ជាតិ
ពីនេះ ពីនោះ
ឆ្នាំ២០១៤ យុវជន​ខ្លះ​ជោគជ័យ​ក្នុងការ​សិក្សា ខ្លះទៀត​បរាជ័យ​ស្នេហា
01, Jan 2015 , 1:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅក្នុង​ឆ្នាំ ២០១៤ នេះ មនុស្ស​មួយចំនួន​បានសម្រេច​កិច្ចការ ដែល​ពួកគេ​បាន មាន​ផែនការ​ទុកជាមុន​ប៉ុន្តែ​អ្នក​មួយចំនួនទៀត​មិនបាន​សម្រេច​តាម​គម្រោង​ឡើយ។



យុវជន​អាយុ២៦ឆ្នាំ កែវ ហេង បាន​រំពឹងទុក​ក្នុង​ចិត្ត​ថា លោក​នឹង​អាច​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​នៅ​ដំណាច់ឆ្នាំ២០១៤នេះ។ ប៉ុន្តែ​ក្តីសង្ឃឹម​នេះ​បាន​រលាយបាត់​ទៅវិញ។ កែវ ហេង ដែលជា​និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​មិនអាច​បញ្ចប់​ថ្នាក់​សិក្សា​ភាសា​អង់គ្លេស​នេះឡើយ ដោយសារតែ កែវ ហេង បានសម្រេច​ចិត្ត​ព្យូ​រ​មុខវិជ្ជា​មួយ​នៅក្នុង​ឆ្នាំ​សិក្សា​ឆ្នាំ២០១៤នេះ ដើម្បី​មាន​ពេលវេលា​ធ្វើការ យកលុយ​ចិញ្ចឹមជីវិត​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ។ យុវជន​សម្បុរ​ស្រអែម មាឌ​ស្តើង​និយាយ​ក្នុង​ទឹក មុខស្ងួត​ថា៖«នៅក្នុង​ឆ្នាំ២០១៤នេះ ដោយសារ​ជីវភាព​ខ្វះខាត​ខ្ញុំ​មិន​ជោគជ័យ​ក្នុងការ​សិក្សា តាម​ការគិត​ទុក​ឡើយ។ ខ្ញុំ​សោកស្តាយ​ខ្លាំង។ ប្រសិនជា​ខ្ញុំ​មិន​ព្យួរ​មុខវិជ្ជា​ខ្លះ ហើយ​ប្រឹងរៀន​នោះ ក៏​មិនអាច​ដែរ ព្រោះ​ខ្ញុំ​គ្មាន​លុយ​មក​រៀន​ផង»។ កែវ ហេង សង្ឃឹម​បន្តទៀតថា រូបគេ​នឹង​អាច​បញ្ចប់​ថ្នាក់​បរិញាបត្រ​ភាសា​អង់គ្លេស​នៅ​ឆ្នាំ២០១៥ខាងមុខ។

ខុសពី កែវ ហេង លោក អ៊ឹង គីម​លាង អះអាងថា លោក​ទទួលបាន​ជោគជ័យ​ច្រើន ទាំង​ក្នុង​ការសិក្សា និង​ទាំង​ក្នុង​ការងារ។ និស្សិត​ឆ្នាំ​ទី៣ ជំនាញ​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ម្នាក់នេះ​បាន ប្រាប់ថា៖«ខ្ញុំ​បានសម្រេច​ការងារ និង​ការសិក្សា​បានល្អ​ប្រសើរ​មួយចំនួន ដូចជា ខ្ញុំ​រៀន​បាន​ពិន្ទុ ល្អប្រសើរ​គឺ កម្រិត A B និង B+។ ហើយថ្មីៗនេះ ខ្ញុំ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​មួយ​ហៅ​ទៅធ្វើ​ការ ដោយ​សន្យា​ផ្តល់​ប្រាក់ខែ​មួយ​សមរម្យ​ដែរ»។

កញ្ញា សេរី​រ័ត្ន ក៏​ទទួលបាន​ជោគជ័យ​លើ​ការសិក្សា​ដែរ។ និស្សិត​ឆ្នាំ​ទី២ ជំនាញ​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូបនេះ​ប្រាប់ថា នៅក្នុង​ឆ្នាំ២០១៤នេះ នាង​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ផ្នែក​វេជ្ជសាស្ត្រ ហើយ​ទទួល​ការលើកទឹកចិត្ត​ពី​សាស្ត្រាចារ្យ និង​មិត្តភក្តិ​រួម​ជំនាន់​ជាច្រើន។ យុវតី​វ័យ ១៩ឆ្នាំ​រូបនេះ រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ថា៖«ទោះបីជា​ត្រូវ​ជម្នះ​ឧបសគ្គ​ក្នុងការ​សិក្សា​មួយចំនួន ប៉ុន្តែ​ខ្ញុំ​រីករាយ​នៅពេលដែល​លោកគ្រូ អ្នកគ្រូ និង​មិត្តភក្តិ​ជួយ​លើកទឹកចិត្ត។ ខ្ញុំ​នឹង​ប្រឹងប្រែង បន្ថែមទៀត ដើម្បី​ប្រឡង​យក​អាហារូបករណ៍​ទៅ​ក្រៅប្រទេស»។

មិនមែន​យុវជន​គ្រប់គ្នា សុទ្ធ​តែមាន​ជោគជ័យ​នោះទេ។ ឆ្នាំ២០១៤នេះ ទំនងជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់ ម៉ម រ៉ាវុធ ដែល​បរាជ័យ​ទាំង​ការសិក្សា ការងារ និង​ស្នេហា​ទៀត​នោះ។

និស្សិត​អាយុ២៤ឆ្នាំ ផ្នែក​ធនាគារ ឆ្នាំ​ទី៣នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​រូបនេះ​មិន​ខ្លាច​រៀបរាប់​លម្អិត​អំពី​បរាជ័យ​របស់ខ្លួន​នោះទេ។ «ខ្ញុំ​ចំណាយ​ពេលវេលា ដើរលេង ចាយលុយ​មិន​គិត មិន​ខ្វល់​ឡើយ។ ក្នុង​ឆ្នាំ២០១៤នេះ ខ្ញុំ​ត្រូវ​ប្រឡង​សង​លើ​មុខវិជ្ជា​ជាច្រើន ហើយ​នារី​ដែល​ខ្ញុំ​ស្រឡាញ់ ក៏​បន្ថយ​ការទាក់ទង​ជាមួយ​ខ្ញុំ ដោយសារ​ខ្ញុំ​មិនមាន​លុយ និង​ដោយសារ​ខ្ញុំ​រៀន​មិនបាន​ល្អ។ នៅពេល​ការសិក្សា​ខ្ញុំ​មិនល្អ ខ្ញុំ​រក​ការងារ​មិនបាន​ដែរ»។ ឆ្លងកាត់​ពិសោធន៍​នេះ ម៉ម រ៉ាវុធ បាន​ប្តេជ្ញាចិត្ត​ថា គេ​នឹង​កែប្រែ​ខ្លួន ដើម្បី​ឲ្យ​ឆ្នាំ២០១៥ ក្លាយជា​ឆ្នាំ​នៃ​ពន្លឺ​ជោគជ័យ​ក្នុង​ជីវិត​របស់គេ​វិញ។ ម្យ៉ាងទៀត រ៉ាវុធ មានបំណង​ចង់បាន​ជោគជ័យ​ត្រចះត្រចង់​ក្នុងការ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ២០១៥ ៕





© រក្សាសិទ្ធិដោយ thmeythmey.com