ជាតិ
សង្គមជាតិ
ពលរដ្ឋ​ញាប់ដៃ​ធ្វើ​ត្រី​ប្រហុក អំឡុង​វ​ដូ​វ​ត្រី​កំពុង​ត្រូវ
11, Jan 2015 , 8:30 pm        
រូបភាព
ដោយ:
កំពង់ចាម៖ ប្រជាពលរដ្ឋ​ជាច្រើន​ជាពិសេស​នៅតាម​ទីជនបទ​កំពុង​មមាញឹក​ធ្វើ​ត្រី​ប្រហុក នៅក្នុង​អំឡុង​រដូវ​ត្រី​ត្រូវ និង​មាន​តម្លៃថោក។ អ្នកខ្លះ​ញាប់ដៃ​ធ្វើ​ប្រហុក អ្នកខ្លះ​ធ្វើ​ផ្អក អ្នក​ខ្លះទៀត​កំពុង​ញាប់ដៃ​ធ្វើ​ទឹកត្រី ដើម្បី​ត្រៀម​ទុក​ទទួលទាន​នៅពេល​ខ្សត់​ម្ហូបអាហារ ឬ​នៅពេល​ម្ហូបអាហារ​ឡើងថ្លៃ​ខ្ពស់។ 



ជាក់ស្តែង នៅពេល​គេ​ឈាន​ជើង​ចូលដល់​ក្នុងភូមិ​ប្រ​សំ ឃុំ​រអាង ស្រុក​កំពង់សៀម ដែលមាន​ចំងាយ​ប្រមាណ​ជា ៣គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ចាម​ភ្លាម គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នាំគ្នា​ញាប់ដៃ កាត់​ព្រុយ វះពោះត្រី​ជាក្រុមៗ ។ ជាមួយគ្នា​នោះ ក្លិន​ប្រហុក​ក៏​ចាប់ផ្តើម​ភាយ​ចេញពី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ។ បើ​គេ​សង្កេតមើល​នៅតាម​ផ្ទះបាយ​មួយចំនួន​វិញ គេ​ឃើញ មាន​ឆ្នាំងធំៗ កំពុង​ស្ងោរ​រម្ងាស់​ដើម្បី​ចំរាញ់​ធ្វើ​ទឹកត្រី។

អ្នកស្រី យ៉ា ជា​អ្នករស់នៅ​ក្នុងភូមិ​ប្រ​សំនេះ​បានឱ្យដឹងថា អ្នកស្រី​ធ្វើ​ត្រី​ប្រហុក​ចំនួន​បី​ថ្ងៃ​មកហើយ បាន​ប្រហុក ផ្អក ប្រមាណ​ជា ៥០គីឡូក្រាម និង​បាន​ចំរាញ់​ធ្វើ​ទឹកត្រី​បានជា​ច្រើន​លីត្រ​ផងដែរ។ អ្នកស្រី​ឱ្យដឹងទៀតថា​អ្នកស្រី​តែងតែ​ធ្វើ​វា​ជា​រៀងរាល់ឆ្នាំ។ នៅ​ឆ្នាំនេះ​ត្រី​ដែល​ឈ្មួញ​យកមក​លក់​ដល់​ភូមិ​តែ​ម្តងនោះ មានតម្លៃពី១៤០០រៀល ទៅ១៥០០រៀល​ក្នុង​មួយ​គី​ឡូក្រាម។

ងាក​មក​ស្តាប់​អ្នកស្រី ពៅ ដែល​រស់នៅ​ជាប់​របង​គ្នា ជាមួយ​អ្នកស្រី យ៉ា វិញ អ្នកស្រី​បានឱ្យដឹងថា ឆ្នាំនេះ​អ្នកស្រី​ធ្វើ​ប្រហុក​បាន​តិចជាង​ឆ្នាំមុន គឺ​បាន​ចំនួន៣០គីឡូក្រាម​ប៉ុណ្ណោះ ព្រោះ​ឆ្នាំនេះ​អ្នកស្រី​មិនសូវមាន​ប្រាក់។ អ្នកស្រី​ឱ្យដឹងទៀតថា ត្រី​ដែល​គេ​យកមក​លក់​ដល់ផ្ទះ​នេះ គឺ​នាំយក​មកពី​បណ្តា​ស្រុក​មួយចំនួន​ដែល​ជាប់​មាត់ទន្លេ ដូចជា​ស្រុក​ពាមជីកង​ក្នុងខេត្តកំពង់ចាមនេះជាដើម។ អ្នកស្រី​បន្ថែមថា រដូវ​ដែល​ត្រី​ចាប់ផ្តើម​ត្រូវ​ភាគច្រើន​គឺ​ចាប់ពី​ចន្លោះ​ខែវិច្ឆិការ ដល់​ខែមករា៕
































© រក្សាសិទ្ធិដោយ thmeythmey.com