ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី អ៊ុក សាវ​បុរី៖ អ្នកកាសែត​ត្រូវ​ស្មោះត្រង់ និង​ទទួលខុសត្រូវ
26, Dec 2014 , 2:51 pm        
រូបភាព
អ្នកស្រីអ៊ុក-សាវបុរី
អ្នកស្រីអ៊ុក-សាវបុរី
គិត​ត្រឹម​ឆ្នាំ២០១៤នេះ​អ្នកស្រី អ៊ុក សាវ​បុរី បាន​ប្រកប​អាជីព​ជា​អ្នកកាសែត​ជាង២០ឆ្នាំ​ហើយ។ភាពសប្បាយ​រីករាយ និង​ការគំរាមកំហែង​ដល់​អាយុជីវិត ទាំងនេះ​ជា​ទិដ្ឋភាព​ដាច់ដោយឡែក​ពីគ្នា​នៅក្នុង​អាជីព​ដែល​អ្នកស្រី​បាន​ជួប។ អ្នកកាសែត​ស្ត្រី​វ័យ៥៧ឆ្នាំ មិនមាន​អារម្មណ៍​ធុញទ្រាន់​នឹង​អាជីព​នេះ​ទេ ព្រោះ​ចិត្ត​ដែល​ចង់​ជួយ​កិច្ចការ​សង្គម ពិត​ជាមាន​ទំហំធំធេង។



អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ពិតជា​បាន​លឺឈ្មោះ​អ្នកស្រី អ៊ុក សាវ​បុរី។ ក្នុងចំណោម​អ្នកកាសែត​ជា​ស្ត្រី​ដ៏​តិចតួច​របស់​កម្ពុជា អ្នកស្រី អ៊ុក សាវ​បុរី គឺជា​អ្នកតស៊ូ​ក្រាញននៀល​ក្នុង​អាជីព​ដ៏​លំបាក​នេះ​ដ៏​យូរអង្វែង​ម្នាក់។ នៅក្នុង​សិក្ខាសាលា​ក្នុង​បន្ទប់​ម៉ា​ស៊ី​ត្រជាក់ នៅក្នុង​ស្រែ​ក្រោម​កំដៅ​ព្រះអាទិត្យ នៅ​ទីជនបទ​ដាច់ស្រយាល ទាំងអស់នេះ​សុទ្ធសឹងតែ​ជា​កន្លែង​យក​ព័ត៌មាន​របស់​អ្នកស្រី បុរី។ ទឹកចិត្ត​ដែល​ចង់​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កំណើត​របស់ខ្លួន បាន​លើកទឹកចិត្ត​ដល់​អ្នកស្រី​ឲ្យ​បំពេញការងារ ដែល​ពេលខ្លះ​គ្រោះថ្នាក់​ផង​នោះ ដោយ​សេចក្តីក្លាហាន និង​មិន​រាថយ។

តាមពិត ចាប់តាំងពី​ការដួលរលំ​នៃ​របប​ប៉ុលពត អ្នកស្រី  អ៊ុក សាវ​បុរី ដែលមាន​សម្បុរ​ស្រអែម បានចាប់ផ្តើម​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​រួចទៅហើយ។ ពី​អ្នក​កាន់​ម៉ាស៊ីន​ផ្សាយ​របស់​វិទ្យុជាតិ និង​បន្ទាប់មក​វិទ្យុ​រដ្ឋធានី​ផង រហូតដល់​ក្លាយជា​ថត​វីដេអូ ដោយមាន​ការបណ្តុះបណ្តាល​ពី​ប្រទេស​រុស្ស៊ី​ក្នុង​ទស្សរ​វត្សរ៍១៩៨០ ។ ក្រោយពី​មាន​ជំនាញ​ជា​អ្នក​ថត​វីដេអូ​នេះហើយ អ្នកស្រី បុរី​បាន​ផលិត​ឯកសារ​ច្រើន​ដែល​បង្ហាញ​ពី​បញ្ហា​សង្គម​កម្ពុជា​អោយ​អង្គការក្រៅរដ្ឋាភិបាល​នានា និង​ឲ្យ​ធនាគារពិភពលោក​ផង មុននឹង​អ្នកស្រី​បានសម្រេច​ចិត្ត​ចូល​ប្រកប​អាជីព​ជា​អ្នកកាសែត​ឲ្យ​វិទ្យុ​អាស៊ីសេរី​ក្នុង​ឆ្នាំ១៩៩៨ ។


