អន្តរជាតិ
អូស្ត្រាលី៖ បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវជន
11, Jan 2015 , 5:37 pm        
រូបភាព
បុរស​ពីរ​នាក់​ត្រូវបាន​ប៉ូលីស​អូស្ត្រាលី​ចាប់ខ្លួន ដោយ​បុរស​ម្នាក់​ត្រូវបាន​ប៉ូលីស​រកឃើញថា​មាន​កាន់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។ ការចាប់ខ្លួន​មនុស្ស​ពីរ​នាក់​នៅ​អូស្ត្រាលី​នេះ​កើតមានឡើង​នៅពេលដែល​ប៉ូលីស​ចាប់ផ្តើម​បើក​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវជន​នៅក្នុង​ប្រទេស ដ្បិដ​ប្រជាជន​អូស្ត្រាលី​ច្រើន​នាក់​បាន​រត់​ឆ្លងដែន​ទៅធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់។


ប៉ូលីស​អូស្ត្រាលី​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ នៅក្នុង​ប្រតិបត្តិការ​តាម​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ភាគ​នារ​តី​ប្រទេស ក្នុងនោះ​ប៉ូលីស​បាន​ចាប់​បុរស​ម្នាក់​ដែល​កាន់​អាវុធ​ក្នុង​ដៃ​ដែល​មិនមាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។ ការឈាន​ទៅដល់​ការចាប់ខ្លួន​នេះដែរ​កើតឡើង​ក្រោយ​ពេលដែល​អាជ្ញាធរ​អូស្ត្រាលី​បើក​ការស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​នឹង​ជនជាតិ​អូស្ត្រាលី​ដែល​បាន​ជាប់​ពាក់ព័ន្ធ​និង​នៅ​ពីក្រោយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​កន្លងមកនេះ។

កាលពី​ថ្ងៃ​សុក្រ​មន្ត្រី​ប៉ូលីស​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងពេល​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះ​បួន​កន្លែង​នៅ​ភាគ​នារ​តី​ទីក្រុង​ស៊ីដនី ហើយ​ប៉ូលីស​បញ្ជាក់ថា​ការចាប់ខ្លួន​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត ប៉ុន្តែ​មិនមែន​បញ្ជាក់ថា​ជននេះ​ជា​សញ្ញា​ច្បាស់លាស់​នៃ​ក្រុម​ភេរវជន​ឡើយ។ ចំពោះ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ មាន​ម្នា​ក់មាន​វ័យ ២១ឆ្នាំ និង​ម្នាក់ទៀត​មាន​វ័យ ៣៣ឆ្នាំ ពួកគេ​សុទ្ធតែ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដូចគ្នា។ យ៉ាងណាក៏ដោយ​មិនមាន​សញ្ញា​ណាមួយ​បញ្ជាក់ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវជន​ឡើយ។

ដោយឡែក​ប៉ូលីស​បាន​លួច​បញ្ជាក់​បន្ថែមថា ការស៊ើបអង្កេត​នេះ​ធ្វើឡើង​អស់​ពេល​យូរហើយ ដែល​ការស៊ើបអង្កេត​នេះ​ធ្វើឡើង​ដោយមាន​ការសង្ស័យថា​មានការ​ផ្តល់ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ជម្លោះ​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់។ ប៉ុន្តែ​មិនមាន​ពាក់ព័ន្ធ​ករណី​ចាប់​ចំណាប់ខ្មាំង១៦ម៉ោង នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​កាលពី​ពាក់កណ្តាល​ខែធ្នូ​នោះឡើយ។

ការព្យាយាម​បោសសម្អាត​ក្រុម​ដែលមាន​ជាប់់​ពាក់ព័ន្ធ​ជាមួយ​ភេរវជន​រដ្ឋ​ឥស្លាម ជា​វិធានការ​មួយ​សំខាន់​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព បញ្ចៀស​អោយបាន​នូវ​គ្រោះថ្នាក់​និង​ការវាយប្រហារ​នានា។ រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​ប្រាប់អោយដឹង​ម្តង​ហើយ​ថា ជនជាតិ​អូស្ត្រាលី​យ៉ាងហោចណាស់៧០នាក់​កំពុងតែបន្ត​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​មកទល់ពេលនេះ​ពួកគេ​យ៉ាងហោចណាស់២០នាក់​បាន​ស្លាប់បាត់​បង់ជីវិត។

កាលពី​ឆ្នាំមុន​នេះដែរ សភា​អូស្ត្រាលី​បានអនុម័ត​ច្បាប់​ថ្មី​មួយ​ដោយ​កំណត់​យក​ការ​ឆ្លងទៅ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជា​បទឧក្រិដ្ឋ ហើយ​ពួកគេ​អាច​នឹង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ១០ឆ្នាំ​បើ​គេ​រង​ការចោទប្រកាន់​ពីបទ​ឆ្លងដែន​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភេរវជន​មែន​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com