អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រូប​ត្លុក​ជាដើម​ហេតុ​វាយប្រហារ​ទស្សនា​វ​ដ្តី​របស់​ភេរវជន​នៅ​បារាំង
08, Jan 2015 , 5:26 pm        
រូបភាព

ព្រឹ​ត្ត​ការណ៍​វាយប្រហារ​និង​សម្លាប់​រង្គាល​នៅក្នុង​ការិយាល័យ​ទស្សនា​វ​ដ្តី​នៅក្នុង​ប្រទេស​បារាំង​ដោយ​បណ្តាញ​ក្រុម​ភេ​វក​ម្ម បានធ្វើអោយ​ពិភពលោក​តក់ស្លុត​និង​ព្រួយបារម្ភ​ជាខ្លាំង។ មនុស្ស​ប្រហែល១២នាក់​ត្រូវបាន​គេ​បាញ់​ស្លាប់​ពី​ម្សិលមិញ​ភាគច្រើន​ជា​អ្នកសារព័ត៌មាន​ដែល​គូររូប​ត្លុក​នយោបាយ។ ក្រោយ​ការវាយប្រហារ បណ្តា​មេដឹកនាំ​ពិភព​លោ​ល​បានប្រកាស​ថ្កោលទោស និង​ប្រកាន់​ជំហរ​សហការគ្នា​ប្រយុទ្ធប្រឆាំង​រាល់​ទម្រង់​សកម្មភាព​ភេរវកម្ម។ តាមពិតទៅ​ទស្សនា​វ​ដ្តី Charlie Hebdo ដែល​រង​ការវាយប្រហារ​នេះ​ជា​មុខសញ្ញា​របស់​ក្រុម​ភេរវជន​យូរ​ឆ្នាំ​មកហើយ ហើយក៏​ទទួល​ការ​គំរាម និង​ព្រមាន​ច្រើនដង​មកហើយ​ដែរ។ យ៉ាងណាក៏ដោយ ការវាយប្រហារ​ម្សិលមិញ​កើតឡើង​ត្រឹម​មួយ​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ស្ថាប័ន​នេះ​ផ្សាយ​រូប​ត្លុក​មេដឹកនាំ​កំពូល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ប៉ុន្តែ​តាម​ការសន្និដ្ឋាន​ការវាយប្រហារ​ជា​គម្រោង​ដែល​រៀបចំឡើង​យូរ​មកហើយ​ដោយ​ក្រុម​ភេរវជន ហើយ​រូប​ត្លុក​ជាដើម​ហេតុ​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរ​ជន។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​របស់លោក ជាវ សំណាង ទាក់ទិន​នឹង​បញ្ហា​នេះ៖



១. សំណួរ៖ ក្រោយ​ការវាយប្រហារ​លើ​ការិយាល័យ​ទស្សនា​វ​ដ្តី​បារាំង​កាលពី​ម្សិលមិញ កងកម្លាំង​ប្រឆាំង​ភេរវកម្ម​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ​ទាំងនោះ។ តើ​មកទល់ពេលនេះ​ប្រតិ​ប​តិ្ត​ការ​ប្រមាញ់​ជនសង្ស័យ​ទាំងនោះ​ដល់​ណា​ហើយ​បាទ?

១.ចម្លើយ៖ ទាក់ទិន​នឹង​ព័ត៌មាន​នៃ​ការតាមប្រមាញ់​ក្រុម​ជនសង្ស័យ​ទាំងបី​នាក់ កាលពី​ព្រឹក​មិញ​នៅក្នុង​ភាព​ចម្រូង​ចម្រាង​នៅឡើយ ដោយមាន​ព័ត៌មាន​ខ្លះ​អះអាងថា ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ម្នាក់​ផ្សេងទៀត​នេះនោះ​ស្លាប់បាត់​បង់ជីវិត ខ្លះ​អះអាងថា​ជនសង្ស័យ​ម្នាក់​ចុះចូល​ជាមួយ​ប៉ូលីស ហើយពីរ​នាក់​កំពុងស្ថិត​ក្រោម​ការចាប់​ខ្លួន។  ប៉ុន្តែ​អាជ្ញាធរ​បារាំង​មិនបាន​ទទួលស្គាល់​ពី​ព័ត៌មាន​ដែលថា​ជនសង្ស័យ​ត្រូវបាន​សម្លាប់​ឡើយ។ បើតាម​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន ផ្តល់​ដោយ​អ្នកនាំពាក្យ​រដ្ឋអាជ្ញា​បារាំង ជនសង្ស័យ​ម្នាក់​វ័យក្មេង​ជាងគេ​បាន​ចុះចូល​អោយ​ប៉ូលីស​ចាប់ខ្លួន ខណៈពេល​ជនសង្ស័យ​ជា​បងប្អូន​ពីរ​នាក់​ទៀត​នោះ​កំពុង​ស្ថិតក្រោម​ការចាប់​ខ្លួន​នៅឡើយ។ ចំណែក​នាយករដ្ឋមន្ត្រី​បារាំង​លោក Manuel Valls បាន​បញ្ជាក់ថា​មកទល់​ថ្ងៃនេះ ប៉ូលីស​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងហោចណាស់ ៧នាក់​ដែល​គេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វាយប្រហារ​នេះ​ផងដែរ។ គេ​កំពុង​បន្ត​រងចាំ​មើលថា តើ​អ្នកជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​ដ៏​ព្រៃផ្សៃ​នេះ។

