ជាតិ
បទវិភាគ
​​ករណី​ភូមិ​រកា ខេត្ត​បាត់​ដំបង​ជាសូរជួង​ដាស់​ស្មារតី​ក្រសួង​​សុខាភិបាល​!
28, Dec 2014 , 9:54 pm        
រូបភាព
ដោយ:
ករណី​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា ខេត្តបាត់ដំបង​ដែល​ផ្តល់​សេវា​សុខាភិបាល​ទាំង​ខ្លួន​គ្មាន​សញ្ញាបត្រ​ពី​ក្រសួង​សុខាភិបាល​​គឺជា​​ឧទាហរណ៍​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ដែល​បង្ហាញ​ពី​បញ្ហា​ប្រឈម​ធំធេង​ខាង​សុខភាព។ បើទោះជា​នៅ​មិនទាន់មាន​ភស្តុតាង​ច្បាស់លាស់​ថា​គាត់​ជា​អ្នកចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​ក៏ដោយ ក៏​គ្រូពេទ្យ​ម្នាក់នេះ​ព្យាបាល​ដោយ​ខ្វះ​អនាម័យ​និង​ខ្វះ​បច្ចេកទេស​វេជ្ជសាស្ត្រ​យ៉ាងខ្លាំង។ នេះ​ជា​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការគ្រប់គ្រង​វិស័យ​សុខាភិបាល​មិនបាន​ល្អ។



គ្រូពេទ្យ​គ្មាន​សញ្ញាបត្រ ព្យាបាល​តាម​ទម្លាប់ ពលរដ្ឋ​ប្រើ​ថ្នាំ​តាម​ចំណាំតៗគ្នា​ដោយ​គ្មាន​វេជ្ជបញ្ជា ហើយ​ថ្នាំពេទ្យ​ទាំងនោះ​ត្រូវបាន​ដាក់លក់​ដោយ​អ្នក​គ្មាន​ជំនាញ​ផ្នែក​ឱសថការី។ នេះ​ជា​អ្វីដែល​កំពុង​បន្ត​កើតមាន​នៅឡើយ​ក្នុងប្រទេស​កម្ពុជា​នា​ស​វត្សរ៍​ទី២១នេះ​ជាពិសេស​ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល។

នៅឯ​ភ្នំពេញ​និង​ទីប្រជុំជន​នានា វិស័យ​សុខាភិបាល​បាន​រីកដុះដាល​យ៉ាងខ្លាំង​ទាំង​វិស័យ​សាធារណៈ​និង​ឯកជន។ ប៉ុន្តែ វិស័យនេះ​នៅតែ​មិនអាច​ផ្តល់​ជំនឿ​ចិត្ត​ដល់​ពលរដ្ឋ​បាន​នៅឡើយ។ជាក់ស្តែង នៅពេល​ដែលមាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ធ្លាក់ខ្លួន​ឈឺ គ្រួសារ​អ្នកមាន​លទ្ធភាព​បាន​ស្វែងរក​ជាបឋម​ការចាក​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ដូចជា​សាំង​ហ្គា​ពួរ ថៃ ឬ​វៀតណាម ទៅតាម​លទ្ធភាព​ធនធាន​ដែល​ខ្លួន​មាន។

ប៉ុន្តែ គ្រួសារ​អ្នកក្រីក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពីរ​ត់រក​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ ឬក៏​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​ក្នុងស្រុក​នោះឡើយ។ បញ្ហា​ដែល​កំពុង​ចោទឡើង​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​បច្ចុប្បន្ន​គឺ ទី១៖ គុណភាព​នៃ​ការព្យាបាល​មិនសូវ​ល្អ​តែ​តម្លៃ​ខ្ពស់ ទី២៖ ការធ្លាក់ចុះ​នៃ​សីលធម៌​គ្រូពេទ្យ​មួយចំនួន​ដែល​មើលឃើញ​ប្រាក់​ធំ​ជាង​ជីវិត​មនុស្ស ទី៣៖ ភាពអនាធិប តេយ្យ​ក្នុងការ​ឃោសនា​ផលិតផល​ដែល​ទាក់ទង​នឹង​សុខភាព​រួមទាំង​ថ្នាំពេទ្យ​មួយចំនួន​ផង និង​ទី៤ ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​ថ្នាំ​ដោយ​ខ្លួនឯង...។

ជាការ​ពិតណាស់ ក្រៅពី​បញ្ហា​ដូច​បានលើកឡើង​ខាងដើម ការគ្រប់គ្រង​វិស័យ​សុខាភិបាល​នៅ​ធូររលុង​ដែល​បង្កើត​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ក្នុងការ​ឃោសនា​អំពី​សេវាកម្ម​សុខាភិបាល និង​ផលិតផល​សុខភាព​ខុសពី​ការពិត។ ដើម្បី​ប្រាក់ គ្រូពេទ្យ​ខ្លះ​បាន​បង្ខំចិត្ត​ព្យាបាល​ជំងឺ​ដើម្បី​ទាក់ទាញ​អតិថិជន ដូចជា​ប្រើ​ថ្នាំ​ហួស​កម្រិត​ដើម្បី​ឲ្យ​អ្នកជំងឺ​ឆាប់​ជា​ដោយ​មិនបាន​គិតពី​ផលវិបាក​ទៅ​ថ្ងៃក្រោយ។

