ជាតិ
សង្គមជាតិ
CLEC គ្រោង​បង្កើត​បណ្តាញ​អ្នកកាសែត​សហគមន៍​គ្រប់​ខេត្ត​នៅ​ឆ្នាំ២០១៥
27, Dec 2014 , 4:12 pm        
រូបភាព
ដោយ:

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ កំពុង​បង្កើត​ក្រុមអ្នកកាសែត​សហគមន៍​នៅ​គ្រប់​ខេត្ត​រាជធានី ដើម្បី​រួមចំណែក​ក្នុង​ការចែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ក្នុង​សហគមន៍​របស់​ពួកគេ។ សកម្មភាព​នេះ ក៏មាន​គោលដៅ​លើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​ផងដែរ។



តាំងពី​ឆ្នាំ២០១២មក មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) បាន​បង្កើត​គម្រោង​បណ្តុះបណ្តាល​អ្នកកាសែត​សហគមន៍។ យុវជន យុវជន​នារី ព្រមទាំង​ព្រះសង្ឃ​ផង​ប្រមាណ២០០នាក់​ហើយ បានទទួល​ការបណ្តុះបណ្តាល​ផ្នែក​សរសេរ​ព័ត៌មាន រាយការណ៍​ព័ត៌មាន ថត​វីដេអូ និង​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ពួកគេ។

លោក ង៉ែត ម៉ូ​សេ ជា​អ្នកសម្របសម្រួល​គម្រោង​ប​ច្ចក​វិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ពន្យល់ថា គម្រោង​បណ្តុះបណ្តាល​ក្រុមអ្នកកាសែត​សហគមន៍ មាន​គោលដៅ​លើក​ដំកើង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​សេចក្តីរាយការណ៍។

តើ​ហេតុអ្វី​បានជា​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បង្កើត​គម្រោង​នេះ? លោក ង៉ែត ម៉ូ​សេ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ក្រៅពី​ចង់​លើកស្ទួយ​វិស័យ​សិ​ទិ្ធ​មនុស្ស និង​យុត្តិធម៌​សង្គម យើង​បានទទួល​ការស្នើសុំ​ពី​ប្រជា​សហគមន៍ ឲ្យ​យើង​និយាយ ផ្សព្វផ្សាយ​អំពី​បញ្ហា​នៅក្នុង​សហគមន៍​របស់​ពួកគេ។ លើសពីនេះ​ទៀត យើង​បាន​សង្កេតឃើញថា សារព័ត៌មាន​ភាគច្រើន​មិនបាន​ផ្តោតអារម្មណ៍ ឬ​សរសេរ​អំពី​បញ្ហា​តូចតាច​នៅតាម​សហគមន៍​ឡើយ។ ដូច្នេះ​គម្រោង​បណ្តុះបណ្តាល​អ្នកកាសែត​សហគមន៍ នឹងមាន​សារសំខាន់​បំផុត»។

បើតាម​អ្នកទទួលបន្ទុក​គម្រោង​ដដែល​នេះ ក្នុងពេល​ក​កន្លងមក ជនជាតិដើម​ភាគតិច សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស សហគមន៍​បឹងកក់ បណ្តាញ​យុវជន និង​បណ្តាញ​ផ្សេងទៀត បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ឲ្យ​ក្លាយជា​អ្នកកាសែត​សហគមន៍​នេះ។លោក ម៉ូ​សេ បន្ត​អោយដឹងថា៖«គឺ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែលជា​អ្នកកាសែត​សហគមន៍​ទាំងនោះ មានចំណេះដឹង​ប្រសើរ​ជាង​មុន ទាក់ទង​នឹង​ការសរសេរ​ព័ត៌មាន បង្កើត​ព័ត៌មាន​ជា​វីដេអូ និង​ចំណេះដឹង​ដែល​ទាក់ទិន​នឹង​ការប្រើប្រាស់«Facebook, line និង Page Facebook» ជាដើម។ ព័ត៌មាន​ដែល​អ្នកកាសែត​សហគមន៍​ទាំងនោះ​ចុះផ្សាយ​រួមមាន៖ បញ្ហា​កា​រំលោភ​ដីធ្លី សិទ្ធិមនុស្ស អំពើហិង្សា​ក្នុង​គ្រួសារ ក្មេង​ទំនើង និង​ផល​លំបាក​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងនោះ»។

ក្រៅពី​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម «Facebook, line, Page Facebook និង​គេហទំព័រ​របស់​ពួកគេ» និង​ព័ត៌មាន​ទាំងអស់ គឺ​ត្រូវបាន​ប្រមូល​ដាក់​ក្នុង​គេហទំព័រ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែលមាន​ឈ្មោះថា គេហទំព័រ«សំឡេង​ប្រជាពលរដ្ឋ»។ 

