អន្តរជាតិ
ជនភៀសខ្លួន​ស៊ី​រី​រាប់ម៉ឺន​នាក់​រងគ្រោះ​ព្រោះ​ការ​រឹតបន្តឹង​ទិដ្ឋាការ​នៅ​លី​បង់
06, Jan 2015 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​លី​បង់​ចាប់ផ្តើម​រឹតបន្តឹង​ការត្រួត​ពិនិត្យ​ទិដ្ឋាការ​របស់​ជនភៀសខ្លួន​ស៊ី​រី​ដែល​ប៉ុនប៉ង​ចូលមក​រស់នៅ​ក្នុងប្រទេស​នេះ ហើយ​វិធានការ​នេះ​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នេះ។ លី​បង់​សម្រេច​រឹតបន្តឹង​ការ​ចូលមក​រស់នៅ​រប​ស់ជន​ភៀសខ្លួន​ស៊ី​រី ដោយសារ​ប្រទេស នេះ​ប្រឈមមុខ​បញ្ហា​សន្តិសុខ​និង​មាន​បន្ទុក​ធ្ងន់​ដោយសារ​ជនភៀសខ្លួន​បន្ត​កើនឡើង​ឥត ឈប់ ប៉ុន្តែ​ជនភៀសខ្លួន​ស៊ី​រី​ដែល​កំពុង​ជួបប្រទះ​គ្រោះថ្នាក់​នោះ​ក៏​ប្រឈម​បញ្ហា​ធ្ងន់​ដូចគ្នា។



រាយការណ៍​ព័ត៌មាន​ដោយ លោក រឿន ភា​រុន


រដ្ឋាភិបាល​លី​បង់​បានសម្រេច​ដាក់​កំហិត និង​រឹតបន្តឹង​ការត្រួតពិនិត្យ​ទិដ្ឋាការ​ឆ្លង​ចូលមក​កាន់ ទឹកដី​លី​បង់​របស់​ជនភៀសខ្លួន​ស៊ី​រី។ វិធានការ​លើកដំបូង និង​មិន​ធ្លាប់មាន​ពីមុន​របស់​ប្រទេស ជិតខាង​ស៊ី​រី​នេះ​ត្រូវបាន​ដាក់ចេញ​កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​អាជ្ញាធរ​លី​បង់​បញ្ជាក់ថា វិធានការ​នេះ​ជា​វិធានការ​ចាំបាច់​បំផុត​សម្រាប់​ប្រទេស​លី​បង់។

បើតាម​ស្ថាប័ន​ទទួលបន្ទុក​សិទ្ធិមនុស្ស ចំនួន​ជនភៀសខ្លួន​មាន​ស្ត្រី​បុរស​កុមារ ជា​ជនជាតិ​ស៊ី​រី បាន​បន្ត​រត់​ឆ្លង​ចូលមក​កាន់​ប្រទេស​លី​បង់​ដើម្បី​គេច​ពី​គ្រោះថ្នាក់ ជាពិសេស​សង្គ្រាមស៊ីវិល ដែល​កំពុង​អូសបន្លាយ​រក​ពេល​ចប់​មិនឃើញ​នៅ​ប្រទេស​ពួកគេ​នោះ។

បច្ចុប្បន្ននេះ​ជនភៀសខ្លួន​ដែល​បាន​ឆ្លង​ចូលមក​កាន់​ប្រទេស​លី​បង់​មាន​រហូតដល់​ជាង ១ លាន​នាក់​ឯណោះ ដែល​ចំនួន​នេះ​ច្រើន​សន្ធឹកសន្ធាប់ ហើយ​អ្វី​ដែលជា​បញ្ហា​នោះ​ចំនួន ជន​ភៀស ខ្លួន​បន្ត​កើនឡើង​ជាប្រចាំ​ទៀត​នោះ។ ចំនួន​ជនភៀសខ្លួន​ស៊ី​រី​នេះ​ច្រើនសន្ធឹក សន្ធាប់​នេះ​ជា​វិញ្ញាសារ​សាកល្បង​ការអត់ធ្មត់​របស់​ប្រជាជន​លី​បង់ និង​ធនធាន​ដែលមាន កំណត់​របស់​ប្រទេស​នេះ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ពី​ប្រទេសជិតខាង​ផងដែរ ។