គ្រូពេទ្យ​ខ្លះ​ឲ្យ​ថ្នាំ​ទៅ​អ្នកជំងឺ ជាពិសេស​ជំងឺ​កុមារ​តែម្តង ដោយ​លាយថ្នាំ​រួចជាស្រេច​ដើម្បី​កុំ​ឲ្យ​អតិថិជន​ចំណាំបាន​ថា​ជា​ថ្នាំ​អ្វី? គ្រូពេទ្យ​ខ្លះទៀត​បញ្ចុះបញ្ចូល​ឲ្យ​អ្នកជំងឺ​ព្យូ​រ​សេរ៉ូម​ឬ​ទទួល​ការវះកាត់​ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​សូម្បីតែ​ស្ថានភាព​អ្នកជំងឺ​មិនទាន់​តម្រូវ​ឲ្យ​ទទួល​ការវះកាត់​ក៏ដោយ។ មាន​កន្លែង​ព្យាបាល​ជំងឺ​ខ្លះទៀត​មិន​ដាក់​ស្លាក​សញ្ញា​ត្រឹមត្រូវ​ទេ​ពោលគឺ​អ្នកជំងឺ​អាច​ទៅ​ពិគ្រោះ​ជំងឺ​បាន​តាមរយៈ​ការ​ណាត់​តាម​ទូរ​សព្ទ័​នៅ​កន្លែង​មួយ​ដែល​ហាក់ដូចជា​លួចលាក់។

ងាក​ទៅ​មើល​កន្លែង​លក់​ថ្នាំពេទ្យ​វិញ មាន​ឱសថស្ថាន​ជាច្រើន​កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត ឱសថស្ថាន​ខ្លះទៀត​គ្មាន​ឱសថការី​ជា​អ្នក​ឈរ​លក់​ថ្នាំ​ពិតប្រាកដ​ឡើយ។ នៅ​កម្ពុជា មនុស្ស​ទូទៅ​អាច​ទិញ​ថ្នាំពេទ្យ​បាន​តាមចិត្ត​ចង់ ឬក៏​អ្នកលក់​ថ្នាំ​ខ្លះ​តាំងខ្លួន​ជា​អ្នក​ផ្សំ​ថ្នាំ​ឲ្យ​អ្នកជំងឺ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​មាន​វេជ្ជបញ្ជា។ ផ​លិ​ផល​ថ្នាំពេទ្យ ឬ​ផលិតផល​ដែល​ទាក់ទង​នឹង​សុខភាព​ត្រូវបាន​គេ​ឃោសនា និង​ដាក់លក់​តាម​ទំនើងចិត្ត។ តើ​ទាំងនេះ​មិនមែនជា​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​ទេ​ឬ?

និយាយ​បែបនេះ គេ​ក៏​មិនត្រូវ​ភ្លេច​គ្រូពេទ្យ​ខ្លះ​ដែល​បាន​ខិតខំ​គោរព​ក្រមសីលធម៌ និង​បានធ្វើអ្វីៗគ្រប់យ៉ាង​ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល​នោះដែរ។ អ្នក​ទាំងនោះ​គួរតែ​ទទួល បាន​ការគោរព និង​លើកទឹកចិត្ត។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល​គួរ​គ្រប់គ្រង​វិស័យ​របស់ខ្លួន​ឲ្យ​បានល្អ​ជាង​សព្វថ្ងៃ។ ក្រៅពី​ការបង្កើន​គុណភាព​សុខាភិបាល, ការពង្រឹង​សីលធម៌​គ្រូពេទ្យ និង​ធ្វើ​ឲ្យ​សុខាភិបាល​មាន​តម្លៃថោក​សម្រាប់​ជនក្រីក្រ​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់។

បន្ទាប់មកទៀត ការគ្រប់គ្រង​អាជីវកម្ម​ថ្នាំពេទ្យ និង​ផលិតផល​ទាក់ទង​នឹង​សុខភាព​គឺជា​រឿង​ចាំបាច់​មិនអាច​ខាន​បាន​ពីព្រោះថា ភាពអនាធិបតេយ្យ​ក្នុង​វិស័យនេះ​ក៏​ចូលរួមចំណែក​យ៉ាងសំខាន់​ដែរ​ក្នុងការ​បំផ្លាញ​ថវិកា​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​ដោយសារតែ​ការជឿ​ទៅលើ​ការឃោសនា​មិន​សម​ហេតុផល។ ការ​បណ្តែតបណ្តោយ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​គឺជា​គ្រោះថ្នាក់​ធំធេង​សម្រាប់​សុខភាព​សាធារណៈ ក៏ដូចជា​គ្រោះថ្នាក់​សម្រាប់​សង្គម​កម្ពុ​ជា​ទាំងមូល៕




© រក្សាសិទ្ធិដោយ thmeythmey.com