ជាតិ
សង្គមជាតិ
ផាប់​ស្ទ្រី​ត​ចាប់ផ្តើម​ស្ទះ​ខណៈ​បុណ្យ​ឆ្លង​ឆ្នាំ​ចាប់ផ្តើម​នៅ​យប់​នេះ
31, Dec 2014 , 9:36 am        
រូបភាព
រូបភាព៖ អាចារ្យធំ
រូបភាព៖ អាចារ្យធំ
សៀមរាប៖ បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ២០១៥ នឹង​ប្រារព្ធ​ធ្វើ​នៅ​យប់​ថ្ងៃទី៣១ ខែធ្នូ​នេះហើយ។ នៅ​តំបន់​ផាប់​ស្ទ្រី​ត (Pub Street) ដ៏​ពេញនិយម​នៅ​ខេត្តសៀមរាប​នេះ​វិញ ផ្លូវ​ចាប់ផ្តើម​ស្ទះ​ចាប់ពី​យប់មិញ ដែល​ណែនណាន់​ដោយ​មនុស្សម្នា។ ផ្លូវ​ផាប់​ស្ទ្រី​ត ជា​គោលដៅ​សំខាន់ សម្រាប់​ភ្ញៀវទេសចរ​បរទេស ក្នុង​ការដើរ​កម្សាន្ត នៅ​យប់​រាប់​ថយក្រោយ(Count-down) ដ៏​ពេញនិយម។



ចរាចរ​ចាប់ផ្តើម​កក​ស្ទះ​យ៉ាងខ្លាំង នៅ​ផ្លូវ​ផាប់​ស្ទ្រី​ត ចាប់ពី​វិមាន​កាណាឌីយ៉ា ផ្លូវ​ស៊ី​វុត្ថា រហូតដល់​ផ្លូវ​ផ្សារ​ចាស់​មាត់​ស្ទឹង។ គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ភាគច្រើន​ជា​បរទេស បាន​ដើរ​ចេញពី​គោលដៅ​ផ្សេងគ្នា មក​ប្រមូលផ្តុំ​កន្លែង​តែមួយ គឺ​ផាប់​ស្ទ្រី​ត និង​តំបន់ក្បែរៗនោះ មាន​ផ្សារ​រាត្រី​ជាដើម។

ក្នុង​តំបន់​ផ្សារ​ចាស់​ទាំងមូល កាលពី​រាត្រី​ថ្ងៃទី៣០ ខែធ្នូ​យប់មិញ បាន​សភាព​អ៊ូអរ ដោយ​វង់ភ្លេង ដែល​ប្រគំ​ចេញពី​ចំណុចផ្សេងៗ ដើម្បី​កំដរ និង​ឲ្យ​ភ្ញៀវ​រាំលេង​កម្សាន្ត តាម​បែបបទផ្សេងៗពីគ្នា។ មាន​កន្លែង​ខ្លះ បាន​បើក​សំឡេង​ភ្លេងខ្លាំងៗ ក៏បាន​កើតជា​ការរំខាន​ដល់​ប្រជាពលរដ្ឋ នៅ​ទីនោះ​ផង។ មានកំ​លាំង​សមត្ថកិច្ច​ជាច្រើន បាន​ចុះ​ត្រួតពិនិត្យ ទីតាំង​មួយចំនួន បាន​បង្ក​ជាការ​រំខាន​ដោយ​សំឡេង នៅ​យប់​ជ្រៅ​ផង។

យោងតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅក្នុង​បុណ្យ​ឆ្លង​ឆ្នាំ និង​ចូលឆ្នាំ​សកល​ឆ្នាំ២០១៤កន្លងទៅ មាន​ភ្ញៀវទេសចរ​ជាង៨ម៉ឺន​នាក់ ដែល​បានមក​កម្សាន្ត​ក្នុង​ខេត្ត​មួយ​នេះ។ ក្នុងចំណោម​ភ្ញៀវទេសចរ​ចំនួន ៨៧,១៥០នាក់ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ២៥,១៥០នាក់។

គួររំលឹកថា អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​វេទិកា​ប្រគំ​តន្ត្រី​ចំនួន២កន្លែង​ផ្សេងគ្នា នៅ​យប់​ឆ្លង​ឆ្នាំ​សកល​នេះ ទី១នៅ​តំបន់​ផាប់​ស្ទ្រី​ត និង​ទី២ នៅ​សួនច្បារ​មុខ​សណ្ឋាគារ Raffle Grand Hotel ។ ក្រៅពីនេះ នៅតាម​សណ្ឋាគារ​មួយចំនួន ក៏មាន​រៀបចំ​ពិធី​រាប់​ថយក្រោយ ឆ្លង​ឆ្នាំ​សកល ដាច់ដោយឡែក​ពី​អាជ្ញាធរ​ផងដែរ៕ 








© រក្សាសិទ្ធិដោយ thmeythmey.com