អន្តរជាតិ
អាល់​កៃ​ដា​យេ​ម៉ែន​ទទួលខុសត្រូវ​ការវាយប្រហា​រ​នៅ​បារាំង​ដោយ​ចាត់ទុក​ជាការ​សងសឹក
10, Jan 2015 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ភេរវជន​អាល់​កៃ​ដា​យេ​ម៉ែន​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅក្នុង​ទស្សនា​វ​ដ្តី Charlie Hebdoនៅ​ប្រទេស​បារាំង ហើយ​អះអាងថា​វា​ជាការ​សងសឹក​មួយ។ ពួកគេ​អះអាងថា​គេ​ចង់​សង​សង​បារាំង​ដែល​ហ៊ាន​ប្រមាថ​ព្យា​ការី​សាសនា Mohammad ដ៏​ខ្ពង់ខ្ពស់​របស់​ពួកគេ​កន្លងមកនេះ។


រាយការណ៍​ព័ត៌មាន​ដោយ លោក រឿន ភា​រុន



ក្រោយ​មាន​ករណី​វាយប្រហារ​ទស្សនា​វ​ដ្តី​បារាំង Charlie Hebdo ក្រុម​ភេរវជន​អាល់​កៃ​ដា នៅក្នុង​ប្រទេស​យេ​ម៉ែន​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះ ដោយ​អះអាងថា វា​ជា​ការសង​សង​ប្រជាជន​បារាំង។ នៅក្នុង​អត្ថបទ​ដែល​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AP គេ​មើលថា ក្រុម​ភេរវជន​អាល់​កៃ​ដា​យេ​ម៉ែន​នោះបាន​ប្រកាសថា ពួកគេ​ចង់​សងសឹក​បារាំង​ដែល​ហ៊ាន​ប្រមាថ​មាក់ងាយ​មេដឹកនាំ​សាសនា ឬ​ព្យា​ការី Mohammad កន្លងមកនេះ។

នៅក្នុង​ខ្សែអាត់​វីដេអូ​មួយ ដែល​បង្ហោះ​ក្រោយ​ការវាយប្រហារ​នៅ​បារាំង​របស់​មេដឹកនាំ​ក្រុម អាល់​កា​ដា​នៅ​ឧ​ទ្វីប​អារ៉ាប់ គេ​ឃើញ​មេ​ដឹក​ក្រុម​អាល់​កៃ​ដា​Sheikh Hareth al-Nadhari បាន​អះអាងថា សោកនាដកម្ម​នៅ​បារី​ស​ជា​លទ្ធផល​នៃ​ការប្រមាថ​មាក់ងាយ​មេដឹកនាំ សាសនា ហើយ​មេដឹកនាំ​ក្រុម​ភេរវជន​ខាងលើ​បាន​សាទរ​ចំពោះ​ភាពក្លាហាន របស់​ក្រុម​ភេរវជន​នៅ​បារាំង​ដោយ​ហៅ​ពួកគេ​ថា​ទាហាន​នៃ​ព្រះ​ផងដែរ។

យ៉ាងណាក៏ដោយ ពួកគេ​បានបញ្ជាក់​ទៀតថា គោលដៅ​នៃ​ការវាយប្រហារ​មិនមែន​តែ​ទៅលើ​ទស្សនា​វ​ដ្តី​ឡើយ ប៉ុន្តែ​ប្រទេស​បារាំង​និង​ប្រជាជន​បារាំង​ជាទូទៅ ព្រោះ​បារាំង​នេះ​ក៏​ចូលរួម​យ៉ាងសកម្ម ផងដែរ​ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង​ឥស្លាម និង​ធ្វើទុក្ខបុកម្នេញ​លើ​ប្រទេស​និង​ប្រជាជន​ប្រកាន់ សាសនា​ឥស្លាម​ផ្សេងទៀត។

ក្រុម​ភេរវជន​អាល់​កាល់​ដា​ខាងលើ មិន​ត្រឹមតែ​លើកឡើង​ពី​ការវាយប្រហារ​សងសឹក​បារាំង ដែល​ហ៊ាន​ប្រមាថ​មេដឹកនាំ​សាសនា​របស់ខ្លួន​ឡើយ ពួកគេ​បាន​ព្រមាន​ជាស្រេច​ចំពោះ រាល់​បណ្តា​ប្រទេស​ដែល​សកម្ម​ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង​ភេរវកម្ម​មានដូចជា​អាមេរិក អង់គ្លេស​និង បារាំង​ផង​នោះ​អោយ​ប្រុងប្រយ័ត្ន​និង​ត្រៀមខ្លួន​អោយ​ស្រេច​រង់ចាំ​ទទួលលទ្ធផល ដែល​ពួកគេ​បានធ្វើ​ប្រឆាំង​ក្រុម​ឥស្លាម​នោះ។ មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​ផ្សេងទៀត​បាន​ផ្ញើរ សារ​ទៅកាន់​បណ្តា​ប្រទេស​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក ចំពោះ​លទ្ធផល ដែល​ពួកគេ​នឹង​ទទួលបាន​ដោយសារ​ការអនុវត្ត​គោលនយោបាយ​ឈ្លានពាន និង​គោលនយោបាយ​ប្រឆាំង​ក្រុម​ភេរវជន​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ។

គេ​ឃើញ​មាន​សម្តី​មួយ​ឃ្លា​របស់​ក្រុម​អាល់​កៃ​ដា​ដោយ​បញ្ជាក់ថា៖«ប្រសិនបើ​ពួកអ្នកឯង​មិន ត្រួតពិនិត្យ​សេរីភាព​នៃ​ការបញ្ចេញ​ពាក្យ​ស្តី​របស់​អ្នក​នោះទេ អ្នក​គួរតែ​បើក​បេះដូង​របស់​អ្នក ទទួលយក​សកម្មភាព​របស់​ពួកយើង»។ ការវាយប្រហារ​នៅ​បារាំង​បន្តបន្ទាប់​គ្នា​នេះ​ជា សារ​មួយ​ទៅកាន់​បណ្តា​ប្រទេស​លោកខាងលិច ជាពិសេស​សហរដ្ឋអាមេរិក ដែល​មរ​មារ​ញឹក ខ្លាំង​ក្នុងការ​វាយប្រហារ​និង​ធ្វើសង្គ្រាម​ប្រឆាំង​ភេរវជន។ ពួកគេ​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រៀម លក្ខណៈ​សម្រាប់​ទប់ទល់​និង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​អោយបាន​នូវ​គ្រោះ​មហន្ត រាយ​និង​សោកនាដកម្ម​ផ្សេងទៀត​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com