ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ការ​បៀតបៀន​ផ្លូវភេទ តាមរយៈ​ពាក្យសម្តី និង​ក្រសែភ្នែក​អាច​ជាប់ទោស!
26, Nov 2015 , 8:54 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បុរស​ខ្មែរ​វ័យ​ចំណាស់​មួយចំនួន​កំពុង​រង​ការរិះគន់​ពី​សំណាក់​យុវតី​ជំនាន់​ក្រោយ  ដោយសារតែ​បុរស​ចំណាស់​ទាំងនោះ​បាន​ប្រើ​ឥរិយាបថ​មិន​សមគួរ​មួយចំនួន​ទៅកាន់​ពួកគេ។ បុរស​ចំណាស់​ខ្លះ ចូលចិត្ត​ចោល​ក្រសែភ្នែក​សម្លក់​សម្លឹងមើល​ដងខ្លួន​នារី​វ័យក្មេង ស្ទើរតែ​មិន​ព្រិច​ភ្នែក។ អ្នក​ខ្លះទៀត ប្រើ​ពាក្យសម្តី​ផ្អែមល្ហែម​ហៅ​នារី​វ័យក្មេង​ថា «អូន» លួងលោម​ក្នុងន័យ​ស្នេហា ទាំង​ខ្លួន​សក់ស្កូវ​ទៅហើយនោះ។ បុរស​ចំណាស់​ខ្លះទៀត ប្រើប្រាស់​ទ្រព្យសម្បត្តិ និង​ប្រាក់​ដុល្លារ​ធ្វើជា​នុយ​ដើម្បី​ស្ទូច​យក​ព្រហ្មចារី ឬ​ខ្លួនប្រាណ​នារី​វ័យក្មេង។



ថ្ងៃមួយ​នៅពេលដែល កញ្ញា លីន​ដា ទៅ​ចូលរួម​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល  បុរស​វ័យ ជាង៥០ឆ្នាំ​ម្នាក់ បាន​និយាយ​សួរនាំ​កញ្ញា​ជាច្រើន​អំពី​ទីកន្លែង​ធ្វើការ អំពី​ស្ថានភាព​ការងារ និង​គ្រួសារ ព្រមទាំង​ប្រាក់បៀវត្ស​ប្រចាំខែ​ផងដែរ។ បន្ទាប់មក​បុរស​ចំណាស់​រូបនោះ​បាន​បបួល​នាង​ទៅធ្វើ​ការ ជាមួយ​ខ្លួន ដោយ​សន្យាថា៖«ប្រសិនបើ​លីន​ដា ទៅធ្វើ​ការ​ជាមួយ​ខ្ញុំ ខ្ញុំ​នឹង​អោយ​ឡាន​មួយ វីឡា​មួយ និង​លុយ​ច្រើន​ទៀត​ទៅ​លីន​ដា។ ហើយ​ការងារ​នោះ​មិន​លំបាក និង​មិន​ហត់នឿយ​ដូច​ការងារ​សព្វថ្ងៃ​នោះទេ»។ កញ្ញា លីន​ដា អាយុ២១ឆ្នាំ​បាន​រៀបរាប់​បន្តថា បន្ទាប់ពី​បញ្ចប់​កិច្ចសន្ទនា​គ្នា កញ្ញា​ក៏បាន បដិសេធ​បំណង​របស់​បុរស​នោះភ្លាមៗដែរ ព្រោះ​កញ្ញា​យល់ថា​អ្វីដែល​បុរស​ចំណាស់​នោះ​និយាយ​គឺជា​បំណង​បោកប្រាស់។ លីន​ដា បន្ថែមទៀតថា នាង​ធ្លាប់​ជួប​បុរស​ចំណាស់​ជាច្រើន​នាក់​ហើយ​ដែល​និយាយ​យ៉ាង​ដូច្នេះ​មកកាន់​នាង ហើយ​នាង​បាន​កត់សម្គាល់ថា៖«នៅក្នុង​សង្គម​បច្ចុប្បន្ននេះ មាន​បុរស​វ័យ​ចំណាស់​ជាច្រើន​កំពុង​ឈ្លក់​វង្វេង​នឹង​ការសប្បាយ​របស់ខ្លួន មិនសូវ​ខ្វាយខ្វល់​នឹង​ផលប៉ះពាល់​ដល់ សីលធម៌​នៅក្នុង​សង្គម​នោះទេ»។