យុវជន សែម ហាក់ ជា​និស្សិត​ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ កំពុង​បន្តការងារ​ស្ម័គ្រ​ចិត្តជា​អ្នកកាសែត​សហគមន៍​នេះ​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ ក្រោយពី​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូបនេះ មិន​ត្រឹមតែ​ទទួលបាន​ចំណេះដឹង និង​យល់​ពី​សារៈសំខាន់​នៃ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ យុវជន​ដដែល​នោះ ក៏បាន​ផលិត​ព័ត៌មាន​ជា​អត្ថបទ និង​បង្កើតជា​វីដេអូខ្លីៗ ដែល​ទាក់ទិន​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ សិទ្ធិ​ដីធ្លី សិ​ទិ្ធ​មនុស្ស ភាព​អត់​ការងារ​ធ្វើ និង​ការចូល​រូ​ម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន ដើម្បី​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទា​ស់​ខ្លួន និង​បង្ហោះ​នៅក្នុង«YouTube»។ក្រៅពី​សមិទ្ធផល​ដែល​បាន​អនុវត្តន៍​កន្លងមក យុវជន មាឌធំ សម្បុរ​ស្រអែម​រូបនេះ បាន​លើក​ពី​បញ្ហា​ប្រឈម​ដែរ​ថា៖«ខ្ញុំ​បារម្ភ​ពី​សុ​វត្ថ​ភាព​ពេល​ចុះ​យក​ព័ត៌មាន​នៅ​កន្លែង​ដែលមាន​ប្រជាពលរដ្ឋ​កំពុង​តវ៉ា ឬ​ធ្វើបាតុកម្ម​ទាមទារ​អ្វីមួយ។ ក្រៅពី​បារម្ភ​ពី​សុ​វត្ថ​ភាព​ផ្ទា​ស់​ខ្លួន ខ្ញុំ​ក៏​ពុំទាន់​ចេះ​បច្ចេកទេស​ច្រើន​ក្នុងការ​ផលិត​វិ​ដេ​អូខ្លីៗ និង​សរសេរ​ព័ត៌មាន​ជា​អត្ថបទ​នោះទេ ព្រោះ​ខ្ញុំ​មិនមែនជា​អ្នកកាសែត​អាជីព​ដូច​គេ​ទេ»។ 

ស្រដៀង​គ្នា​នឹង​យុវជន​ខាងលើ អ្នកកាសែត​សហគមន៍ ស៊ីម សុធា ជា​និស្សិត​ឆ្នាំ​ទី៤ ផ្នែក​ច្បាប់ ក្រោយពី​បាន​ចូលរៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល ១សប្តាហ៍ ជាមួយនឹង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ កាលពីដើម​ខែតុលា​កន្ល​ង​មក យុវជន មាឌ​ល្អិត រាងស្តើង​រូបនេះ បាន​ចុះ​យក​ព័ត៌មាន​ដែល​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន គ្រោះថ្នាក់​ចរាចរណ៍ ការគោរព​សិទ្ធិមនុស្ស និង​បញ្ហា​សង្គម​ផ្សេងទៀត​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដែលជា​កន្លែង សុធា រស់នៅ និង​កន្លែង​ផ្សេងទៀត​នៅក្នុង​រាជធានី​ភ្នំពេញ។ យុវជន​ដែល​ធ្លាប់​ចុះ​យក​ព័ត៌មាន​តាម​បណ្តា​ខេត្ត​នានា​នោះបាន​ពន្យល់ថា៖«អ្នកកាសែត​សហគមន៍​នេះ​ជាការ​ងារ​ស្ម័គ្រចិត្ត​របស់ខ្ញុំ ដែល​អាច​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​ពី​បញ្ហា​របស់​សង្គម។ ហើយ​ព័ត៌មាន​របស់ខ្ញុំ​ទាំងអស់​ទាល់តែ​ខ្ញុំ​បាន​ឃើញនឹងភ្នែក​ទើប​ខ្ញុំ​ហ៊ាន​សេរ​សេរ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ និង​ហ្វេ​ស​ប៊ុ​ករ​បស់​ក្នុង​ការងារ​ដែលមាន​ឈ្មោះ​ថា អ្នកកាសែត​សហគមន៍ (Media Operator)»។ បើទោះជា​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ លែងមាន​ការគាំទ្រ​ជា​បច្ចេកទេស ឬ​ប្រាក់ឧបត្ថម្ភ​ពេល​ចុះ​យក​ព័ត៌មានម្តងៗក៏ដោយ ក៏​អ្នកកាសែត​សហគមន៍​រូបនេះ​នៅតែ​បន្តការងារ​ស្ម័គ្រចិត្ត​នេះ​ដដែល។

ទន្ទឹមនឹង​ទទួលបាន​សមិទ្ធផល​ទាំងនេះ លោក ង៉ែត ម៉ូ​សេ ជា​អ្នកសម្របសម្រួល​គម្រោង​ប​ច្ចក​វិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​រៀបរាប់​ពី​បញ្ហា​ប្រឈម​របស់​អ្នកកាសែត​សហគមន៍​ទាំងនោះ​ថា៖«បណ្តាញ​អ្នកកាសែត​សហគមន៍ គឺ​មិនទាន់មាន​ការទទួលស្គាល់​ថា​ពួកគេ​ជា​អ្នកកាសែត​សហគមន៍​នោះទេ។ ពេល​ពួកគេ​សុំ​សម្ភាសន៍​នរណាម្នាក់ គឺ​គេ​មិន​ផ្តល់​បទសម្ភាសន៍​ឡើយ ដោយ​គេ​សួរ​ពី​ប្រភព​មកពីណា និង​មិន​ទុកចិត្ត​ក្រុមអ្នកកាសែត​ទាំងនោះ។ ក្រៅពី​បញ្ហា​នេះ គឺ​ពួកគេ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ចុះ​យក​ព័ត៌មាន ចំណេះដឹង​ទាក់ទិន​នឹង​សារព័ត៌មាន​នៅមានកម្រិត និង​នៅមាន​ការភ័យខ្លាច​គេ​ប្តឹង​ជាដើម»៕






© រក្សាសិទ្ធិដោយ thmeythmey.com