ជាតិ
សង្គមជាតិ
«កាសែត​ខ្មែរ​ម្ចាស់​ស្រុក»ពិបាក​រស់ តែ​បន្ត​ចេញផ្សាយ
26, Dec 2014 , 10:49 am        
រូបភាព
     
ភ្នំពេញ៖ លោក ហង្ស ច​ក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដែលមាន​និន្នាការ​គាំទ្រ​អ្នកប្រជាធិបតេយ្យ ឬ​បក្សប្រឆាំង​គ្មាន​គម្រោង​ធ្វើ​ការអោយ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ទេ។ អ្នកកាសែត​ដែល​ធ្លាប់​ជាប់​ជាប់ពន្ធនាគារ​ជិត​មួយឆ្នាំ​ដោយសារ​សំណេរ​របស់ខ្លួន​កាលពី​ឆ្នាំ២០០៩បាន​និយាយថា គាត់​តស៊ូ​ធ្វើយ៉ាងណា​អោយ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដំណើរការ​ទៅមុខ​បន្តទៀត។



បើទោះបីជា​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាងណាក៏ដោយ​ក្តី ក៏​លោក ហង្ស ច​ក្រា ចាងហ្វាង​កាសែត​មួយ​នេះ​នៅតែ​គ្មាន​គម្រោង​បោះបង់​សំណេរ​របស់ខ្លួន​សម្រាប់​កាសែត​ខ្មែរ​ម្ចាស់​ស្រុក ហើយ​ទៅ​ចូលរួម​ធ្វើ​ការអោយ​ទូរទស្សន៍ និង​វិទ្យុ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហង្ស ច​ក្រា គឺជា​ចាងហ្វាង​ការផ្សាយ​នៃ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​ដែលមាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង និង​អ្នកប្រជាធិបតេយ្យ។ ការអត្ថាធិប្បាយ​របស់​លោក​បាន​ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​បានសម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍ និង​វិទ្យុ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហង្ស ច​ក្រា បាន​និយាយថា៖«ខ្ញុំ​គ្មាន​គម្រោង​ចូលរួម​ជាមួយ​បណ្តាញ​ព័ត៌មាន​របស់​គណបក្ស​ប្រឆាំង​ទេ។ ហើយក៏​គ្មាន​នរណាម្នាក់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​ខ្ញុំ​ដើម្បី​កិច្ចការ​ទូរទស្សន៍ និង​វិទ្យុ​នោះដែរ។ បើ​គេ​ទាក់ទង ក៏​ខ្ញុំ​មិន​ធ្វើ​ដែរ»។

លោក​បាន​បញ្ជាក់ថា លោក​ព្យាយាម​ស្វែងរក​ជំនួយ​ដើម្បី​បន្ត​ដំណើរការ​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​តទៅទៀត។ «យើង​ខ្វះ​ថវិកា​ដើម្បី​ដំណើរការ។ បច្ចុប្បន្ននេះ យើងរ​ស់បាន​ដោយសារ​ប្រាក់​ផ្ទាល់ខ្លួន និង​ប្រាក់​ពី​ការលក់​កាសែត»។ នេះ​គឺជា​ការបញ្ជាក់​របស់លោក ច​ក្រា ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជិត១ឆ្នាំ​ដោយសារ​សំណេរ​រិះគន់​មន្ត្រី​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០០៩កន្លងមក។ កាសែត​ខ្មែរ​ម្ចាស់​ស្រុក បើ​យោងតាម​លោក ហង្ស ច​ក្រា ក៏​ធ្លាប់​ទទួលបាន​ថវិកា​ខ្លះ​ពី​តំណាងរាស្ត្រ​បក្សប្រឆាំង​ដែរ​កាលពី​អតីតកាល តែ​ឥឡូវនេះ លោក​មិន​ទទួលបាន​ទៀតឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com