ជាតិ
សង្គមជាតិ
សហគមន៍​បូរី​កីឡា​ស្នើ​ឲ្យ​អាជ្ញាធរ​សង់ផ្ទះ​បន្ថែមទៀត
02, Jan 2015 , 11:08 am        
រូបភាព
ដោយ:
តំណាង​ពលរដ្ឋ​សហគមន៍​បូរី​កីឡា​ជាង ៥០នាក់ បានដាក់​ញត្តិ​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​សាលា​ភ្នំពេញ និង​គណៈកម្មការ​ទី ១០ នៃ​រដ្ឋសភា ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល សាង​សង់ផ្ទះ​នៅក្នុង​បូរី​កីឡា​បន្ថែមទៀត។



ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​សហគមន៍​បូរី​កីឡា ៥០នាក់ បានដាក់​ញត្តិ​ជំរុញ​ដល់ រដ្ឋាភិបាល​ជួយ​សង់ផ្ទះ​បន្ថែមទៀត នៅ​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ។ ញត្តិ​របស់​ពួកគេ​ដែល ដាក់​ឲ្យ​អាជ្ញាធរ​នោះ គឺ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​សាងសង់​លំនៅឋាន​នៅក្នុង​បុរី​កីឡា បន្ថែម​ដល់​ពលរដ្ឋ​ជាង ២០០គ្រួសារ។

តំណាង​សហគមន៍​បូរី​កីឡា អ្នកស្រី ការ៉ូ ហាន់​នី បាន​និយាយថា ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង បូរី​កីឡា​បច្ចុប្បន្ននេះ មានការ​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព និង​ការ​ស្នាក់នៅ ដោយសារតែ ពួកគេ​មិនមាន​កន្លែង​ស្នាក់នៅ​សមរម្យ​នៅឡើយ។

អ្នកស្រី​ប្រាប់ថា៖«សហគមន៍​បូរី​កីឡា​ជាង ២០០គ្រួសារ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ ដោយ សារ ពួកគេ​រស់នៅ​ក្នុងផ្ទះ​ស័ង្កសី ហើយ​ខ្លះទៀត​ស្នាក់នៅ​ក្នុង​តង់​ប្លា​ស្ទិ​ក ជិត​សំរាម​ស្អុយ រលួយ»។
បើតាម​តំណាង​រូបនេះ អាជ្ញាធរ​រាជធានី​បាន​សន្យាថា នឹង​កោះហៅ​តំណាង​សហគមន៍​បូរី កីឡា​មក​ប្រជុំ​រក​ដំណោះស្រាយ​នៅ​សបា្តហ៍​ក្រោយ​ផងដែរ។

ទាន់​ទិន​នឹង​បញ្ហា​នេះដែរ នៅក្នុង​ទិវា​សិទ្ធិមនុស្ស កាលពី​ថ្ងៃ១០ ធ្នូ​កន្លងមក អភិបាល រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែងថា អាជ្ញាធរ​កំពុង​រក​ដំណោះស្រាយ​ជូន សហគមន៍​ក្រីក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​សរុប​ជាង ៣០០សហគមន៍ ក្នុងនោះ សហគមន៍​បូរី កីឡា​មាន​ជាង ១០០គ្រួសារ៕


© រក្សាសិទ្ធិដោយ thmeythmey.com