឺ​ធ្វើយ៉ាងណា​ធានាថា ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ សមភាព ឬ​ស្មើភាព​គ្នា ដើម្បី​បង្កបង្កើនផល​ស្រូវ និង​ដំណាំផ្សេងៗ ។ មូលហេតុ​ដែល​យើង​បង្កើន​សហគមន៍​នេះ​ឡើង គឺ​គ្រប់គ្រង ថែរក្សា ជួសជុល និង​ដើម្បី​រៀបចំ​លិខិត​ស្នើសុំ​ទឹក ទៅ​អ្នកគ្រប់គ្រង ដូច​សព្វថ្ងៃ​អាជ្ញាធរ​អប្សរា ជា​អ្នកគ្រប់គ្រង ពេល​មាន​តម្រូវការ យើង​ត្រូវ​ស្នើសុំ មុននឹង​បើកទឹក​ប្រើប្រាស់។ ភូមិ​ណា ត្រូវការ​ប្រើ​ទឹក ត្រូវ​ប្រាប់​សហគមន៍​ជាមុនសិន។

អ៊ី​សា រ៉​ហា​នី៖ តើ «សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​បារាយណ៍» ដែល​លោក​ជា​អ្នកគ្រប់គ្រង​តាំងពី​ដំបូង​មក​នោះ នៅ​ឆ្នាំ​ណា ហើយ​មាន​ប្រជាជន​ប៉ុន្មាន​គ្រួសារ?

ក្រួច អេង៖
សហគមន៍​បង្កើត​នៅ​ខែ ឧសភា ឆ្នាំ២០០៣ ។ យើង​មាន​អាណត្តិ៣ឆ្នាំ តែដោយសារ​ការជាប់រ​វល់ និង​ការងារផ្សេងៗ ទើប​ការបោះឆ្នោត​បន្ទាប់ បាន​ឈាន​រហូតមកដល់​ថ្ងៃទី២៥ ខែធ្នូ​នេះ។ ប្រព័ន្ធធារាសាស្ត្រ​បារាយណ៍​ខាងលិច ពាក់ព័ន្ធ៤៦ភូមិ ៨ឃុំ/សង្កាត់ មាន​ឃុំ​ខ្នាត ឃុំ​កែវ​ពណ៌ ឃុំ​ពួក និង​ឃុំ​សំរោង​យា ស្ថិតនៅ​ស្រុក​ពួក និង​សង្កាត់​ទឹក​វិល សង្កាត់​ក្របី​រៀល សង្កាត់​ស្រ​ង៉ែ និង​សង្កាត់​សំបូរ ក្រុង​សៀមរាប។ ក្នុងនោះ មាន​ស្រូវ ១២,០០០ហិកតា ដែល​ស្រូវវស្សា ៨០០០ហិកតា ស្រូវប្រាំង ៤០០០ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន ១០០០ហិកតា​ទៀត។

អ៊ី​សា រ៉​ហា​នី៖ តើ​ការបែងចែក ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក មាន​ដំណាក់​យ៉ាងណាខ្លះ?

ក្រួច អេង៖ វា​មាន៣ដំណាក់កាល។ ដំណាក់កាល​ទី១ យើង​ស្រោចស្រប់​ស្រែ​ដំឡើង​ទឹក ទី២ បណ្តេញ​ទឹក និង​ទី៣ ការស្រោចស្រប់​ស្រូវប្រាំង។ នៅ​មូលដ្ឋាន​ខ្ញុំ ការប្រើប្រាស់ ពុំមាន​ដាក់​វេន​គ្នា​ទេ ដោយសារ​ស្រែ​នៅ​ជិត​ប្រឡាយ​ស្រាប់ ចឹ​ងបើកដាក់ៗ ទាល់តែ​ពេញ។

អ៊ី​សា រ៉​ហា​នី៖ តើ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ មាន​យកលុយ​សេវា​អ្វី​ទេ?

ក្រួច អេង៖ មានការ​បង់ថ្លៃ​សេវា​ប្រើប្រាស់​ទឹក​ដែរ ក្នុង​មួយ​ហិកតា​តម្លៃ ១៥០០០ រៀល។ ជា​ទៀងទាត់ យើង​ប្រមូល​នៅ​ខែមេសា ឫ​ខែឧសភា ដោយមាន​វិក័យប័ត្រ​ត្រឹមត្រូវ។ ថវិកា​ដែល​បានមក យើង​រៀបចំ​ជួសជុល​បារាយណ៍ ឫ​ស្តារ​បារាយណ៍​ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com