អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​អន់ចិត្ត​ពេល​ថៃ​អនុញ្ញាតអោយ​ចិន​វិនិយោគ​ផ្លូវ​រថភ្លើង
06, Jan 2015 , 5:17 pm        
រូបភាព
ដោយ:

កូរ៉េខាងត្បូង​ចោទប្រកាន់​រដ្ឋាភិបាល​ថៃ​កំពុងតែ​អនុវត្ត​ចាក​ឆ្ងាយ​ពី​ការព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ទាំងពីរ​លើ​ការវិនិយោគ​ផ្លូវ​រថភ្លើង។ការសម្តែង​ការមិន​ពេញចិត្ត​នេះ​កើតឡើង​ក្រោយ​រដ្ឋាភិបាល​ថៃ​បាន​បន្ត​ការវិនិយោគ​ផ្លូវ​រថភ្លើង​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ចិន។



កាលពី​ទី០៥ធ្នូ​កន្លងទៅនេះ​លោក​Suh Seung-hwanរដ្ឋមន្ត្រី​ទទួលបន្ទុក​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ​និង​ដឹកជញ្ជូន​កូរ៉េខាងត្បូង​បាន​សម្តែង​ការមិន​ចេញ​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​ថៃ​ដែល​បាន​អនុវត្ត​ចាក​ឆ្ងាយ​ពី​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​បានធ្វើ​អំឡុង​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-កូរ៉េ​កាលពី​ឆ្នាំ២០១៤​ ។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​រដ្ឋាភិបាល​ថៃ​ថ្មី​បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មិ​ជាមួយនិង​រដ្ឋាភិបាល​ចិន​ដើម្បី​វិនិយោគ​លើផ្លូវ​រថភ្លើង​នៅក្នុង​ប្រទេស​ថៃ​ដែល​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង១០ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ការពង្រីក​ទំហំ​វិនិយោគ​នេះ​បានធ្វើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​មានការ​មិន​ពេញចិត្ត​ឡើយ ព្រោះ​ដោយសារ​ការអនុវត្ត​នេះ​វា​ហាក់ដូចជា​មិន​គោរព​ទៅតាម​ការសន្យា​ដែល​រដ្ឋាភិបាល​ថៃ​បាន​សន្យា​ចំពោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឡើយ។

យ៉ាងណាមិញ​ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Pridiyathorn Devakula ពន្យល់ថា​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​បានធ្វើ​ជាការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ដែល​អតីត​រដ្ឋាភិបាល​បាន​ចុះ​កន្លងមក​តែប៉ុណ្ណោះ​ដូច្នេះ​វា​គឺជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ថៃ​ត្រូវធ្វើ។

បន្ថែម​ពីនេះ​លោក Pridiyathorn បាន​បញ្ជាក់ថា​បច្ចុប្បន្ន​ថៃ​កំពុងមាន​គម្រោង​ជាបន្ទាន់​មួយ​ក្នុងការ​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ដើម្បី​បង្កើន​នូវ​ការដឹកជញ្ជូន​ទំនិញ​ដែលមាន​ចម្ងាយ​ប្រមាណ៧០០គីឡូ​ម៉ែត។ដូច្នេះ​គម្រោង​នេះ​នឹង​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​កូរ៉េខាងត្បូង។

ដោយឡែក​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​នៅតែ​ចង់​វិនិយោគ​ក្នុង​គម្រោង​ដែល​ថៃ​និង​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ទោះបីជា​ថៃ​បាន​ព្យាយាម​ពន្យល់​យ៉ាងណាក៏ដោយ។យ៉ាងណាមិញ​ប្រទេស​ទាំងពីរ​នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ម្តងទៀត​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ។

គួរបញ្ជាក់​ផងដែរ​ស្របពេល​នៃ​កើន​ឡើងលើ​ការវិនិយោគ​របស់​ចិន​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​របស់​ថៃ​ជាពិសេស​នោះ​ផ្លូវ​រថភ្លើង​រដ្ឋាភិបាល​ថៃ​កំពុងតែ​ប្រឈម​ជាមួយ​ប្រទេស​ពីរ​រួមមាន​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែលជា​ដៃគូ​វិនិយោគ​ធំ​ដែល​មិនទាន់​ទទួលបាន​គម្រោង​វិនិយោគ​ដូចដែល​រដ្ឋាភិបាល​ថៃ​បាន​សន្យា​ជាមួយ​នៅឡើយ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com