អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហុងកុង៖កំណែទម្រង់​នីតិវិធី​បោះឆ្នោត​ជា​យុទ្ធសាស្ត្រ​បញ្ចប់​បាតុកម្ម​របស់​ក្រុង​ប៉េកាំង
07, Jan 2015 , 5:13 pm        
រូបភាព
បញ្ហានយោបាយ​នៅ​ទីក្រុង​ហុងកុង​នៅតែ​ជា​រឿងចម្រូងចម្រាស​និង​ពិបាក​ដោះស្រាយ​នៅឡើយ។ បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​បាន​បន្ត​គំរាម​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពេញលេញ  ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​ពួកគេ​រំពឹងថា​ចលនា​បាតុកម្ម​នឹងដាក់​សម្ពាធ​អោយ​រដ្ឋាភិបាល​ចិន​ព្រម​តាម​ការទាមទារ។ ឆ្លើយតប​នឹង​ការ​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ​រដ្ឋាភិបាល​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​បាន​បើក​វេទិការ​ពិភាក្សា​សាធារណ​មួយ​បង្ហាញ​ពី​ជំហរ​ក្នុងការ​រៀបចំ​កំណែទម្រង់​នយោបាយ និង​តម្រូវ​ចិត្ត​ប្រជាជន​ហុងកុង​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។ យ៉ាងណាក៏ដោយ​សកម្មភាព​របស់​អាជ្ញាធរ​ហុងកុង​ទំនងជា​ទទួល​បានការ​ណែនាំ​ពី​ក្រុង​ប៉េកាំង ហើយ​គេ​មិន​រំពឹងថា​ជំហរ​កែទម្រង់​នយោបាយ​និង​ផ្លាស់ប្តូរ​នីតិវិធី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ហុងកុង មាន​សញ្ញា​វិជ្ជមាន​នោះឡើយ។ យ៉ាងច្រើន​បំផុត គេ​អនុញ្ញាតអោយ​មនុស្ស​គ្រប់គ្នា​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​បាន ប៉ុន្តែ​អ្នក​ជ្រើសរើស​គឺ​គណកម្មការ​បង្កើត​និង​ស្និទ្ធ​ក្រុង​ប៉េកាំង​ឯណោះ​អ្នកមានអំណាច​ជ្រើសរើស​បេក្ខជន​នោះ។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖



បញ្ហានយោបាយ​ហុងកុង​កើតមានឡើង​ក្រោយ​ពេលដែល​អាជ្ញាធរ​ក្រុង​ប៉េកាំង​ប្រកាស​ពី​ការបោះឆ្នោត​ដំបូង​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ទឹកដី​ហុងកុង បើកផ្លូវ​ដល់​ប្រជាជន​តំបន់​អាច​បោះឆ្នោត​ដោយផ្ទាល់​ដើម្បី​ជ្រើសរើស​ប្រមុខ​រដ្ឋាភិបាល​តំបន់​បាន។ប្រជាជន​និង​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​ហុងកុង​បង្ហាញ​ការខកចិត្ត​ដោយសារ បើទោះជា​ចិន​បើកផ្លូវ​អោយមាន​ការបោះឆ្នោត​នៅ​ហុងកុង​ជា​សាកល​និង​ដោយផ្ទាល់​ក៏ដោយ តែបើ​មើល​អោយ​ដឹ​តដល់​ការបោះឆ្នោត​គ្មាន​ប្លែក​អ្វី​ពី​ការជ្រើសរើស​ដោយ​ក្រុង​ប៉េកាំង​ឡើយ។ យោងតាម​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ចិន ការបោះឆ្នោត​អាច​រៀបចំ​ទៅបាន​ដោយផ្ទាល់ ប៉ុន្តែ​អនុញ្ញាតអោយ​បេក្ខជន​ប្រហែល២ទៅ៣នាក់​ប៉ុណ្ណោះ​អាច​ឈរឈ្មោះ​ប្រកួតប្រជែង​បាន។ ហើយ​អ្វីដែល​ធ្វើអោយ​ប្រជាជន​ហុងកុង​ខកចិត្ត​នោះ​គឺ គណកម្មការ​មួយ​របស់​ក្រុង​ប៉េកាំង​ជា​អ្នក​ជ្រើសរើស​បេក្ខជន​នោះ មុននឹង​ដាក់ឈ្មោះ​ពួកគេ​អោយ​ប្រជាជន​បោះឆ្នោត​ជ្រើសរើស។ ដោយសារ​យល់ថា ការផ្តល់​សិទ្ធិ​បោះឆ្នោត​តាម​ប្រជាធិបតេយ្យ​ត្រឹមតែ​ធ្វើអោយ​ល្អមើល​និង​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នោះ សកម្មជន​ប្រជាធិបតេយ្យ សិស្ស និស្សិត ប្រជាជ​ជន​ចាប់ផ្តើម​ចេញមុខ​តវ៉ា។  

