ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
បុរស​ខ្មែរ​ពិបាកចិត្ត​ពេល​ទិញ​ស្រោម
19, Jul 2015 , 1:18 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បញ្ហា​ចំបង​មួយ​របស់​បុរស​ដែល​ត្រូវការ​សេវា​ផ្លូវភេទ​ក្រៅ​ផ្ទះ គឺ​ការរក​ទិញ​ស្រោមអនាម័យ ឬ​អាវ​ភ្លៀង។ បុរស​ភាគច្រើន​នៅតែ​អៀន​ខា្ម​ស​នៅឡើយ បើទោះជា​ស្រោមអនាម័យ​ត្រូវបាន​ដាក់លក់​យ៉ាង​បើកចំហរ នៅតាម​ទីសាធារណៈ នៅតាម​ហាង​នានា​នៅតាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ផ្សារ​ទំនើប​ជាដើម។ ដើម្បី​គ្រាន់តែ​ទិញ​ស្រោមអនាម័យ ក្រុមបុរសៗ ត្រូវមាន​តិច​និកផ្សេងៗគ្នា។



ពេល​ព្រលប់​ម៉ោង​ប្រមាណ​ជា៦ល្ងាច យុវជន​បញ្ញា ក្នុង​វ័យ​ប្រមាណ២៥ឆ្នាំ មាន​ពាក់​ម៉ាស​បិទមុខ​ជិត​ផង​នោះ បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ទៅ​ឈប់​ក្បែរ​ឱសថស្ថាន​មួយ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ២ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​អូឡាំពិក។ ឈប់​ម៉ូតូ​នៅ​មួយកន្លែង បញ្ញា​នៅ​អង្គុយ​លើ​ម៉ូតូ ហើយ​ធ្វើ​ហាក់ដូចជា​រង់ចាំ​អ្នកណាម្នាក់ តែ​ដៀង​ភ្នែក​ចូលទៅក្នុង​ឱសថស្ថាន​ញឹកញាប់។ តាមពិត បញ្ញា​កំពុង​ចង់​ទិញ​ស្រោមអនាម័យ។ តែ​យ៉ាងណា​យុវជន​ម្នាក់នេះ​មិនទាន់​សម្រេច​ចិត​ចូល​ទិញភ្លាមៗ ឡើយ គឺ​គេ​នៅ​រង់ចាំ​រហូតដល់​អតិ​ថិ​ជន​ចេញ​អស់ពី​ឱសថស្ថាន​ទើប​ចូល​ទិញ។

ស្រដៀង​នឹង​លោក បញ្ញា​ដែរ យុវជន ដា​រ៉ូ អាយុ២៨ឆ្នាំ ក៏​ធ្លាប់មាន​អនុស្សាវរីយ៍​ជាមួយនឹង​ស្រោម អនាម័យ​មួយ​ប្រអប់​ដូចគ្នា​ដែរ។ ដា​រ៉ូ​ដែល​អៀន​មិន​ហ៊ាន​ចូល​ទិញ​ស្រោមអនាម័យ​ដោយ​បើកចំហ​នោះ បាន​រៀបរាប់ថា ប៉ុន្មាន​ថ្ងៃមុន គ្រាន់តែ​ត្រូវការ​ស្រោម​មួយ​ប្រអប់ លោក​ត្រូវ​ជិះ​ម៉ូតូ​ក្រឡឹង​ចុះ ឡើង២ ទៅ៣ជុំ ក្បែរ​ឱសថស្ថាន​មួយកន្លែង​នៅ​ម្តុំ​ផ្សារ​ចាស់ ដើម្បី​រង់ចាំ​មើល​ឱកាសល្អ​នៅពេល ដែល​គ្មាន​អតិថិជន។ នៅពេល​ចូលទៅ​ដល់​កន្លែង​លក់​ភ្លាម ខណៈពេល​កំពុង​ឈរ​នៅ​ចំពោះមុខ​នារី​លក់​ថ្នាំពេទ្យ​ដែលមាន​វ័យ​ស្របាល​គ្នា លោក ដា​រ៉ូ និយាយ​ទាំង​អៀនប្រៀន​មិនសូវ​ហ៊ាន​មើល មុខ​នារី​អ្នកលក់​ថ្នាំពេទ្យ​ឡើយ។ មាន​ពាក់មួក​សុ​វត្តិភាព​ជាប់​នឹង​ក្បាល​ផងដែរ​នោះ ដា​រ៉ូ បាន​និយាយ​ទៅកាន់​អ្នកលក់​ថា៖«ខ្ញុំ​ត្រូវការ​ប្រដាប់​ការពារ​មួយកញ្ចប់។ ហើយ​ជួយ​ច្រក​ស្បោង​ខ្មៅ​អោយ​ខ្ញុំ​មួយ​ផង...»។ ក្រោយពេល​ទទួលបាន​ស្រោមអនាម័យ​ហើយ ដា​រ៉ូ ប្រញាប់​ចាកចេញ​ទាំង​មិនបាន​លា​អ្នក​គ្រូពេទ្យ​វ័យក្មេង​មួយ​ម៉ាត់​នោះឡើយ។