រង​ការគំរាមកំហែង​ពី​ជនអនាមិក​នៅ​ឆ្នាំ២០០៥

នៅក្នុង​ទស្សវត្សរ៍១៩៩០ វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​មិនទាន់​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ​ខ្លាំង​នៅឡើយ។ ការសម្រេចចិត្ត​ចូល​បម្រើ​ការងារ​នៅក្នុង​អង្គភាព​ព័ត៌មាន​ដែល​ប្រើប្រាស់​មូលនិធិ​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក ក៏​ជា​បញ្ហា​ធំ​មួយ​ដែរ​របស់​អ្នកស្រី។ និយាយ​អំពី​អំពើ​អសកម្ម​របស់​មន្ត្រី និង​រូបភាព​អសកម្ម​នានា​ផ្សេងទៀត​នៅក្នុង​សង្គម លើកស្ទួយ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា គឺជា​បេសកកម្ម​របស់​អ្នកកាសែត អ៊ុក សាវ​បុរី។ ហេតុការណ៍​អាក្រក់​ដែល​អ្នកស្រី​នឹងមិន​អាច​បំភ្លេច​នៅក្នុង​អាជីព គឺ​ការគំរាមកំហែង​ដល់​អាយុជីវិត​នៅ​ឆ្នាំ២០០៥ ។ អ្នកស្រី​រម្លឹក​យ៉ាង​ដូច្នេះ​ថា៖«មាន​ជនអនាមិក​បាន​សរសេ​រ​សំបុត្រ​ផ្ញើ​ខ្ញុំ និង​បាន​ទូរ​សព្ទ​ដោយ​ប្រើពាក្យ​គំរាម​ដល់​ជីវិត​ខ្ញុំ​ទៀតផង។ កាលណោះ​សេរីភាព​អ្នកយកព័ត៌មាន​រឹតត្បិត​ខ្លាំងណាស់​មិន​ដូច​បច្ចុប្បន្ននេះ​ទេ។ ពេលនោះ​ខ្ញុំ​បាន​រាយការណ៍​ទាក់ទង​នឹង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ ៥នាក់​ដោយ​អត់​អាហារ។ ខ្ញុំ​មិនដឹងថា នរណា​ជា​អ្នក​គំរាម​ខ្ញុំ​ទេ»។

ជាការ​គំរាមកំហែង​ដល់​អាយុជីវិត ស្ត្រី​អ្នកកាសែត​មាឌតូច បាន​សារភាពថា អ្នកស្រី​បាន​បារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នកស្រី​មែន នៅពេលនោះ។ ប៉ុន្តែ​ការបារម្ភ​នៅតែ​មិនធំ​ជាង​ក្តី​ស្រឡាញ់ និង​ការលើកទឹកចិត្ត​ពី​ក្រុមគ្រួសារ​អ្នកស្រី​ឡើយ។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​បានសម្រេច​បន្តការងារ​នេះ​ទៀត ក្រោយពី​ក្រុមគ្រួសារ​បាន​លើកទឹកចិត្ត​ខ្ញុំ។ ប៉ុន្តែ​អ្វីដែល​ជំរុញ​ខ្ញុំ​ឲ្យ​នៅ​បន្ត​អាជីព​នេះដែរ​នោះ គឺ​ទឹកចិត្ត​ដែល​ចង់​ចួ​ល​រួមចំណែក​ជួយ​កិច្ចការ​សង្គម តាមរយៈ​អត្ថបទ​របស់ខ្ញុំ​ដែល​ផ្សាយ​អំពី​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ»។

