អន្តរជាតិ
៣នាក់ស្លាប់និងជាង១០០នាក់រងរបួសដោយភ្លើងឆេះអាគារនៅកូរ៉េខាងត្បូង
10, Jan 2015 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
 មនុស្សយ៉ាង្​ហោច​ណាស់​៣នាក់​ស្លាប់​និងជាង​១០០នាក់​រង​របួស​នៅក្នុងឧបទ្ទ​វហេតុ​ភ្លើង​ឆេះ​អាគារមួយកន្លែង​នៅក្នុងប្រទេស​កូរ៉េខាង​ត្បូង។ នេះ​បើយោង​តាម​សារ​ព័ត៌មាន Channel News Asia ។ 


មនុស្ស​បីនាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និងមនុស្សច្រើន​ជាង​ ១០០នាក់​ផ្សេងទៀត​បាន​រង​របួស​ដោយសារ​ករណី​ភ្លើង​ឆេះអាគារផ្ទះ​ល្វែង​នៅភាគខាងជើង​ទីក្រុង​សេអ៊ូលប្រទេសកូរ៉េខាងត្បូង​នៅថ្ងៃ​សៅរ៍នេះ។  ក្រោយ​ឧបទ្ទវហេតុកើត​ឡើង​ ក្រុមពន្លត់អគ្គីសភ័យកំពុង​ស្វះស្វែង​ជួយពន្លត់ភ្លើងនិងជួយ​សង្រ្គោះមនុស្ស​ដែលស្ថិត​នៅលើអាគារ​ ចំណែកចំនួន​មនុស្ស​ស្លាប់ឬ​របួស​ជាក់លាក់មានការ​កើន​ឡើងយ៉ាងណា​នោះ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

បើតាម​ការ​អោយ​ដឹង​ពី​សំណាក់​មន្ត្រី​ពន្លត់​អគ្គីភ័យចំនួនអ្នកស្លាប់អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅក្នុងករណីភ្លើង​ឆេះ​​អាគារ​ផ្ទះល្វែង​នៅ​ក្នុង​ទីក្រុង​ Enijeongbu ដោយសារតែ​ចំនួន​អ្នករង​របួស​ប្រហែល​៧នាក់​ផ្សេង​ទៀត​នោះ​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរផងដែរ​។ ​បើតាម​ចៅហ្វាយ​ក្រុង​ផ្ទាល់​ ចំនួន​មនុស្ស​សរុបនៅ​ក្នុង​ផ្ទះ​ល្វែង​កម្ពស់១០​ជាន់​នោះ​មាន​រហូត​ដល់​ ១៧៥​នាក់​ឯណោះ​។

ដោយ​ឡែក​ទាក់ទិន​មូល​ហេតុ​ដែល​បណ្តាល​អោយ​ភ្លើង​ឆេះ​នោះ​គេ​មិន​បាន​ដឹង​ច្បាស់​ដូចគ្នា​ដែរ​ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​ ភ្លើង​ចាប់​ផ្តើម​ឆេះ​ពី​ជាន់ផ្ទាល់​ដីដោយ​ឆេះប្រអប់​សំបុត្រ​មួយ​ ហើយ​វា​ក៏​បន្ត​ឆេះរាល​រហ័ស​ដល់ជាន់លើ​ថែម​ទៀត​។ យ៉ាងណាក៏ដោយ​គេ​ជឿថា​ភ្លើង​ឆេះ​អាគា​រ​ជាករណី​លួចដុត​ដែល​មាន​ជន​ដែល​មាន​ចេតនា​អាក្រក់​ជាអ្នក​ប្រ​ព្រឹត្ត​អំពើ​នេះ​។ ចំណែក​បញ្ហា​មួយ​ទៀត​នោះ​គឺ​អាជ្ញាធរ​មិន​អាច​ជួយ​ជម្លៀស​ប្រជាជន​រស់​នៅលើ​អាគារ​បាន​រហ័ស​ឡើយ​ព្រោះ​តែ​ច្រក​ចេញខាងមុខ​​ពេញ​ដោយ​អណ្តាត​ភ្លើង​និងផ្សែងថែមទៀតផង​។​​ប្រជាជន​ដែលភ័យ​ស្លន់ស្លោរ​ដោយសារ​អគ្គិភ័យនេះ​ក៏​មិន​អាច​ចេញ​រួចតាម​ច្រកខាង​មុខ​នេះ​ដែរ។​
 
ឥឡូវ​នេះ គេ​ឃើញ​ឡាន​ទឹក​ចំនួន ២៥គ្រឿង​ ឧទ្ធម្ភាគចក្រប្រហែល ៤គ្រឿង និងកងកម្លាំងពន្លត់អគ្គីភ័យប្រហែល១៤៥នាក់​ផងដែរ ត្រូវបាន​គេ​ពង្រាយ​ដើម្បីជួយពន្លត់​អគ្គិភ័យដ៏សាហាវនេះផងដែរ។ ប៉ូលីសរំពឹង​ថា​ក្រុមពន្លត់​អគ្គិភ័យជាច្រើ​ននាក់​នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ករណីភ្លើងឆេះ​នេះ​មិនអោយ​ឆេះកាន់​តែខ្លាំង​ឡើង។ គេ​នឹង​បន្ត​ស៊ើប​អង្កេត​រក​មូលហេតុ​ជាក់​លាក់ដែល​បង្ក​អោយមាន​ភ្លើង​ឆេះ​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com