អ្នកខ្លះ​ទិញ​ស្រោមអនាម័យ​នៅតាម​ឱសថស្ថាន អ្នកខ្លះ​ទៀត​ទិញ​នៅតាម​ផ្សារ(ម៉ា​ត) ផងដែរ។ នៅតាម​ផ្សារ​ប្រភេទ​នេះ បុរស​អ្នកត្រូវការ​ស្រោមអនាម័យ​អាចមាន​ពេល​ច្រើន​ក្នុងការ​ពង្វាង​ដាន​ពី អ្នក​នៅ​ជុំវិញ។ នេះ​គឺជា​ករណី​របស់លោក សុវណ្ណ។ លោក សុវណ្ណ ដើរចូល​ក្នុង​ម៉ា​ត​មួយ ហើយ​លោក​ដើរ​សំដៅ​ទៅរក​ធ្នើរ​ទំនិញផ្សេងៗ ទីបំផុត​លោក សុវណ្ណ រកបាន​ស្ក​កៅស៊ូ​មួយ​ដុំ មុននឹង​ឈោង​យក​ស្រោមអនាម័យ។

បុរសៗភាគច្រើន​នៅតែ​ខ្មាសអៀន​ក្នុង​ការទិញ​ស្រោមអនាម័យ។ កញ្ញា ធីតា ជា​អ្នក​គិតលុយ​នៅ​ហាង​ម៉ា​ត​មួយកន្លែង​នៅក្បែរ​ផ្សារ​ទួល​ទំពូង​គឺជា​សាក្សី។ យុវតី​រូបនេះ ដែល​ពីដំបូង​ឡើយ​ក៏មាន​អារម្មណ៍​ខ្មាសអៀន​ខ្លាំង នៅពេល​អ​ថិ​ជនបុរសៗទិញ​ស្រោមអនាម័យ​នោះ បាន​រៀបរាប់ថា រហូត ដល់ពេលនេះ កញ្ញា​បាន​ស៊ាំ​នឹង​ទិដ្ឋភាព​ទាំងនេះ​ទៅហើយ ប៉ុន្តែ​កញ្ញា​សង្កេតឃើញថា នៅមាន​បុរស​ភាគច្រើន​នៅ​ខ្មាសអៀន​នៅឡើយ​នៅពេលដែល​ពួកគេ​ចង់​ទិញ​ស្រោមអនាម័យ​នោះ។ ធីតា​វ័យ​ជាង២០ឆ្នាំ​បាន​ពិពណ៌នា​ពី​ទិដ្ឋភាព​នៅពេលដែលបុរសៗចូល​ទិញ​ស្រោមអនាម័យ​ថា៖«ខ្ញុំ​កម្រ​ឃើញ​ពួកគាត់(បុរស) ដែល​ចង់​ទិញ​ស្រោមអនាម័យ​នេះ ដើរ​មករក​ស្រោមអនាម័យ​ណាស់ ។ ពួកគាត់​ច្រើនតែ​ធ្វើជា​ទិញ​អ្វីមួយ​សិន ដូចជា​ទឹកក្រូច ស្ករ​កៅស៊ូ ឬ​នំ​បន្តិចបន្តួច បន្ទាប់មក​ទើប មក​យក​ស្រោមអនាម័យ​ពេល​ក្រោយ»។ ជាធម្មតា នៅតាម​ហាង​ទំនើប ស្រោមអនាម័យ​ត្រូវបាន​គេ​ដាក់លក់​នៅក្បែរ​អ្នក​គិតលុយ។