ប្រជាជន​លី​បង់​អត់ធ្មត់​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ស៊ី​រី​អោយ​តាំង​ទីលំនៅ​បណ្តោះអាសន្ន​នៅក្នុង​ទឹកដី​របស់​ពួកគេ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​បញ្ហា​សន្តិសុខ​កើតឡើង​ជា​ញឹកញាប់ ព្រោះ​កង​ម្លាំ​ង​ឧទ្ទាម​ស៊ី​រី​ធ្លាប់​វាយប្រហារ​ព្រំដែន​លី​បង់​និង​ចាប់​ជម្រិត​ប្រជាជន​លី​បង់​ជាច្រើន​នាក់​ផងដែរ។ បើតាម​ការមើលឃើញ​ជាក់ស្តែង​រដ្ឋាភិបាល​លី​បង់​ប្រឈមមុខ​នឹង​បន្ទុក​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​ស​និ្ត​សុខ​ថែមទៀត ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ​កំពុង​ភ័យព្រួយ​ខ្លាំង ដោយសារ​សន្តិសុខ​ផ្ទៃក្នុង​ហាក់ដូចជា​ផុយស្រួយ​រួចទៅហើយ។

ខណៈពេលដែល​សន្តិសុខ​នៅក្នុង​ប្រទេស​ប្រឈមមុខ​នឹង​វិបត្តិ បន្ទុក​កាន់តែ​ធ្ងន់​នៅពេល ដែល​ជនភៀសខ្លួន​បន្ត​កើនឡើង រដ្ឋាភិបាល​លី​បង់ជារឿយៗតែងតែ​បង្ហាញ​ការ​អស់​ការ អត់ធ្មត់ និង​ព្រមាន​សហគមន៍​អន្តរជាតិ​ថា​ខ្លួន​លែងមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ បញ្ហា​ជនភៀសខ្លួន​នេះហើយ។  ដោយឡែក​មន្ត្រី​ភ្នាក់ងារ​សន្តិសុខ​ទូទៅ​របស់​លី​បង់​បាន អះអាងថា វិធានការ​របស់​អាជ្ញា​ធរ​គឺ​តម្រូវអោយ​ជនភៀសខ្លួន​ដែលមាន​បំណង​ចូលមក កាន់​ប្រទេស​លី​បង់​បង្ហាញ​ទិដ្ឋាការ​និង​លិខិតស្នាម​ជាមុន​ទៅកាន់​អាជ្ញាធរ។

 មន្ត្រី​ខាងលើ​លើកឡើងថា​លី​បង់​នៅតែ​គោរព​កាតព្វកិច្ច​មនុស្សធម៌​អន្តរជាតិ​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន ដោយ​មិន​បណ្តេញ​ជនភៀសខ្លួន​ណា​ម្នាក់​ចេញពី​ទឹកដី​របស់ខ្លួន​ឡើយ ប៉ុន្តែ​វា​ជាការ​ចាំបាច់​បំផុត​ក្នុងការ​រឹតបន្តឹង​និង​គ្រប់គ្រង​ការ​ចូលមក​រស់នៅ​រប​ស់ជន​ភៀសខ្លួន។   យ៉ាងណាក៏ដោយ បើទោះជា​មានការ​អះអាង​ពី​បន្ទុក​ធ្ងន់​យ៉ាងនេះ​ក្តី​លោក LinaKhatib ប្រធាន មជ្ឈមណ្ឌល​ស្ថាប័ន​ស្រាវជ្រាវ​មជ្ឈិមបូព៌ា បាន​សង្កត់ធ្ងន់ថា បញ្ហា​នេះ​កើតឡើង​ដោយសារ​ការ បែកខ្ញែក​គ្នា​ផ្នែក​នយោបាយ​រវាង​អ្នកនយោបាយ​លី​បង់ ហើយ​និង​ភាពបរាជ័យ​របស់ រដ្ឋាភិបាល​លី​បង់​ក្នុងការ​អនុត្ត​ន៍​គោលនយោបាយ​ជនភៀសខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com