ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខុមហ្វ្រែល​រៀបចំ​វេទិកា​ដាក់​ពិ​ន្ទុ​ការងារ​រដ្ឋាភិបាល​ឆ្នាំ​ទី១ នៃ​អាណត្តិ​ទី៥
28, Dec 2014 , 8:00 pm        
រូបភាព
នៅ​ថ្ងៃទី៣០ធ្នូ​នេះ អង្គការ​សង្កេតការណ៍​បោះឆ្នោត​ឈ្មោះ​ខុមហ្វ្រែល នឹង​រៀបចំ​វេទិកា​ម្ចាស់ឆ្នោត​មួយ​ដើម្បី ប្រមូល​ការវាយតម្លៃ​ពី​ម្ចាស់ឆ្នោត និង​អង្គការ​ជាតិ អន្តរជាតិ ទៅលើ​ការអនុវត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ទី៥នេះ។ ក្រោយ​ការប្រមូល​ការវាយតម្លៃ​នេះ របាយការណ៍​ស្តីពី​ការវាយតម្លៃ​ផ្លូវការ​ចុងក្រោយ​លើ​ការងារ​រដ្ឋាភិបាល នឹងត្រូវ​ចែក​ផ្សាយ​នៅ​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



ម្ចាស់ឆ្នោត អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន នឹងត្រូវ​អញ្ជើញ​អោយ​ចូលរួម​ក្នុង​វេទិកា​ម្ចាស់ឆ្នោត ដើម្បី​ដាក់ពិន្ទុ​លើ​ការងារ​អនុវត្ត​គោលនយោបាយ​ឆ្នាំ​ទីមួយ​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ វេទិកា​នេះ​ដែល​នឹងត្រូវ​ប្រារព្ធ​នៅ​ថ្ងៃទី៣០ខែធ្នូ​នៅ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​រៀបចំឡើង​ដោយ​អង្គការ​សង្កេតការណ៍​បោះឆ្នោត ខុមហ្វ្រែល។

លោក​គល់​បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗ នៅ​ថ្ងៃទី២៨ធ្នូ​នេះ​ថា វេទិកា​ម្ចាស់ឆ្នោត​នេះ​មាន​គោលដៅ៣ចំនុច គឺ​ទី១ គឺ​ដើម្បី​ឲ្យ​ម្ចាស់ឆ្នោត​យល់ដឹង​កាន់តែច្បាស់​ថា​អ្វីខ្លះ​ជាការ​សន្យា​របស់​គណបក្ស​នយោបាយ​ពេល​ឃោសនាបោះឆ្នោត។ ទី២. ពិភាក្សា​លើ​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ថា​តើ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ដូច​អ្វីដែល​ខ្លួន​បាន​សន្យា​ដែរ​ឬ​អត់?និង​ទី៣ផ្តល់ឱកាស​ឲ្យ​អ្នកចូលរួម​វាយតម្លៃ​តាមរយៈ​ការផ្តល់​ពិន្ទុ​លើ​ការពេញចិត្ត ចំពោះ​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​នីតិកាល​ទី៥ឆ្នាំ​ទី១។

បើតាម​ការបញ្ជា​ក់រប​ស់លោក គល់ បញ្ញា ដដែល ក្រោយពី​ដាក់ពិន្ទុ​របស់​ម្ចាស់ឆ្នោត​ហើយ​នោះ ខុមហ្វ្រែល​នឹង​ចេញផ្សាយ​របាយការណ៍​ប​ញ្ច​ប់​ស្តីពី​ការវាយតម្លៃ​លើ​ការងារ​របស់​រដ្ឋាភិបាល​នេះ នៅ​ចុងខែ​មករា ឬ​ខែកុម្ភៈ​ខាងមុខ។

នាយក​ប្រតិបត្តិ​របស់​ខុមហ្វ្រែល​អត្ថាធិប្បាយ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា៖«របាយការណ៍​នេះ​ត្រូវមាន​ការវាយតម្លៃ​ពី​ប្រជា​ពល​ដែលជា​ម្ចាស់ឆ្នោត​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត។បន្ទាប់ពី​របាយការណ៍​វាយតម្លៃ​បញ្ចប់​ខុមហ្វ្រែល​នឹងធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​និង​អ្នកពាក់ព័ន្ធ​ជាពិសេស​ដាក់​របាយការណ៍​នេះ​ទៅកាន់​រដ្ឋសភា​ដើម្បី​ឲ្យ​សភា​បានដឹង​ពី​ការផ្តល់​ពិន្ទុ​របស់​ម្ចាស់ឆ្នោត​ចំពោះ​ការអនុវត្ត​គោលនយោបាយ​របស់ខ្លួន​រយៈពេល១ឆ្នាំ​មកនេះ»៕



© រក្សាសិទ្ធិដោយ thmeythmey.com