ចំពោះ​បុរស​ខ្លះទៀត ប្រសិនបើ​អ្នក​គិតលុយ​នៅតាម​ហាង​ម៉ា​ត​ជា​នារី​យ៉ាង​ដូច្នេះ ពួកគេ​នឹងមិន​ទិញ​ស្រោមអនាម័យ​ដាច់ខាត។ គឺ​លុះត្រាតែ​អ្នក​គិតលុយ​ជា​បុរស​ដូចគ្នា​ទើប​ពួកគេ​ហ៊ាន​ចូល ទិញ ដោយសារតែ​គេ​គិតថា ទល់មុខ​បុរស​ដូចគ្នា ពួកគេ​មាន​អារម្មណ៍​ខ្មាស​តិចជាង​អ្នក​គិតលុយ​ជានា​រី។

តូប​លក់​ស្រោមអនាម័យ​តាម​ដងផ្លូវ​នៅតែ​ត្រូវប៉ាន់…

ជិត២០ឆ្នាំ​មកនេះ គេ​ឃើញ​មានការ​លក់ដូរ​ស្រោមអនាម័យ​នៅតាម​ចិញ្ចើមផ្លូវ​នៅតែ​ច្រើន​ដដែល ។ មូលហេតុ​មួយ ដែល​ធ្វើអោយ​អាជីវកម្ម​ខ្នាតតូច​មួយ​នេះ​នៅមាន​ដំណើរ​ការល្អ​នោះ គឺជា​បច្ច័យ​នៃ​ការ​ខ្មាសអៀន​នៃបុរសៗខ្មែរ​នេះឯង។ ប្រសិនបើ​ពួកគេ​មិន​ចង់​ចូល​ទិញ​ស្រោមអនាម័យ​នៅ តាម​ឱសថស្ថាន និង​នៅតាម​ហាង​ម៉ា​ត ដោយសារតែ​ខ្មាស និង​ខ្លាច​ជួប​មនុស្ស​ច្រើន​នោះ គឺ​ពួកគេ​ចូលចិត្ត​ទិញ​ស្រោមអនាម័យ​នៅតាម​ចិញ្ចើមផ្លូវ ដែលមាន​លក់​រហូតដល់​យប់​ជ្រៅ​ទៀតផង។