«បុរស​ចំណាស់​ខ្លះ មាន​ចរិត​មិនសូវ​ល្អ​ទេ។ និយាយស្តី​ក៏​មិន​សម​អោយ​ក្មេង​គោរព​ដែរ។ ហើយ​គ្មាន សីលធម៌​ទៀត។ ចូលចិត្ត​យកលុយ​មក​ជះ​លើ​ស្ត្រី​វ័យក្មេង​ណាស់»។ នេះ​ជាការ​រិះគន់​របស់ កញ្ញា និមល។ និមល វ័យ២៣ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​លក់​នៅក្នុង​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ​ក្នុង​ផ្សារ​ទំនើប​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ បានអោយដឹងថា អតិថិជន​ជា​បុរស​វ័យ​ចំណាស់​មួយចំនួន​តែង​និយាយ​លែបខាយ«ញ៉ែ» និង​បាន​អួតអាង​ថា​ខ្លួន​ជា​អ្នកមាន ហើយ​អាច​ឧបត្ថម្ភអ្វីៗអោយបាន​គ្រប់យ៉ាង​ផងដែរ។ កញ្ញា និមល រៀបរាប់​ពីស​ម្តី​បុរស​ជា​អតិថិជន​ម្នាក់​ដែល​ធ្លាប់​ព្យាយាម​ទំនាក់ទំនង​នាង​ថា៖«ទៅ​ញ៉ាំ​បាយ​ជាមួយ​បង​ទេ។ ចាំ​បង​យក​ឡាន​មក​យក។ ប្រសិនបើ​អត់លុយ​ចាយ​អាច​ប្រាប់​បង​បាន។ ខ្វះខាត​អី​ប្រាប់​បង​មក​ចាំ​បង​ជួយ កុំ​ក្រែង​ចិត្ត។ អោយតែ​អូន​ទៅ​ដើរលេង​ជាមួយ​បងអូន​ចង់បាន​អី​ក៏បាន​ដែរ»។ កញ្ញា និមល បានឱ្យដឹង​ទៀតថា ធ្លាប់មាន​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូរ​ឈ្លោះប្រកែក​គ្នា​សឹងតែ​ផ្អើល​ហាង​របស់ នាង ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​ប្រចណ្ឌ​នឹង​ស្វាមី​របស់ខ្លួន​ដែល​លួច​មើល​អ្នកលក់​ជា​នារី​វ័យក្មេង ខណៈពេល ដែល​ពួកគាត់​ចូល​មករក​ទិញ​ទូរ​សព្ទ​ដៃ។

ងាក​មក​ស្តាប់ កញ្ញា មករា នៅ​ខេត្តកំពង់ចាម​វិញ។ កញ្ញា​បាន​រិះគន់ថា៖«បុរស​ខ្លះ ចាស់​ហើយ​នៅ​មិន គិត​ទៅរក​ធម៌​អារ្យ​នោះទេ។ ឃើញ​ស្រី​ស្អាតក្មេងៗមិនបាន ឌឺដង​ពាក្យសម្តី​សួររក​លេខ​ទូរ​សព្ទ មិនតែប៉ុណ្ណោះ ហៅ​គេ​សុទ្ធតែ​អូន...»។ ក្នុង​វ័យ២២ឆ្នាំ និង​ជា​មន្ត្រីរាជការ​ម្នាក់​នៅក្នុង​ទី​ខេត្ត មករា បាន​រៀបរាប់​ទៀតថា សហការី​ជា​បុរស​ចំណាស់​មួយចំនួន​នៅ​កន្លែងធ្វើការ​របស់​នាង ចូលចិត្ត​ដើរ​កម្សាន្ត​សប្បាយ​តាម​ហាង​ខារ៉ាអូខេ ហើយ​យកមក​អួត​ប្រាប់ និង​ចំអែចំអន់​គ្នា​នៅ​កន្លែងធ្វើការ​ទៀតផង។ មករា បន្តទៀតថា ពួកគាត់​ធ្លាប់​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​នារីវ័យក្មេងៗនៅក្នុង​ហាង ខារ៉ាអូខេ ឱ្យ​នាង​បានឃើញ​ជាច្រើន​ដង​ផងដែរ។ យុវតី​ដដែល​នេះ​បង្ហើប​ប្រាប់ទៀតថា៖«ចាស់​ស្ទាវ​ខ្លះ ចូលចិត្ត​និយាយ​ទូរ​សព្ទយូរៗរាប់​ម៉ោង​ដូច​ក្មេងស្ទាវ​អ៊ីចឹង។ ពេលខ្លះ​ច្រៀង​អោយដៃ​គូរ​ស្តាប់​តាម​ទូរ​សព្ទ ទៅវិញទៅមក​ក៏មានដែរ»។

ដោយ​ឆ្លងកាត់​ការសង្កេត​ជាក់ស្តែង បុរស​មួយចំនួន​បាន​ប្រើប្រាស់​ពាក្យ​អាសអាភាស​ជាមួយ​នារីក្មេងៗដែលមាន​សម្រស់​ស្អាត។ ពាក្យ​ទាំងនោះ​ជារួម​មាន៖«ត្រកៀក​ស្អាត​ម្ល៉េះ? ដើមទ្រូង​ឡូយ​ណាស់។ រាង​អស់ទាស់​តែម្តង​ហើយ...។ល»។

បើតាម​លោក​មេធាវី​ឯករាជ្យ សុក សំអឿន រាល់​ទង្វើ​បោះពាក្យ​សម្តី​លេប​ខាយ​ផ្លូវ​ស្នេហា​របស់​អ្នកមាន អំណាច​ណា​ម្នាក់​ចំពោះ​មនុស្ស​ម្នាក់ទៀត គឺជា​ការ​បៀតបៀន​ផ្លូវភេទ។ សម្រាប់​លោក សុក សំអឿន «ទង្វើ​របៀបនេះ​គឺ​ខុសច្បាប់ និង​អាច​មានទោស​ជាប់គុក​ពីបទ​រំខាន​ផ្លូវភេទ»។

យុវតី​ដែល​បាន​ជួបបុរសៗ និង​បានផ្តល់​បទសម្ភាសន៍ បាន​អំពាវនាវដូចៗគ្នា​ឱ្យ​បុរស​វ័យ​ចំណាស់​ធ្វើជា​គំរូ​ល្អ​សម្រាប់​ក្មេងជំនាន់ក្រោយ ដោយ​មិនគួរ​ប្រព្រឹត្តិ​ទង្វើ​ដែល​ធ្វើអោយប៉ះពាល់​ដល់​សីលធម៌ សង្គម​នោះឡើយ៕

 



© រក្សាសិទ្ធិដោយ thmeythmey.com