ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
តើ​​នារី​​ស្លៀក​ពាក់ ​Sexy​ ពិត​ជា​​ចង់​«ស៊ី​​អារម្មណ៍»​បុរស​ៗ​មែន​ឬ​?​
06, Jan 2015 , 11:31 am        
រូបភាព
រូបភាព៖ facebook
រូបភាព៖ facebook
ដោយ:
ភ្នំពេញ៖ ដៃ​ម្ខាង​បិទ​លើ ដៃ​ម្ខាង​បិទ​ក្រោម! សំពត់​ខ្លី អាវ​ស្តើង កវាល ខោ​ខូវប៊យ​រឹប​រៀង គូថ​ខ្លី កំពុងមាន​ការពេញនិយម​បំផុត​សម្រាប់​យុវតី​ជំនាន់​ថ្មី​មួយចំនួន។មិន​ថា​ពេល​ធម្មតា ពេល​ដើរ​កម្សាន្ត ឬ​ទៅ​សាលារៀន​នោះទេ ភាគច្រើន​ពួកគេ​តែង​បង្ហាញ​ភាព​ទាក់ទាញ។ ទង្វើ​បែបនេះ​ត្រូវបាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ក្នុងសម័យ​ដ៏​ទំនើប​នេះ ហៅថា​ជា​ទង្វើ«ស៊ី​អារម្មណ៍»។



ក្នុង​រយៈពេល​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា ចំណង់​ចំណូលចិត្ត​ក្នុងការ​ស្លៀកពាក់​តុបតែង​ខ្លួនប្លែកៗរបស់​យុវតី​ខ្មែរ​មួយចំនួន​គឺ​ចម្លង​តាម​តួកុន ឬ​តារាចម្រៀង​បរទេស​ដូចជា កូរ៉េ ហ្វីលីពីន និង​ថៃ​ជាដើម។ ជាការ​ពិតណាស់ ការ​ស្លៀកខោ​រឹប​គូថ​ខ្លី បញ្ចេញ​គល់ភ្លៅ អាវវាលៗ បញ្ចេញ​សាច់​ដើមទ្រូង ជិះ​ម៉ូតូ​ច្រក​គៀវ​ឌុប​គ្នា​ដើរ​កម្សាន្ត​តាម​ដងផ្លូវ បាន​ទាក់ទាញ​ក្រសែភ្នែកបុរសៗឱ្យ​ឈ្លក់​វង្វេង។

សិស្ស និស្សិត​ស្រី​មួយចំនួន ស្លៀកសំពត់​ពាក់កណ្តាល​ភ្លៅ ពាក់អាវស្តើងៗ លាប​ក្រែ​ម ផាត់ម្សៅ​ទៅ​សាលារៀន​ក៏មាន។ រីឯ​អ្នក​ខ្លះទៀត​ត្រូវ​បង្ខំចិត្ត​ស្លៀកពាក់​ខ្លី​ផងដែរ ដោយសារតែ​កន្លែង​ដែល​ពួកគេ​ធ្វើការ​បាន​តម្រូវ។

ជួនកាល​ជិះ​រថយន្ត ជួនកាល​ជិះ​ម៉ូតូ​កម្សាន្ត​តាម​សួនច្បារ​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​កញ្ញា​រាង​តូច​ច្រឡឹង សាច់​សក្បុស ពិសី ជា​អ្នក​ចូលចិត្ត​លេង​ម៉ូត​សម្លៀកបំពាក់​បំផុត។នាង​បាន​លើកឡើងថា៖«ពេល​ស្លៀក​វែង​ខ្ញុំ​ជិះឡាន តែ​ពេល​ស្លៀកខ្លីៗ ខ្ញុំ​ជិះ​ម៉ូតូ ព្រោះ​បើ​ខំ​ស្លៀក​ខ្លី​ហើយ​លាក់ខ្លួន​ក្នុង​ឡាន​ដដែល​គ្មាន​ន័យ​ឡើយ។ មិនបាន បង្អួត​សាច់​ទេ...»។

ចំណែកឯ​យុវតី ស្រីរ័ត្ន​វ័យ១៩ឆ្នាំ​វិញ ដែល​តែង​ពាក់អាវ​វាល​ដៃតូចៗ និង​ស្លៀកខោ​ខូវប៊យ​គូថ​ខ្លី​បញ្ចេញ​សាច់​ភ្លៅ​សរ​លោង ជិះ​ម៉ូតូ​កម្សាន្ត​តាម​សួនច្បារ​រៀងរាល់​ល្ងាច​ផងដែរ​នោះ បាន​និយាយថា៖«ស្លៀក​អីចឹង​វារ​ហើយ​ស្រួល​មិនសូវ​ក្តៅ។ ណាមួយ​ឃើញ​តារាចម្រៀង​កូរ៉េ​គេ​ស្លៀក​សម​ណាស់​ខ្ញុំ​ចង់​ធ្វើ​ដូច​គេ​ដែរ។ បុរសៗដែល​ជិះ​ម៉ូតូ​ក្បែរ​ខ្ញុំ តែង​សម្លឹង​មិន​ដាក់​ភ្នែក​ទេ»។