រយៈពេល​យ៉ាងហោចណាស់​ពីរ​ខែ​ដែល​ចលនា​មហា​បាតុកម្ម​កើតមានឡើង​នៅក្នុង​អតីត​ទឹកដី​អាណានិគម​អង់គ្លេស ហុងកុង។ ក្មេងៗរាប់ម៉ឺន​ភាគច្រើន​ជា​សិស្ស​និង​និស្សិត ប្រជ​ជន និង​សកម្មជន​ប្រជាធិបតេយ្យ​បាន​ប្រមូលផ្តុំ​គ្នា​តាម​ដងផ្លូវ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដោយ​រំពឹងថា ការបោះឆ្នោត​ឆ្នាំ ២០១៧ អាចធ្វើ​ទៅបាន​ដោយ​សេរី និង​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ។ ប៉ុន្តែ​អាជ្ញាធរ​ហុង​ហុង ដែល​ស្ថិតក្រោម​បញ្ជា​របស់​រដ្ឋាភិបាលកណ្តាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​បោសសម្អាត​ចលនា​បាតុកម្ម និង​បន្ត​ដាក់​គំរាម​លើ​ជន​ណា​ដែល​ប្រឆាំងនឹង​អាជ្ញាធរ ដោយ​យក​លែស​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ទប់ស្កាត់​ចលាចល​នៅក្នុង​តំបន់។ យ៉ាងណាក៏ដោយ​គេ​មើលឃើញថា ចលនា​បាតុកម្ម​របស់​ប្រជាជន​ហុងកុង​មាន​ឥទ្ធិពល​តិចតួច​បំផុត​លើ​ការសម្រេចចិត្ត​របស់​ក្រុង​ប៉េកាំង​ចំពោះ​ការបើកផ្លូវ​អោយមាន​ការបោះឆ្នោត ដែល​អាច​និយាយបានថា​បាតុកម្ម​បដិវត្តន៍​ឆ័​ត្រ​នៅ​ហុងកុង​បរាជ័យ​ក្នុងការ​ទាមទារ​អោយ​ក្រុង​ប៉េកាំង​ធ្វើ​សម្បទាន​នយោបាយ។

យ៉ាងណាក៏ដោយ ឆ្លើយតប​នឹង​ការប្រឆាំង និង​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពេញលេញ រដ្ឋាភិបាល​ចិន និង​មេដឹកនាំ​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​បានសម្រេច​ប្រកាស​រៀបចំ​វេទិការ​ប្រឹក្សា​សាធារណ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​អនុញ្ញាតអោយ​ប្រជាជន​ហុងកុង​បង្ហាញ​មតិយោបល់​ចំពោះ​ការបោះឆ្នោត​នាពេលខាងមុខ។ មេដឹកនាំ​ហុងកុង​ហៅ​ការប្រឹក្សា​នេះ​ថា​ជាការ​កំណែទម្រង់​ផ្នែក​នយោបាយ និង​ជា​ការធ្វើសម្បទាន​របស់​ក្រុង​ប៉េកាំង​ចំពោះ​ការបោះឆ្នោត​នាពេលខាងមុខ ប៉ុន្តែ​មេដឹកនាំ​ហុងកុង​ក៏​ព្រមាន​បាតុករ និង​ក្រុមគាំទ្រ​ប្រជា​ធិ​ប​តយ្យ​ជាស្រេច​ចំពោះ​ការប៉ុនប៉ង​បិទផ្លូវ​បាតុកម្ម​ទៀត។ តាមពិតទៅ​វេទិកា​ជជែក​ពិភាក្សា​នេះ គឺជា​វេទិកា​លើក​ទី​ពីរ​ហើយ​ដែល​រដ្ឋាភិបាល​ហុងកុង​រៀបចំឡើង ដែល​ក្នុងនោះ​រដ្ឋាភិបាល​តំបន់​នឹង​ផ្តល់​សំណើរ​និង​និតិ​វិធី​ជារួម​ទាក់ទិន​ទៅនឹង​ការបោះឆ្នោត​រើស​មេដឹកនាំ​ហុងកុង​ទៅ​សភា​តំបន់ និង​ប្រជាជន​ដើម្បីអោយ​ពួកគេ​បញ្ចេញ​មតិយោបល់។ 