អាជីព​ដែល​ទាមទារ​ការទទួលខុសត្រូវ​ខ្ពស់

ទឹកចិត្ត​ស្រឡាញ់​អាជីព​អ្នកសារព័ត៌មាន និង​ការលើកទឹកចិត្ត​ពី​គ្រួសារ ក៏​មិនមែនជា​មូលហេតុ​តែមួយ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី អ៊ុក សាវ​បុរី បន្ត​អាជីព​នេះ​រហូតដល់​សព្វថ្ងៃ​នេះឡើយ។ ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ក៏​ជា​កត្តា​សំខាន់​មួយទៀត​ដែរ។ អ្នកស្រី​បាន​រៀបរាប់ថា នៅពេល​ខ្លះ ភាពសប្បាយ​រីករាយ​ក្នុង​ចិត្តបាន​កើតឡើង នៅពេល​ដែលមាន​ប្រជាពលរដ្ឋ​សរសើរ​ដល់​ការសរសេរ​អត្ថបទ ឬ​សេចក្តី​ការរាយការណ៍​ព័ត៌មាន​របស់​អ្នកស្រី។ បើទោះជា​កាលៈទេសៈ​បែបណា​ក៏ដោយ សម្រាប់​អ្នកស្រី បុរី ស្មារតី​ទទួលខុសត្រូវ និង​ការប្រកាន់​វិជ្ជាជីវៈ ស្ថិតនៅ​ជាប់​នឹង​អ្នកស្រី​ជានិច្ច។ អ្នកកាសែត​ស្ត្រី​ជើងចាស់​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«តាំងខ្លួន​ជា​អ្នកកាសែត​អាជីព យើង​ត្រូវ​ស្មោះត្រង់ មិនត្រូវ​ពុករលួយ​មិន​លំអៀង ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ​ក្នុងសង្គម»។ អ្នកស្រី​បន្ត​យ៉ាង​ដូច្នេះ​ថា៖«រាល់​ការសរសេរ​អត្ថបទ​ព័ត៌មាន ខ្ញុំ​តែងតែ​ជឿជាក់​និង​ទទួលខុសត្រូវ​លើ​ព័ត៌មាន​ខ្ញុំ។ ធ្វើយ៉ាងណា​កុំ​ឲ្យ​ខុស​ការពិត ហើយ​ត្រូវមាន​គុណភាព ទើប​ប្រជាពលរដ្ឋ​ឲ្យ​តម្លៃ​យើង ហើយ​ពួកគេ​ក៏​ស្គាល់​យើង​តាមរយៈ​អត្ថបទ​កាសែត​នេះដែរ»។

បើទោះជា​មាន​អាយុ៥៧ឆ្នាំ​ក៏ដោយ ក៏​ស្ត្រី​កាសែត​ជើងចាស់​រូបនេះ នៅតែ​ចង់​បន្ដការងារ​នេះ ដើម្បី​ចូលរួមចំណែក​ជួយ​កិច្ចការ​សង្គម​ដែល​អ្នកស្រី​ចូលចិត្ត។ ប៉ុន្ដែ​ដោយសារ​តែមាន​អាយុ​ច្រើន អ្នកស្រី​មិន​អាចមាន​សកម្មភាពរ​ហ័សរ​ហួន​ដូចពេលមុន​ទៀតឡើយ។ តែ​យ៉ាងណាក៏ដោយ​អ្នកស្រី​សង្ឃឹមថា អ្នកកាសែត​ជំនាន់​ក្រោយ​មាន​ឆន្ទៈ​ស្មោះត្រង់ មោះមុត​ក្នុង​អាជីព។ លើសពីនេះ​អ្នកស្រី​ក៏​ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី​ដែលជា​អ្នកការ​សែត​ជំនាន់​ក្រោយ​បន្ត​ការប្រឹងប្រែង​ថែមទៀត​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ។
អ្នកស្រី​អ៊ុក សាវ​បុរី មាន​ស្វាមី និង​មានកូន​ចំនួន៣នាក់ ដែល​មិនមាន​អ្នកណាម្នាក់​ចង់​បន្តវេន​ពី​ម្តាយ​របស់​ពួកគេ​ឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com