ជាតិ
សង្គមជាតិ
ពលរដ្ឋ​នឹង​អាច​រិះគន់​មន្ត្រី​ប៉ូលីស តាមរយៈ​កាសែត «នគរបាលជាតិ»
27, Dec 2014 , 11:23 am        
រូបភាព
គំរូ​កាសែត «នគរបាលជាតិ»
គំរូ​កាសែត «នគរបាលជាតិ»
ដោយ:
អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​គ្រោង​បោះពុម្ព​កាសែត​ផ្តល់ព័ត៌មាន​ផ្លូវការ​ពី​ការងារ​សន្តិសុខ​ជាតិ។ កាសែត១៦ទំព័រ​ឈ្មោះថា «នគរបាលជាតិ» អាចមក​ដល់ទី​ផ្សារ​សារព័ត៌មាន​ពេលឆាប់ៗខាងមុខនេះ ដើម្បី​ផ្សាយ​ព័ត៌មាន​ស្តីពី​សកម្មភាពសំខាន់ៗ និង​ទិដ្ឋភាព​​អវិជ្ជមាន​ផង នៃ​នគរបាលជាតិ​កម្ពុជា។


លោក​វរសេនីយ៍ត្រី អាត់ បូ​នី ប្រធាន​គេហទំព័រ និង​ព័ត៌មាន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលជា​អ្នក​ទ​ទួ​ក​ខុសត្រូវ​មួយរូប​ក្នុងការ​រៀបចំ​ក្រុមការងារ​សារព័ត៌មាន បាន​ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា លោក​កំពុង​រៀបចំ​ប្រមូល​ធនធានមនុស្ស ដើម្បី​អាច​ដំណើរការ​កាសែត នគរបាលជាតិ​នេះ។

ហេតុអ្វី​បានជា​ត្រូវបង្កើត​កាសែត «នគរបាលជាតិ»? លោក​វរសេនីយ៍ អាត់ បូ​នី ដែល​នឹង​ក្លាយជា​និពន្ធ​នាយក​នៃ​កាសែត​នេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ជាការ​ពិត កាសែត​នេះ​នឹង​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ការងារ​របស់​នគរបាល​ជាតិ និង​ការងារ​រក្សា​សន្តិសុខ​ជាតិ​ជាដើម។ ប៉ុន្តែ​លើសពីនេះ កាសែត​នគរបាលជាតិ​នឹង​ក្លាយជា​កាសែត​ផ្លូវការ​មួយ​ដែល​បង្ហាញ​អំពី​ព័ត៌មាន​ត្រឹមត្រូវ ពិតប្រាកដ​នៃ​ការងារ​សន្តិសុខ​ជាតិ។ កន្លងមក​យើង​ឃើញ​កាសែត​ជាច្រើន​បាន​ផ្សាយ​ព័ត៌មានផ្សេងៗគ្នា​ក្នុង​រឿង​តែមួយ​ដែល​ទាក់ទង​នឹង​ការងារ​សន្តិសុខ»។

មិនមែន​មានតែ​រឿង​វិជ្ជមាន​របស់​នគរបាលជាតិ ដែល​កាសែត​នេះ​នឹង​ផ្តោត​ការចាប់អារម្មណ៍​នោះឡើយ។ ទិដ្ឋភាព​អសកម្ម និង​អវិជ្ជមាន​នៃ​មន្ត្រី​នគរបាលជាតិ ក៏​នឹងត្រូវ​ចុះផ្សាយ​ដូចគ្នា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាត់ បូ​នី ដែល​អះអាងថា ទំព័រ​មតិ​ប្រជាពលរដ្ឋ​ដែល​រិះគន់​ភាព​អាស​កម្ម​របស់​មន្ត្រីនគរបាល នឹងត្រូវ​បម្រុង​ទុក​នៅក្នុង​កាសែត១៦ទំព័រ​នេះ។

គួរ​បញ្ជាក់ថា កាសែត​នគរបាលជាតិ គឺជា​ឧបករណ៍​ផ្សព្វផ្សាយ​បន្ថែម​មួយ ពីលើ​គេហទំព័រ​ព័ត៌មាន​នគរបាលជាតិ ដែល​កំពុង​ដំណើរ​រួចហើយ។ មន្ត្រី​ប៉ូលីស​នៅតាម​ស្នងការដ្ឋាន​នៃ​ខេត្ត​រាជធានី គឺជា​អ្នកយកព័ត៌មាន និង​ធ្វើ​សេចក្តីរាយការណ៍​សម្រាប់​គេហទំព័រ​ព័ត៌មាន​ដែលមាន​អ​សយ​ដ្ឋា​ន www.police.gov.kh ដែល​អ្នកសារព័ត៌មាន​ទូទៅ​តែ​យក​ជា​គោល បើទោះជា​ការផ្សព្វផ្សាយ​ព័ត៌មាន​យឺត​បន្តិច​ក៏ដោយ។

កាលពីដើម​សប្តាហ៍​នេះ ក្រុម​ថ្នាក់ដឹកនាំ​នៃ​សារព័ត៌មាន«នគរបាលជាតិ» ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​នាំយក​គំរូ​កាសែត​ទៅ​បង្ហាញ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ៕


© រក្សាសិទ្ធិដោយ thmeythmey.com