គេ​យល់ថា វេទិការ​ពិភាក្សា​និង​ប្រឹក្សា​ដោយមាន​ការចូលរួម​ពី​ប្រជាជន​នោះ ត្រឹមតែ​ធ្វើអោយ​ល្អមើល​តែប៉ុណ្ណោះ ប៉ុន្តែ​ចិន​មិន​ព្រម​អនុញ្ញាត​អោយមាន​ការបោះ​ឆ្នោត​ដោយ​សេរី និង​តាម​ប្រជាធិបតេយ្យ​ពេញលេញ​ឡើយ។
មេដឹកនាំ​ក្រុម​បាតុកម្ម បាន​ព្រលយ​ពាក្យ​ថា បើ​បោះឆ្នោត​រើស​មេដឹកនាំ​មិន​ពេញលេញ​ដដែល គេ​មិនគួរ​ចំណាយលុយ​បោះឆ្នោតអោយ​ខាតបង់​ទេ ហើយ​មិនចាំបាច់​បោះឆ្នោត​ប្រសើរ​ជាង។ចំណែក​សមាជិកសភា​ហុងកុង​ដែល​ទោរទន់​ទៅ​លទ្ធិប្រជាធិបតេយ្យ បាន​សន្យាថា ពួកគេ​នឹង​ប្រើ​សិទ្ធិ​ជំទាស់​ទាត់ចោល​រាល់​សំណើរ​របស់​អាជ្ញាធរ​ហុងកុង​ដែល​ពាក់ព័ន្ធ​នីតិ​វ​ធី​បោះឆ្នោត​ដែល​ប្រាសចាក​ពី​គោលការណ៍​ប្រជាធិបតេយ្យ នេះ​មានន័យថា​ការបង្ហាញ​ជា​ផ្លូវការ​ពី​សិទ្ធិ​បោះឆ្នោត​និង​នីតិវិធី​បោះឆ្នោត​នឹងត្រូវ​ពន្យារពេល​សិន ហើយ​បន្ត​នីតិវិធី​ចាស់​បោះឆ្នោត​ជ្រើសរើស​ដោយ​គណកម្មការ​បោះឆ្នោត​សមាជិក១២០០នាក់​ដដែល។

គ្មាន​អី​ចម្លែក​ឡើយ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ហុងកុង​ត្រូវ​រៀបចំ​ការពិភាក្សា​សាធារណ​នេះ​ឡើង។ ក្រុង​ប៉េកាំង​រំពឹងថា តិច​ឬ​ច្រើន​វា​អាចជួយ​កាត់បន្ថយ​កំហឹង​របស់​ប្រជាជន​ហុងកុង​ដែល​តវ៉ា​រក​ការបោះឆ្នោត​ប្រជាធិបតេយ្យ​នោះ។ រដ្ឋាភិបាល​ក្រុង​ហុងកុង​នឹង​បន្ត​បង្កើត​ការពិភាក្សា​បន្តបន្ទាប់ ទាក់​ទិ​នីតិវិធី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រចាំ​តំបន់​ហុងកុង​នៅ​ឆ្នាំ២០១៧ ដោយ​ផ្តល់​ឳ​កាស​អោយ​ក្រុមបាតុករ និង​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​បញ្ចេញមតិ​របស់ខ្លួន។ យ៉ាងច្រើន​គេ​អនុញ្ញាត​អោយមាន​អ្នកចូលរួម​សេរី​ប៉ុន្តែ​ចុងក្រោយ​គេ​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​ចិន​នឹង​នៅតែ​មិន​ព្រម​លះបង់​ការសម្រេចចិត្តរ​បស់​ខ្លួន ដោយ​បន្ត​ទុក​គណកម្មការ​ជ្រើសរើស​បេក្ខជន​ជាមុន។ បើ​ចិន​ធ្វើ​សម្បទាន​នយោបាយ​ទៅអោយ​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ដោយ​អោយមាន​ការបោះឆ្នោត​ដោយ​សេរី ឥទ្ធិពល​ចិន​អាច​នឹង​បាត់បង់​អស់ពី​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ។

ដោយឡែក​អាជ្ញាធរ​ហុងកុង​បាន​ព្រមាន​ជាស្រេច​ហើយ​ទៅកាន់​មេដឹកនាំ​បាតុករ ដោយ​លោក Leung Chun Ying ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​តំបន់​បាន​លើកឡើងថា បើ​មាន​បាតុកម្ម​ទៀត​អាជ្ញាធរ​នឹង​ចាត់វិធានការ។ ដើម​សប្តាហ៍​នេះ​មេដឹកនាំ​បាតុកម្ម​ជាង៣០នាក់​ត្រូវបាន​អាជ្ញាធរ​កោះហៅ​អោយចូល​ខ្លួន​មក​បំភ្លឺ ហើយ​ពួកគេ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ការរៀប​ចំការ​បាតុកម្ម​នៅ​កណ្តាល​ហុងកុង​និង​កាន់កាប់​ផ្លូវសំខាន់ៗថែមទៀត។ អាជ្ញាធរ​ហុងកុង​អាច​នឹង​ប្រើប្រាស់​វិធានការ​ក្តៅ​ដើម្បី​បង្ខំ​កុំអោយ​បាតុករ​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​បើកទ្វា​ដ៏​ចង្អៀត​សម្រាប់​ការចរចា។ មិនយូរ​មិនឆាប់​បាតុករ​នឹង​លះបង់​ការទាមទារ​ចង់បាន​របស់ខ្លួន ព្រោះ​បើ​បន្ត​បាតុកម្ម​ក៏​មិនមាន​ឥទ្ធិពល​អ្វីដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ទន់​ជំហរ​និង​ធ្វើ​សម្បា​ទាន​នយោបាយ​ដល់​ប្រជាជន​ហុងកុង​ដែរ។



Tag:
 ហុងកុង
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com