ជាតិ
សង្គមជាតិ
តើ​​យុវជន​​អាច​​ចូលរួម​​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុក​រលួយ​​តាម​របៀប​​ណា​ខ្លះ​?​
05, Jan 2015 , 9:49 am        
រូបភាព
ដោយ:
យុវជន មាន​តូ​នាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួមចំណែក ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ ហើយ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នេះ អាចធ្វើ​ទៅបាន​តាមរបៀបផ្សេងៗពីគ្នា ដួច​ជា៖ ការចាប់​ផ្តើមចេញពី​ខ្លួនឯង ហ៊ាន​រាយការណ៍​អំពី​អំពើពុករលួយ ផ្សព្វផ្សាយ និង​ចែករំលែក​ដល់​អ្នកដទៃ​ជាដើម។


ជា​និស្សិត​នៃ​វិទ្យាស្ថាន ភាសាបរទេស (IFL) លោក ចាន់ ភី​ត​ធ័​រ បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​យុវជន គេ​អាច​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​តាមរយៈ ការចែករំលែក​ព័ត៌មាន​អំពី​អំពើពុករលួយ​តាម​បណ្តាញ​សង្គម ការចូលរួម​សិក្ខាសាលា ស្តីពី​អំពើពុករលួយ ដើម្បី​បង្កើន​ចំណេះដឹង​ដល់​ខ្លួនឯង​ផ្ទាល់ ការបង្កើត​ជា​ខ្សែ​វី​ឌី​អូ​អប់រំ​ខ្លី​អំពី​អំពើពុករលួយ ការរៀបចំ​គម្រោងផ្សេងៗជាដើម។ ភី​ត​ធ័​រ​បន្តថា គេ​ក៏​អាច​ចូលរួម​សកម្មភាព​ជាមួយ អង្គការ​តម្លាភាព​កម្ពុ​ជា ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ លើកស្ទួយ​សុចរិត​ភាព តម្លាភាព និង​ការទទួលខុសត្រូវ​បាន​ដែរ។
លោក ចាន់ ភី​ត​ធ័​រ​បាន​រម្លឹក​ពី​ពិសោធន៍​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖«អ្វីដែល​ខ្ញុំ​ធ្លាប់ធ្វើ​កន្លងមក​នោះ គឺថា រូបខ្ញុំ​បាន​ចូលរួម​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​របស់​អង្គការ​តម្លាភាព​កម្ពុជា ហើយ​នាពេល​ប្ចុ​ប្បន្ន​នេះ​ខ្ញុំ​កំពុង​រៀបចំ បង្កើតជា​ខ្សែ​វី​ឌី​អូ​អប់រំ​ខ្លី​អំពី​អំពើពុករលួយ ដើម្បី​ជាការ​ផ្ញើ​សារ និង​ជាការ​ក្រើនរំលឹក​មូ​យ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ជា​យុវជន​ផងដែរ»។

ចំណែកឯ​កញ្ញា ស៊ីម លីដា ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​វិញ កញ្ញា​បាន​មានប្រសាសន៍​ដោយ​ខ្លី​ថា មុននឹង​យើង​អាច​ចូលរួមចំណែក​ក្នុង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ យើង​ត្រូវ​យល់​ពី​អត្ថន័យ​នៃ​អំពើពុករលួយ​ឲ​ច្បាស់​ជាមុនសិន ពីព្រោះ សម្រាប់​កញ្ញា អំពើពុករលួយ​មាន​អត្ថន័យ​ទូលំទូលាយ​ណាស់ ហើយ​ការ​ឲ្យ​និយមន័យ​ទៅលើ​ពាក្យ​នេះផ្សេងៗ​ពីគ្នា អាស្រ័យទៅលើ​បុគ្គលម្នាក់ៗ ។ ទោះយ៉ាងណា​ក៏ដោយ ចំពោះ​លីដា គេ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មាន​អំពើពុករលួយ​ជាដាច់ខាត នៅក្នុង​សង្គម​នីតិរដ្ឋ​មួយ។

លោក នួន សុចិ​ន្តា និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​មានប្រសាសន៍ថា ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បង្ហាញ​អំពី​ការប្រឆាំង​អំពើ​អយុត្តិធម៌ និង​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ។ សុចិ​ន្តា​បន្ត​យ៉ាង​ដូច្នេះ​ថា៖«យើង​ជា​យុវជន យើង​ត្រូវ​ហ៊ាន​ហ៊ាន​រាយការណ៍​អំពើពុករលួយ​ទៅដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ(ACU) ដោយ ទូរ​សព្ទ​ទៅកាន់​លេខ ១២៨២ ឬ សរសេរ​សំបុត្រ ដាក់​ក្នុង​ប្រអប់​ស របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​នៅតាម​ដងផ្លូវ​នានា។ ហើយ​យើង​ក៏​អាច​ទំនាក់ទំនង​ដោយផ្ទាល់​ដើម្បី​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ ដោយ​ឥតគិតថ្លៃ​ជាមួយ អង្គការ​តម្លាភាព​កម្ពុ​ជា ដោយ ទូរ​សព្ទ​ទៅកាន់​លេខ ១២៩២ ឬ ៧៧៧៧»។ សុចិ​ន្តា​ក៏បាន​បញ្ជាក់​ថែមទៀត យុវជន​ក៏​អាច អាច​ចែករំលែក​ព័ត៌មាន​អំពី​អំពើពុករលួយ​តាម​បណ្តាញ​សង្គម និង​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លូន។

កញ្ញា គីម កុ​សុមា ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​មានប្រសាសន៍ថា យុវជន​មាន​សក្តានុពល​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅពេល​បច្ចុប្បន្ន និង​អនាគត។ យុវជន​អាច​ចាប់ផ្តើម ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ តាមរយៈ​ការរៀន អំពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ​ដល់​សង្គម​របស់​ពួកគេ និង​ខ្លួន​របស់គេ​ផ្ទាល់​ផងដែរ ដើម្បី​អប់រំ​ខ្លួន​របស់គេ​ឲ្យ​រស់នៅ​ពោរពេញ​ដោយ តម្លាភាព និង​សុចរិត​ភាព និង​ជំរុញ​អោយ​យុវជន​ចូលរួម​ក្នុង​ការងារ​សង្គម យ៉ាងសកម្ម និង​ភាពក្លាហាន។ កញ្ញា​ជឿជាក់ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចាប់ផ្តើម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ពី​ពេល​ឥឡួវ​នេះ​តទៅ​ដូច្នេះ​នៅពេល​អនាគត ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែលមាន ភាពល្អ​ស្អាត ប្រជាពលរដ្ឋ​គោរព​ច្បាប់ និង​មាន​ភាព​ភ្លឺ​ថ្លា ត្រចះត្រចង់៕



© រក្សាសិទ្ធិដោយ thmeythmey.com