ជា​និស្សិត​ឆ្នាំ​ទី២ ចូលចិត្ត​ស្លៀកសំពត់​ខ្លី​បញ្ចេញ​សាច់​ភ្លៅ ពាក់អាវ​រឹប​រាង ទៅ​សាលារៀន​ជាប្រចាំ កញ្ញា ឆដា ប្រាប់​ឱ្យដឹងថា៖«សាច់​យើង​ស្អាត​អួត​គេ​ខ្លះទៅ។ បើ​មិន​ស្លៀក​អីចឹង ច្បាស់​ជា​ចាញ់​គេ​ជាមិនខាន។ ស្រីៗរៀន​សាលា​ខ្ញុំ​ចូលចិត្ត​បង្អួត​សម្រស់​គ្នា​ណាស់»។ យុវតី​វ័យ២២ឆ្នាំ​រូបនេះ​បន្ថែមទៀតថា៖«ធ្វើឱ្យបុរសៗឈ្លក់​វង្វេង​បន្តិច​ក៏​មិន​អី​ដែរ ធ្វើ​ម៉េច​កើតមក​ស្អាត​អីចឹង...»។

ជា​មិត្ត​រៀន​នៅ​សាកលវិទ្យាល័យ​ជាមួយ​កញ្ញា ឆដា ផងដែរ​កញ្ញា ដា ណា វ័យ២១ឆ្នាំ ចូលចិត្ត​ពាក់អាវ​ស​ដៃខ្លី​ស្តើង​រឹប​រាង ជាមួយ​សំពត់​ខ្លី​លើ​ជង្គង់​ទៅ​រៀន​ជាប្រចាំ។នាង​បាន​ប្រាប់​ឱ្យដឹងថា៖«វា​មិន​ហួសហេតុ​ទេ និស្សិត​ស្រុក​គេ​ដូចជា​ថៃ ឬ​កូរ៉េ ក៏​ស្លៀក​អីចឹង​ដែរ។ ណាមួយ​មិត្តភក្តិប្រុសៗដែល​រៀន​ជាមួយគ្នា តែង​ស​សើ​រថា​ស្អាត​ស៊ិ​ច​ស៊ី សម្លឹង​មិន​ដាក់​ភ្នែក»។

ងាក​មក​ស្តាប់​កញ្ញា ណា រី ជា​និស្សិត​រៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋ​វិញ ក្រៅពី​ស្លៀក​ឯកសណ្ឋាន​ខើច​ខ្លី​នាង​តែង​ផាត់ម្សៅស្តើងៗ លាប​ក្រែ​មព្រឿងៗ ព្រមទាំង​មាន​គូស​ចិញ្ចើម​ទៅ​សាលា​ជាប្រចាំ​ផងដែរ។ នាង​បាន​លើកឡើងថា ការតុបតែង​បែបនេះ​វា​បាន​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់​និស្សិតស្រីៗសម័យ​បច្ចុប្បន្ន។ បើ​មិន​ធ្វើ​ដូច្នេះ​ទេ​ច្បាស់​ជា​គ្មាន​បុរស​ណា​ចាប់អារម្មណ៍​នោះឡើយ។

ដោយឡែក​យុវតី​មួយចំនួនទៀត មិនមែន​ស្លៀកពាក់​ខ្លី​ដោយ​ចិត្ត​ឯង​នោះទេ តែ​វា​ជា​ឯកសណ្ឋាន​របស់​ក្រុមការងារ។  ក្រុមហ៊ុន​មួយចំនួន​តម្រូវឱ្យ​បុគ្គលិក​របស់ខ្លួន ស្លៀកពាក់​ស៊ិ​ច​ស៊ី​ដើម្បី​ទាក់ទាញ​អតិថិជន។

ក្នុង​ឯកសណ្ឋាន​មួយឈុត​ពណ៌​ក្រហម អាវ​ក្នុង​កវាល អា​ធំ​ក្រៅ​ដៃ​វែង សំពត់​ខ្លី​ពាក់កណ្តាល​ភ្លៅ កញ្ញា និមល និង​ស្រី​កា ជា​បុគ្គលិក​លក់​ទូរ​សព្ទ​ដៃ នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង​បាន​ទទួលស្គាល់ថា បើ​មិន​ស្លៀកពាក់​ស៊ិ​ច​ស៊ី​នោះទេ ច្បាស់​ជា​មិនសូវមាន​អតិថិជន​ចូល​ទិញ​ឡើយ។ ប៉ុន្តែ​ពេលខ្លះ​ភ្ញៀវប្រុសៗគ្រាន់តែ​ចូលមក​តថ្លៃ​ដើម្បី​ញ៉ែ​លេង​តែប៉ុណ្ណោះ។

អ្វីដែល​គួរឱ្យកត់សម្គាល់​ក្នុងពេល​បច្ចុបន្ននេះ សូម្បីតែ​នៅតាម​វត្ត​អារាម ក៏​នារី​ស៊ិ​ច​ស៊ី​មួយចំនួន​មិន​លើកលែង​នោះដែរ។ ពួកគេ​ស្ទើរតែ​ភ្លេច​អស់​សំពត់​ហូល ផាមួង​ដែលជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ហើយ​បែរជា​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​បង្អួត​អាចារ្យ និង​ព្រះសង្ឃ​ទៅវិញ។ ជាងនេះទៅទៀត នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ គេ​តែង​សង្កេតឃើញ​យុវតី​ជាច្រើន​កំពុង​ឈ្លក់​វង្វេង​បង្ហោះ​រូបភាព Sexy របស់​ខ្លួនឯង​បង្អួត​គ្នា​ជា​សាធារណៈ។ សូមបញ្ជាក់ផងដែរថា រូបភាពនារី Sexy មួយ​ចំនួន​ពួក​គេ​បង្ហោះដើម្បីទាក់​ទាញម៉ូយ ព្រោះពួកគេជាក្រុមនារី«លក់ខ្លួនលួចលាក់»៕






© រក្សាសិទ្ធិដោយ thmeythmey.com