កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប​ មិន​បាន​លេង​ក្នុង​ពាន Hun Sen Cup ឆ្នាំ​នេះ​​ទេ
07, Jan 2015 , 9:58 am        
រូបភាព
លោក ប៊ុន សម្បត្តិ គ្រូបង្វឹក​ក្រុមអាស៊ីអឺរ៉ុប
លោក ប៊ុន សម្បត្តិ គ្រូបង្វឹក​ក្រុមអាស៊ីអឺរ៉ុប
ដោយ:
ក្លិប​បាល់ទាត់​អាស៊ីអឺរ៉ុប ដែល​មាន​កៅអី​​ជា​ស្រេច​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​លំដាប់​ទី២ នៅ​កម្ពុជា គឺ ពាន Hun Sen Cup ឆ្នាំ ២០១៥ បែរ​ជា​មិន​អាច​បង្ហាញ​ខ្លួន​បាន​ទេ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​ហេតុ​ផល​មួយ​ចំនួន។



លោក ប៊ុន សម្បត្តិ ថ្នាក់​ដឹកនាំ​ក្លិប​បាល់ទាត់​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប បាន​​ឱ្យ​ដឹង​ថា​​ក្លិប​លោក​​មិន​អាច​​បង្ហាញ​មុខ​​ក្នុង​​ពាន​រង្វាន់​នេះ​ដោយ​សារ​មូលហេតុ​ដាក់​ពាក្យ​មិន​ទាន់​គេ។ ស្ដាប់​ទៅ​ហាក់​ដូច​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​មួយ​ព្រោះ​ក្រុម​លេង​ដល់​ក្នុង​លីក​កំពូល​ទៅ​ហើយ​បែរ​ជា​​មិន​បាន​ចាប់​អារម្មណ៍​ថ្ងៃ​បិទ​បញ្ជី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត។

ប៉ុន្ដែ​លោក ប៊ុន សម្បត្តិ បាន​​ពន្យល់​មូលហេតុ​ថា​​​ក្រោយ​ចប់​ប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ ២០១៤ មក​កីឡាករ​ចាស់ៗ សឹង​តែ​ទាំង​អស់​បាន​ចាក​ចេញ​ពី​ក្រុម​ព្រោះ​​តែ​ក្លិប​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ ក្រោយ​មក​ក្រុម​បាន​​ពិភាក្សា​ជាមួយ​ដៃ​គូ​​ឧបត្ថម្ភ និង ប្រមូល​​កីឡាករ​ក្មេង​មក​ពី​តាម​ខេត្ត​​ជំនួស​កន្លែង​ទំនេរ​ តែ​យឺត​ពេល​ទៅ​ហើយ​ព្រោះ​សហព័ន្ធ​កីឡា​បាល់ទាត់​បាន​បិទ​បញ្ជី​រួច​រាល់។

ថ្នាក់​ដឹកនាំ​​ក្រុម​រូប​នេះ​​បាន​បន្ថែម​ថា​​ក្លិប​​នឹង​មាន​ដៃ​គូ​ឧបត្ថម្ភ​ថ្មី ដែល​នឹង​ប្រជុំ​សម្រេច​នៅ​ត្រឹម​សប្ដាហ៍​នេះ​ ដោយ​ក្នុង​នោះ​ត្រូវ​ពិភាក្សា​គ្នា​រឿង​ឈ្មោះ​ក្លិប ថា​ប្ដូរ​ឬ​យ៉ាង​ណា​ថែម​ទៀត​ផង។

ទោះ​ជា​មិន​បាន​ចូល​ប្រកួត​ក្នុង​ពាន​រង្វាន់ Hun Sen Cup ក៏​ពិត​មែន​តែ​​ក្រុម​អាស៊ីអឺរ៉ុប កំពុង​តែ​រក​វិធីសាស្រ្ត​ថ្មី​សម្រាប់​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​​ពាន Metfone Cambodian League រដូវកាល ២០១៥ ទាំង​ពង្រឹក​កីឡាករ​ក្នុង​ស្រុក និង ​កីឡាករ​បរទេស ថ្មីៗ​ទៀត ដើម្បី​ប្រជែង​រក​តំណែង​ល្អ​មួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com