 លោក ធី​ណា អ្នកលក់​ស្រោមអនាម័យ ដែល​ដាក់​នៅក្នុង​កេះ​ឈើ​មួយ ដាក់​ដំកល់​នៅលើ​កៅអី នៅក្បែរ​ស្តា​ត​ចាស់​បាន​រៀបរាប់​អោយដឹងថា លោក​នៅតែ​លក់​ស្រោមអនាម័យ​បាន​ច្រើន​ក្នុង​មួយ ថ្ងៃ។ អ្នកលក់​ម្នាក់​ទទួលស្គាល់​ថា បុរស​ខ្មែរ​នៅ​អៀន​ច្រើន ហើយ​ការដែល​ពួកគេ​មក​ទិញ​ស្រោម អនាម័យ​នៅតាម​តូបតូចៗយ៉ាង​ដូច្នេះ​ពីព្រោះ មាន​បុរស​ខ្លះ​ពួកគាត់​ត្រូវការ​លើសពី​ស្រោម​អ​នា ម័​យ។ លោក ធី​ណា លំអិត​អោយដឹងថា៖«អ្នកខ្លះ ពួកគាត់ចាស់ៗ គាត់​ត្រូវ​ការប្រើ​ថ្នាំ​ជំនួយ។ អ្នកខ្លះ​គាត់​ត្រូវការ​សួរ​យើង​អំពី​ផលិតផល​មួយចំនួន។ និយាយ​រួម ពួកគាត់​ត្រូវការ​សួរ​ព័ត៌មាន​មួយចំនួន​ទាក់ទង​នឹង​ប្រភេទ​ស្រោម  ដូច្នេះ​មានតែ​មករក​ពួក​ខ្ញុំ​ចឹ​ង ទើប​គាត់​បាន​និយាយ​ច្រើន សួរ​បាន​ច្រើន។ បើ​ទៅ​ទិញ​តាម​ហាង ពួកគាត់​មិន​ហ៊ាន​សួរ​ច្រើន ហើយ​អ្នកលក់​នៅ​ទីនោះ​ក៏​មិនដឹង​អ្វី​ច្រើន​ដែរ»។

បុរស​ខ្លះ​បាន​ព្រួយបារម្ភ​អំពី​គុណភាព​នៃ​ស្រោមអនាម័យ​ដែល​គេ​ដាក់លក់​តាម​ចិញ្ចើមថ្នល់​យ៉ាង​ដូច្នេះ ដោយសារតែ​វា​ត្រូវ​កំដៅថ្ងៃ និង​ត្រូវបាន​ទុកដាក់​មិន​សមរម្យ​គ្មាន​សុវត្ថិភាព។ ប៉ុន្តែ​បើតាម​ការបញ្ជាក់​ពី​សំណាក់​អ្នកលក់​ស្រោមអនាម័យ​នៅតាម​ចិញ្ចើមថ្នល់ ពួកគេ​បាន​រក្សាទុក​ផលិតផល «អាវ​ភ្លៀង»នេះ បាន​យ៉ាង​ល្អ​នៅក្នុង​កាបូប ដែល​ទុក​ក្នុង​ម្លប់ គឺ​មិនមែន​ដាក់​តាំងនៅ​កណ្តាលវាល ដែល​សុទ្ធសឹងតែ​ជា​សំបក​ដូច​គេ​បានឃើញ​នោះទេ។

បើទោះជា​ត្រូវ​ខ្មាសអៀន និង​លំបាក​ក្នុងការ​ស្វែងរក​ទិញ​ស្រោមអនាម័យ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ចំនួន​នៃ​ការទិញ​ស្រោមអនាម័យ​ទំនងជា​មិនបាន​ធ្លាក់ចុះ​ឡើយ។ ព្រោះ​វា​ជា​តម្រូវការ។ អ្នកជំនាញ​មួយចំនួន​ធ្លាប់បាន​អំពាវនាវ​អោយមាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត នៃ​ការ​អៀនប្រៀន​នេះ​របស់​បុរស​ដែរ ដើម្បី​ជំរុញអោយមាន​ការប្រើប្រាស់​ស្រោមអនាម័យ​អោយបាន ១០០ភាគរយ។ ហើយ​ថា ការផ្លាស់ប្តូរ​មួយ​ដែល​អាចមាន​ប្រសិទ្ធភាព​នោះ គឺ​ការយល់ឃើញ​របស់​ស្ត្រី ថា​បុរស​មាន​ស្រោមអនាម័យ​គឺជា​រឿង​ធម្មតា​មួយ៕



© រក្សាសិទ្ធិដោយ thmeythmey.com