ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឈាន​ចូលឆ្នាំថ្មី​រដ្ឋាភិបាល​នៅតែ​ប្រកាន់​ពាក្យស្លោក«ឆ្លុះកញ្ចក់​ងូតទឹក ដុសក្អែល​និង​ព្យាបាល»
31, Dec 2014 , 8:45 pm        
រូបភាព
លោក​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បានចេញ​សារលិខិត​មួយ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ២០១៥ខាងមុខនេះ។នៅក្នុង​ឱកាស​ឆ្នាំ២០១៥រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ការ​អនុត្ត​ន៍​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់សំខាន់ៗដោយ​ប្រកាន់ខ្ជាប់​នូវ​ទិស​ស្លោក «ឆ្លុះកញ្ចក់​ងូតទឹក ដុសក្អែល​និង​ព្យាបាល»។



នៅក្នុង​សារលិខិត​ជូនពរ​លោក​ហ៊ុនសែន​បានលើកឡើង​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធិភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា ដែលជា​របៀប​វាៈ​នៃ​គោលនយោបាយ​សង្គម សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល សំដៅ​បន្ត​ជំរុញ​អនុត្ត​ន៍​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់សំខាន់ៗជាអាទិ៍ ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ការកែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ ការកែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់រដ្ឋបាល​សាធារណៈ ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ កិច្ចការពារបរិស្ថាន ការបង្កើន​ប្រសិទ្ធិភាព​នៃ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការកែទម្រង់ផ្សេងៗទៀត​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទិស​ស្លោក «ឆ្លុះកញ្ចក់​ងូតទឹក ដុសក្អែល​និង​ព្យាបាល»។

ក្រៅពី​ការកែទម្រង់​លើ​វិស័យ​នានា​លោក​ហ៊ុនសែន​ក៏បាន​បន្ត​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ខិតខំ​ការពារ​សន្តិភាព​ស្ថិរភាព សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និ​វន្តរ​ភាព និង​ការទទួលខុសត្រូវ​ជាមួយ​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ផ្តើមចេញពី​ការអភិវឌ្ឍ​សង្គមជាតិ។រាជរដ្ឋាភិបាល​នឹង​បន្ត​ការយកចិត្តទុកដាក់​លើ​មូល​ដ្ឋា​ល​គ្រិះ​នៃ​កំណើន​ដែលជា​សសរទ្រូង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ចកម្ពុជា​រួមមាន​វិស័យ​កសិកម្ម​ឧស្សាហកម្ម​កាត់ដេរ​ទេស​ចរណ៍ និង​វិស័យ​សំណង់។ក្នុងន័យនេះ​យើង​នឹង​ផ្តោតលើ​ការងារ​ជា​អាទិភាព​ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ការបណ្តុះបណ្តាល​បច្ចេកវិជ្ជា​ជីវៈ​ដល់​យុវជន ការបន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ការសម្រួល​ពាណិជ្ជកម្ម​ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័នរដ្ឋ  និង​ការពង្រីក​ប្រព័ន្ធ​ធានា​សាស្ត្រ​តូច ធំ​ជាដើម។

លោក​ហ៊ុនសែន​ក៏បាន​គូស​បញ្ជាក់ដែរថា​ក្នុង​ឆ្នាំ២០១៤រាជរដ្ឋាភិបាល​មាន​មោទនភាព​ដោយបាន​អនុវត្ត​និង​សម្រេចបាន​ប្រកបដោយ​ជោគជ័យ​នូវ​សមិទ្ធិផល​ជាច្រើន​ជូន​ជាតិ​និង​ប្រជាជន ដោយ​រក្សាបាន​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ស្ថិរភាព​នយោបាយ​ហិរញ្ញវត្ថុ​និង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ។ កម្ពុជា​ត្រូវបាន​វាយតម្លៃថា​ជា​ប្រទេស​ទី១១លើ​ពិភពលោក​ដែល​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល១០ឆ្នាំ​ចុងក្រោយ និង​ជា​ប្រទេស​ទី៥ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​អាច​ស​ម្រ​ច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ន៍ ព្រមទាំង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​សម្រេចបាន​នូវ​វឌ្ឍនភាព​ល្អប្រសើរ​ក្នុងការ​កែលំអ​សូចនាករ​ផ្នែក​សង្គមកិច្ច ពិសេស​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​អត្រា​ជាង១ភាគរយ​ក្នុង​មួយឆ្នាំ។

ពី​ឆ្នាំ២០១០ដល់២០១៣សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​មធ្យម​ប្រចាំឆ្នាំ៧ភាគរយ ហើយ​នៅ​ឆ្នាំ២០១៤នេះ​តាម​ការប៉ានស្មាន​កំណើន​សេដ្ឋកិច្ច​អាច​សម្រេចបាន​ក្នុង​រង្វង់៧ភាគរយ​ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​មាន​កំណើន៩,៦ភាគរយ សេវាកម្ម៧,៥ភាគរយ និង​វិស័យ​កសិកម្ម២,៦ភាគរយ។ដោយឡែក​នៅ​ឆ្នាំ២០១៥ខាងមុខ​តាម​ការព្យាករណ៍​កម្ពុជា​នៅតែ​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់៧ភាគរយ​បន្តទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com