ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ សុភ័គ៖ ក្រសួងមហាផ្ទៃ​កំពុង​ត្រួតពិនិត្យ​សំណើ​រលោក សួន សេរី​រដ្ឋា
29, Dec 2014 , 4:18 pm        
រូបភាព
ក្រសួងមហាផ្ទៃ​កំពុង​ត្រួតពិនិត្យ​លទ្ធភាព​នៃ​ការសុំ​បង្កើត​គណបក្សនយោបាយ​ថ្មី ដែល​ឈ្មោះថា​អំណាច​ខ្មែរ ដែល​លោក​សួន សេរី​រដ្ឋា ជា​ប្រធាន​ចលនា​គណបក្ស។ នេះ​បើតាម​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានបញ្ជាក់​ទៀតថា ក្រសួង​បាន​នឹង​កំពុង​ត្រួតពិនិត្យ​ឡើងវិញ​ផងដែរ ចំពោះ​បញ្ហា​របស់លោក សួន សេរី​រដ្ឋា ព្រោះថា​រូបលោក​ធ្លាប់​ត្រូវបាន​តុលាការ​ភ្នំពេញ ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត។



ស្តាប់​សេចក្តី​រាយការណ៍​


ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​ចន្ទ​នេះ លោក ខៀវ សុភ័គ មាន​ប្រសា​ស​ន៏​ថា ក្រសួង​កំពុង​ត្រួត​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ករណី​លោក សួន សេរី​រដ្ឋា ដែល​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ​កន្លងមក  ដើម្បី​ធ្វើការ​សម្រេច​ថា​អាច​អនុញ្ញាតិ​ឲ្យ​លោក សួន សេរី​រដ្ឋា បង្កើត​បក្សនយោបាយ​ថ្មី មាន​ឈ្មោះថា “អំណាច​ខ្មែរ” ឲ្យ​មាន​ដំណើរការបាន ឬ​មិនបាន។ តែ​យ៉ាងណាក៏ដោយ​លោក ខៀវ សុភ័គ ក៏បាន​លើកឡើងថា ករណី​លោក សួន សេរី​រដ្ឋា​នេះ គឺ​មិន​ខុសពី​ថ្នាក់ដឹកនាំ​នយោបាយ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​កន្ល​ង​មក​នោះទេ។

ត្រង់ចំណុច​នេះ​គឺ​លោក​បាន​ប្រដូច​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់បាន​តុលាការ​ចោទប្រកាន់​ទាក់ទង​នឹង​ការដក​បង្គោលព្រំ​ដែនកម្ពុជា-វៀតណាម នៅ​ខេត្តស្វាយរៀង​កាល​ឆ្នាំ២០០៩កន្លងមក ។ លោក ខៀវ សុភ័គ បន្ថែមថា ៖«កន្លងមក​គណបក្ស​ថ្មី​នេះ ដែលមាន​លោក​សួន សេរី​រដ្ឋា ជា​ប្រធាន​ធ្លាប់​ស្នើសុំ​ម្ដង​រួម​មកហើយ ប៉ុន្ដែ​ខុស​លក្ខខណ្ឌ​មួយចំនួន​ខាង​ក្រសួង​ក៏​បដិសេដ​មិន​ទទួល ។

ចំពោះ​ករណី​លោក ដែល​ធ្លាប់​ត្រូវបាន​តុលាការ​ភ្នំពេញ​ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ​កន្លងមក ក្រសួង​ក៏​កំពុង​ត្រួតពិនិត្យ​តាម​និតិ​វិធី​ឡើងវិញ​ផងដែរ តើ​ថា​អាច​អនុញ្ញាតិ​ឲ្យ​បង្កើតបាន​ឬ​មិនបាន? ប៉ុន្ដែ​ករណី​លោក សួន សេរី​រដ្ឋា​នេះ ជា​ពិសោធន៍​កន្លងមក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ធ្លាប់​តុលាការ​ចោទប្រកាន់​ផងដែរ ប៉ុន្ដែ​ក្រោយមក​លោក សម រង្ស៊ី​ក៏​នៅតែ​អាច​ក្លាយជា​ប្រធាន​គណបក្សប្រឆាំង» ។

គួរ​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ប្ដូរ​ឈ្មោះ​មកជា “អំណាច​ខ្មែរ” ដែល​រស់នៅ​សហរដ្ឋអាមេរិក ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ អំពើ​ប្រឆាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត។ ការចោទប្រកាន់​នោះបាន​ធ្វើឡើង ក្នុងអំឡុងពេល​បោះឆ្នោត​តំណាងរាស្ត្រ កាលពី​ខែកក្កដា ឆ្នាំ២០១។

កាលពីពេល​ថ្មី​នេះ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ បានស្នើ​សុំ​បង្កើត​គណបក្សនយោបាយ​ម្ដង​រួចមកហើយ ប៉ុន្ដែ​ត្រូវបាន​ក្រសួងមហាផ្ទៃ​បដិសេធ​ចំពោះ​ឯកសារ​ស្នើសុំ​បង្កើត​គណបក្សនយោបាយ ដោយ​មូល​ហេតុថា​មិនទាន់បាន​ត្រឹមត្រូវ និង​មិន​គ្រប់គ្រាន់​ដែល​អាច​ទទួលយកបាន។ ដោយសារ​បញ្ហា​ទាំងនេះ​លោក សួន សេរី​រដ្ឋា បានសំរេច​ធ្វើការ​កែសំរួល​នូវ​បាវចនា និង​រូប​សញ្ញា​របស់​គណបក្ស តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ  ដោយបាន​ផ្លាស់ប្ដូរ ពី“គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ” ប្តូរ​មកជា “គណបក្ស​អំណាច​ខ្មែរ” ដែលមាន​អក្សរ​កាត់ “គ.អ.ខ” ជា​ភាសា​អង់គ្លេស​សរសេរថា KHMER POWER PARTY ។ ទី២បា​វនា​គណបក្ស “ជាតិ សាសនា វីរៈជន” ឥឡូវ​ប្តូរ​មកជា “ជាតិ សេរីភាព វីរៈជន” ។ ទី៣ រូប​សញ្ញា​គណបក្ស “រូប​ព្រះ​វិស្ណុ​ដៃ៨ ឈរ​ពីលើ​នាគរាជ” បាន​ប្តូរ​មកជា”រូប​បុព្វបុរស​ខ្មែរ​សម័យអង្គរ​ឈរលើ​នាគរាជ​លើក​កណ្តាប់​ដៃស្តាំ​ឡើងលើ ជា​និម្មិត​សញ្ញា​នៃ​អំណាច​ពលរដ្ឋ និង​ដៃ​ឆ្វេង​សាស្ត្រា​ច្បាប់​ស្លឹក​រិត​ជា​និម្មិត​សញ្ញា​នៃ​ការគោរព​បដិបត្តិ ច្បាប់” និង ទី៤ រូប “ប្រាសាទអង្គរវត្ត” ដែលមាន​នៅលើ​ផ្ទៃ​រង្វង់​ពណ៌​ក្រហម គឺ​ដកចេញ​ហើយ ដាក់ជំនួស​ដោយ​រូប “ឥន្ទ្រី​យ៍ស” វិញ ៕



© រក្សាសិទ្ធិដោយ thmeythmey.com