២.សំណួរ៖
និស្ស័យ ខ្ញុំ​នៅ​មិនដឹង​ច្បាស់​នៅឡើយ​ពី​អត្តសញ្ញាណ​ជនសង្ស័យសំខាន់ៗទាំងបី​នាក់​នោះ។ សូម​និស្ស័យ​ជួយ​រៀបរាប់​បន្តិច​បានទេ​បា​ទ?

២.ចម្លើយ៖ បាទ ជនសង្ស័យ​ទាំងបី​នាក់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​អស់ហើយ។ជនសង្ស័យ​ពីរ​នាក់​ជា​បងប្អូន​ជាមួយគ្នា​មាន​វ័យ ៣២ឆ្នាំ និង ៣៤ឆ្នាំ ក្នុងនោះ​មាន​ម្នាក់​ធ្លា​ប់រង​ការកាត់ទោស​ដោយសារ​ជាប់​បណ្តាញ​ក្រុម​សកម្មប្រយុទ្ធ​ដែល​បញ្ជូន​កម្លាំងប្រដាប់អាវុធ​ទៅធ្វើ​សង្គ្រាម​ជី​ហាត​នៅ​អ៊ីរ៉ាក់។ ជនសង្ស័យ​ទាំងពីរ​សុទ្ធតែ​កើត​នៅក្នុង​ក្រុងប៉ារីស ។ ជនសង្ស័យ​ម្នាក់ទៀត​មាន​ម្នាក់​វ័យក្មេង​ជាងគេ​អាយុ​ទើបតែ ១៨ឆ្នាំ​ប៉ុណ្ណោះ​មាន​ឈ្មោះថា Mourad Hamyd ហើយ​ជននេះ​បាន​ចុះ​ចូលទៅ​ប៉ុស្តិ៍ប៉ូលីស ប៉ុន្តែ​គេ​មិនបាន​បញ្ជាក់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​ជននេះ​និង​បងប្អូន​ពីរ​នាក់​ដែល​កំពុងស្ថិត​ក្រោម​ការ​ចាប់ខ្លួន​ឡើយ។ គេ​សង្ស័យថា​ជន​ទាំងបី​នាក់​ជាប់​ពាក់ព័ន្ធ ឬ​ជា​បណ្តាញ​ក្រុម​ភេរ​ជន​អាល់​កៃ​ដា យេ​ម៉ែន​ផងដែរ ប៉ុន្តែ​ការស៊ើបអង្កេត​កំពុង​បន្ត​ទៅមុខ​ដើម្បី​រក​ការពិត។

៣.សំណួរ៖ និស្ស័យ គេ​សន្និដ្ឋានថា​ការវាយប្រហារ​លើ​អ្នកសារព័ត៌មាន​បារាំង​ជា​ចលនា​ភេរវកម្ម ហើយ​មុន​មានការ​វាយប្រហារ​នេះ ស្ថាប័ន​នោះ​ក៏​បង្ហោះ​រូប​ត្លុក​ដែល​ប្រមាថ​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ថែមទៀត​ផង។ តើ​និស្ស័យ​យល់ថា ក្រុម​រដ្ឋ​ឥស្លាម​ជា​អ្នក​នៅ​ពីក្រោយ​ករណីនេះ​ឬ​យ៉ាងណា​ទៅ​បាទ?

