ជាតិ
សង្គមជាតិ
ពលរដ្ឋ២០គ្រួសារ​សប្បាយ​នឹង​បាន​ផ្ទះ​ថ្មី​តែ​បារម្ភ​ចំពោះ​មុខរបរ​នៅ​រុន​តា​ឯក
30, Dec 2014 , 3:47 pm        
រូបភាព
សៀមរាប៖ ប្រជាពលរដ្ឋ​ចំនួន២០គ្រួសារ​រស់នៅក្នុង​រម​ណី​ដ្ឋា​ន​អង្គរ មានភ័ព្វ​សំណាង​ចាប់ឆ្នោត និង​បាន​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​អប្សរា។ ទន្ទឹមនឹង​ភាពសប្បាយ​រីករាយ ដែល​ទទួលបាន​ផ្ទះ​ថ្មី​មួយ​ខ្នង និង​ដីស្រែ​មួយចំនួន​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ​ទាំងនោះ ហាក់​នៅ​ស្នាក់​ស្ទើរ​នៅឡើយ​ចំពោះ​ភាពប្រាកដប្រជា ការ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​នៅ​ទីតាំង​ខាងលើ ព្រោះថា ភូមិ​ធម្មជាតិ​រុន​តា​ឯក ជា​ភូមិ​ថ្មី និង​មិនទាន់មាន​ការអភិវឌ្ឍ​នៅឡើយ។



ពលរដ្ឋ​ចំនួន២០គ្រួសារ បានទទួល​ផ្ទះមួយ​ខ្នង និង​ដីស្រែ​ប្រមាណ​ជិត១ហិកតា នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដើម្បី​ជំនួស​ឲ្យ​ការសាងសង់​ផ្ទះ​បន្ថែម​នៅក្នុង​រមណី​ដ្ឋា​ន​អង្គរ។ ពលរដ្ឋ២០គ្រួសារ ត្រូវបាន​ជ្រើសរើស​ចេញពី​គ្រួសារ​ចំនួន១០៧គ្រួសារ ដែល​បានដាក់​ពាក្យសុំ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ រុន​តា​ឯក ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​អប្សរា។

លោក តាន់ គង់​ហ្គោ ពលរដ្ឋ​រស់នៅ​តំបន់​ស្រះស្រង់ បាន​និយាយថា លោក​សប្បាយចិត្ត ពេលដែល​គ្រួសារ​លោក បាន​ចាប់ឆ្នោត​មក​រស់នៅ​ភូមិ​ថ្មី​នេះ។ បុរស​វ័យ៤៦ឆ្នាំ​រូបនេះ ក៏បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការងារ​ជា​គ្រូបង្រៀន​របស់លោក នៅ​ស្រះស្រង់ ដែល​តម្រូវ​ឲ្យ លោក​ត្រូវ​ធ្វើដំណើរ​ទៅ​មកជា​រៀងរាល់ថ្ងៃ ក្នុង​ចំងាយ​ប្រមាណ​ជិត៦០គីឡូម៉ែត្រ(ទៅមក)។

ប្រជាពលរដ្ឋ​ទាំង២០គ្រួសារ សុទ្ធតែ​អះអាងដូចៗគ្នា​ថា ពួកគេ​មាន​ពេល​មក​សម្រាក​នៅ​ភូមិ​ថ្មី​តែ​ពេលយប់​តែ​ប៉ុណ្ណឹង ដោយពេល​ថ្ងៃ​ពួកគេ​រវល់​ចេញទៅ​រកស៊ី និង​ធ្វើការ​នៅ​កន្លែង​ពួកគេ​ធ្លា​ប់រក ក្នុង​ទីប្រជុំជន​ខេត្តសៀមរាប។ លោក ឡេង រី​ម បាន​និយាយថា លោក​នឹង​លៃលក​ពេលវេលា​មួយចំនួន ដើម្បី​បង្កបង្កើនផល​ក្នុង​ដី​កសិកម្ម​ភូមិ​ធម្មជាតិ​រុន​តា​ឯក តាម​ការស្នើសុំ​របស់​អា​ជ្ញា​ធរ​អប្សរា បន្ទាប់ពី​ជូន​ប្រពន្ធ​ទៅ​រត់​ដូរ​នៅ​អង្គរធំ​រួច។ លោក​រំពឹងថា ទៅ​ថ្ងៃ​ខាងមុខ នៅពេល​មាន​ប្រជាពលរដ្ឋ​មក​រស់នៅ​ច្រើន ភូមិ​ធម្មជាតិ​រុន​តា​ឯក នឹង​ក្លាយជា​តំបន់​ទីផ្សារ នោះ​ពួកគេ​នឹង​ងាយស្រួល​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​ផងដែរ។


ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្ថិតនៅ​ឃុំ​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ នេះ​ជា​លើក​ទី២ហើយ ដែល​អាជ្ញាធរ​អប្សរា រៀបចំ​ប្រគល់​ផ្ទះ និង​ដី ជូន​ប្រជាពលរដ្ឋ ដែលមាន​គ្រួសារ​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ ដោយឡែក​ទី១នៅក្នុង​ឆ្នាំ២០១០ ជូន​គ្រួសារ​ចំនួន១០០គ្រួសារ។ ប៉ុន្តែ​ដោយសារ​បញ្ហា​មុខរបរ ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​បោះបង់​ផ្ទះ​ចោល ហើយ​ផ្ទះ​ពួកគេ ត្រូវបាន​អាជ្ញាធរ​រៀបចំ ប្រគល់​ឲ្យ​អ្នកថ្មី ដែល​បាន​ស្នើសុំ​បន្ត។

គួររំលឹកថា ដោយសារ​មិន​ចង់​ឲ្យ​មាន​កំណើន​ផ្ទះ​ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា បាន​សហការ​នឹង​ដៃ​អភិវឌ្ឍ​នានា រៀបចំ​ឲ្យ​មាន​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ​ឡើង។ ពលរដ្ឋ​ដែលមាន​គ្រួសារ និង​បាន​បំបែក​ចេញពី​គ្រួសារ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាចដាក់​ពាក្យស្នើសុំ ផ្ទះ​បាន ដោយ​ភ្ជាប់​នឹង​លក្ខ​ខ័​ណ្ឌ​មួយចំនួន ក្នុងនោះ​រួមមាន ត្រួវ​មាន​វត្តមាន​រស់នៅ​ជាប់​លាប់ យ៉ាងតិច៦ខែ​ក្នុង​មួយឆ្នាំ និង​រយៈពេល៥ឆ្នាំ ទើប​មាន​សិទ្ធិ​លក់ដូរ​បាន៕


© រក្សាសិទ្ធិដោយ thmeythmey.com