ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គ​ស្នងការរង​នគរបាលជាតិ​ឡើងដល់​ជិត២០នាក់​ហើយ
26, Dec 2014 , 12:45 pm        
រូបភាព
ដោយ: រួបរួម
តាមរយៈ​អនុក្រឹត្យ​ដែល​ចុះ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​បី​រូប ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ ដែល​ក្នុងនោះ​រួមមាន លោក ម៉ក់ ជី​តូ លោក ហ៊ឹម យ៉ាន និង​លោក ទូច ណារ៉ុថ។



ឆ្លើយតប​នឹង​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រមុខ​រដ្ឋាភិបាល បាន​ដំឡើង​ឋានន្តរសក្តិ​លោក ម៉ក់ ជី​តូ ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌ ទៅជា​អគ្គ​ស្នងការរង និង​លោក ហ៊ឹម យ៉ាន ពី​ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​សាធារណៈ​ទៅជា​អគ្គ​ស្នងការរង​ដូចគ្នា ស្របពេល​ដែល​លោក ទូច ណារ៉ុថ ទទួលបាន​តំណែង​ដូចគ្នានេះ បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន (ប្រធាន​នាយកដ្ឋានអង្គរក្ស)។

ការតែងតាំង​បន្ថែម​ថ្នាក់ដឹកនាំ​បី​រូបនេះ នាំ​ឲ្យ​ចំនួន​អគ្គ​ស្នងការរង​នគរបាលជាតិ កើន​ដល់​ជិត២០នាក់។ កន្លងមក បើតាម​សេចក្តីសម្រេច​បែងចែក​តួនាទី​ចុះ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ លោក នេ​ត សាវឿន ដែលជា​អគ្គស្នងការ​នគរបាល​ជាតិ មាន​អគ្គ​ស្នងការរង​ចំនួន១៤នាក់។

យោងតាម​សេចក្តីសម្រេច លោក នេ​ត សាវឿន ដែលជា​អគ្គស្នងការ ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម  លោក ចាន់ អ៊ា​ន ជា​ជំនួយ​ការដឹកនាំ​ការងារ​បុគ្គលិក លោក យុន ឈុ​ន្នី ជា​ជំនួយ​ការដឹកនាំ​ការងារ​សណ្តាប់ធ្នាប់ ចរាចរណ៍ ទេសចរណ៍ និង​បេ​តិក​ភ័​ណ្ឌ លោក ស៊ឹម សុផល ជា​ជំនួយ​ការដឹកនាំ​ការងារ​នគរបាល​ព្រំដែន ទទួល​ទិស​ភូមិភាគ ៣ ។

លោក ខេង សុមេធ ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិស​ភូមិភាគ ៤ និង​ភូមិភាគ ៥ លោក កង សុខន ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ព្រហ្មទណ្ឌ ការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ​និង​ការងារ​ប្រឆាំង​គ្រឿងញៀន លោក ដាំ វុទ្ធី អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ព្រំដែន ទទួល​ទិស​ភូមិភាគ ១ និង​ភូមិភាគ ២ លោក ជួន សុវណ្ណ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

លោកស្រី យក់ សុខា ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ការងារ​យែ​ន​ឌ័​រ​របស់​កងកម្លាំង​នគរបាលជាតិ លោក សួស អង្គា​រ៍ អគ្គ​ស្នងការរង ជំនួយការ​ដឹកនាំ​ការងារ​អាវុធជាតិផ្ទុះ និង​អគ្គិភ័យ  លោក ជា សុ​មេធី ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ជំនួយការ​ដឹកនាំ​ការងារ​សេនាធិការដ្ឋាន លោក ថោង លីម ជំនួយការ​ដឹកនាំ​ការងារ​ចារកម្ម និង​ក្រុមប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក ឆៃ ស៊ីណា​រិ​ទ្ធ ជំនួយការ​ដឹកនាំ​ការងារ​សន្តិសុខ​ផ្ទៃក្នុង ការងារ​ប្រឆាំង​ភេ​វរ​កម្ម​និង​ការងារ​ស៊ើបអង្កេត​បច្ចេកទេស និង​លោក ពេជ្រ ជី​វ័​ន្ត ជំនួយការ​ដឹកនាំ​ការងារ​ការពារ​ព្រះមហាក្សត្រ ការពារ​ឥស្សរជន​ជាន់ខ្ពស់​វេទិកា​គណៈប្រតិភូ​ជាតិ-អន្តរជាតិ៕




© រក្សាសិទ្ធិដោយ thmeythmey.com