ចម្លើយ៖ បើ​និយាយ​ជារួម​គេ​អាចនិយាយបាន​ថា​ជា​ចលនា​របស់​ក្រុម​ភេរវជន​ប្រាកដ​ណាស់ ប៉ុន្តែ​បើ​និយាយថា​ជា​ទង្វើ​របស់​ក្រុម​ណាមួយ​វា​ជា​រឿង​ពិបាក​សន្និដ្ឋាន។វា​ពិតជា​មានរឿង​ដូច្នេះ​មែន ទស្សនា​វ​ដ្តី Charlie Hebdoបាន​គូរ​និង​បោះ​ពុ​ម្ភ​ផ្សាយ​រូប​ត្លុក​ទាក់ទិន​នឹង​រឿង​ច​ម្រូ​ស​ចម្រាស​ច្រើន​ជាច្រើន​ផ្នែក​សាសនា នយោបាយ និង​សង្គម​ជាច្រើន ជាពិសេស​ទាក់ទង​នឹង​មេដឹកនាំ​ន​យោ​បា​ផងដែរ។  មុន​មាន​ករណី​វាយប្រហារ ស្ថាប័ន​ទស្សនា​វ​ដ្តី​រូប​ត្លុក​នេះ​បាន​បោះ​ពុ​ម្ភ​រូប​ត្លុក​ជាច្រើន​ទាក់ទង​នឹង​ការរិះគន់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ហើយ​មួយ​ម៉ោង​មុន​ការវាយប្រហារ​គេ​ឃើញ​មាន​រូប​ត្លុក​ចម្អក​អោយ​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម Abu Bakr al-Badaghdi ថែម​ទៀតផង។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ក្រុម​ភេរវជន​បានរៀបចំ​គម្រោង​យូរហើយ​មុន​វាយប្រហារ ហើយ​ស្ថាប័ន​ទស្សនា​វ​ដ្តី​នេះ​ក៏​ជា​មុខសញ្ញា​នៃ​ក្រុម​ភេរវជន​យូរ​មកហើយ​ដែរ។ គួរបញ្ជាក់​បន្តិច​ថា កាលពី​ឆ្នាំ ២០១១ ស្ថាប័ន​នេះ​ធ្លាប់​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ក្រោយ​ពេលដែល ក្រោយ​ទស្សនា​វ​ដ្តី​នេះ​បោះ​ពុ​ម្ភ​ផ្សាយ​រូប​ថ្លុក​ចម្អក​អោយ​មេដឹកនាំ​សាស​ឥស្លាម Muhammad។ បើទោះជា​មានការ​គំរាមកំហែង​ច្រើនដង​ក៏ដោយ ក៏​ស្ថាប័ន​នេះ​មិនបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ដែរ រហូតដល់​មានការ​វាយប្រហារ​ដូច្នេះ។

៤.សំណួរ៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ និស្ស័យ ក្រោយ​ករណី​វាយប្រហារ មេដឹកនាំ​ពិភពលោក​ជាច្រើន បានបង្ហាញ​ការតក់ស្លុត និង​ថ្កោលទោស​ក្រុម​ភេរវជន​ទាំងនោះ​ផងដែរ។ តើ​មេដឹកនាំ​ទាំងនោះ​មាន​លើកឡើង​ពី​វិធានការ​ទប់ស្កាត់​ចលនា​ភេរវកម្ម​និង​សោកនាដកម្ម​នេះដែរ​ឬ​យ៉ាងណា  ?

៤.ចម្លើយ៖ កាល​ម្សិលមិញ​នេះ​គេ​ឃើញ​មាន​មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​ដែល​ចេញមុខ​ថ្កោលទោស​ក្រុម​ភេរវជន​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ ប៉ុន្តែ​គេ​មិនទាន់មាន​ការលើកឡើង​ពី​ការទប់ស្កាត់​និង​ប្រឆាំង​ក្រុម​ភេរ​ជន​ឡើយ។ ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រដ្ឋមន្ត្រីការបរទេស​អាមេរិក ច​ន ឃឺ​រី នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន និង​លោកស្រី​អធិការបតី​អាឡឺម៉ង់ អេ​ន​ជេ​ឡា​មឺ​ហ្កែ​ល បាន​សម្តែង​ការសោកស្តាយ​និង​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​រដ្ឋាភិបាល​បារាំង​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់។ ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ពួកគេ​បានប្រកាស​ផ្តល់ជំនួយ​ដល់​សម្ព័ន្ធមិត្ត​ខ្លួន​បារាំង​បើ​ចាំបាច់  ហើយ​អធិការបតី​អាឡឺម៉ង់​បានស្នើ​អោយមាន​ការសហកា​រ​គ្នា​រវាង​ប្រទេស​នៅ​អឺរ៉ុប និង​បណ្តា​មិត្ត​ផ្សេងទៀត​ដោះស្រាយ​និង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន។ ដោយឡែក​បណ្តា​មេដឹកនាំ​ប្រទេស​ឥស្លាម​ក៏​ចេញមុខ​ថ្កោលទោស​ករណី​វាយប្រហារ​នេះ​ផងដែរ។ ពួកគេ​ប្រកាស​ចូលរួម​គ្នា​ដើម្បី​ប្រឆាំង​ក្រុម​ឥស្លាម​ជ្រុលនិយម​ផងដែរ។ 



© រក្សាសិទ្ធិដោយ thmeythmey.com